ក្រៅពីអង្គរ ! យើងគួរនាំគ្នាទៅលេងនៅតាមទីបុរាណដ្ឋាននានាផ្សេងៗផង

ទីបុរាណដ្ឋាននានាក្រៅពីនៅក្នុងបរិមាណតំបន់អង្គរ គឺភាគច្រើនហាក់ត្រូវបានគេទុកចោលនៅកណ្តាលព្រៃដោយមិនសូវមានអ្នកចាប់អារម្មណ៍ទៅលេងឡើយ។
សព្វថ្ងៃនេះក្រៅពីប្រាសាទអង្គរវត្ត អង្គរធំ បាយ័ន បន្ទាយស្រី... កម្ពុជានៅមានប្រាសាទបុរាណជាច្រើនទៀតរាប់ពាន់ប្រាសាទ ប៉ុន្តែភាគច្រើនគឺនៅទីនោះហាក់សោះកក្រោះមិនសូវមានជីវិតជីវ៉ាឡើយ ហើយ កន្លែងខ្លះ មិនត្រឹមតែមិនថែរក្សានិងអភិរក្សទេ គឺមានទាំងសកម្មភាពអវិជ្ជមាន ដែលនាំឲ្យខូចឲ្យរិចរិលនូវបេតិកភ័ណ្ឌទាំងអស់នេះផងដែរ។
បា្រសាទបុរាណខ្មែរមានសឹងតែគ្រប់ខេត្តនៅក្នុងប្រទេស គ្រាន់តែនៅសៀមរាបមានច្រើនជាងគេ ហើយការអភិរក្សនិងការពារក៏ប្រសើ និងមានភាពគត់មត់ផងដែរ។ ក្រៅពីសៀមរាប គឺអាចមាននៅ បាត់ដំបង ព្រះវិហារ បន្ទាយមានជ័យ តាកែវ កំពត ជាដើម។
មិនបាច់ដល់ទីបុរាណដ្ឋានតូចៗទេ សូម្បីតែប្រាសាទបុរាណខ្លះដែលត្រូវបានចុះបញ្ជីជាសម្បត្តិបិតិកភ័ណ្ណពិភពលោកដូចជាប្រាសាទអង្គវត្តដែរនោះ ក៏មិនសូវមានអ្នកចាប់អារម្មណ៍ធ្វើដំណើរទេសចរណ៍កំសាន្តផងដែរ។
ប្រាសាទទាំងនោះមានដូចជាប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ នៅក្នុងខេត្តព្រះវិហារ ក៏ដូចជាប្រសាទសំបូរព្រៃគុកនៅក្នុងខេត្តកំពង់ធំ ក៏មិនសូវមានអ្នកដែលចាប់អារម្មណ៍ច្រើនដែរ ដូច្នេះហើយយើងគួរបង្កើតកម្មវិធីជាក្រុមការងារក្តី ជាគ្រួសារក្តី ជាមិត្តក្តីទៅកាន់រមណីដ្ឋានប្រវត្តិសាស្រ្តនិងវប្បធម៌ទាំងនោះផងដែរ។
ប្រាសាទធំៗទាំងនោះស្ងាត់ទៅហើយ ចុះទម្រាំប្រសាទតូចៗដែលខ្លះសឹងតែបាត់ដានគឺនៅសល់តែខឿន ខ្លះៗសំគាល់នោះវារឹតតែស្ងាត់ទៅទៀត។
បងប្អូនទោះតូចឬធំ ឲ្យតែជាប្រាសាទបុរណក៏នៅតែមានគុណតម្លៃផ្នែកវប្បធម៌និងប្រវត្តិសាស្រ្ត ហើយជាសក្ខីកម្មបញ្ជាក់អំពីខឿននៃអរិយធម៌ខ្មែរដ៏ផូរផង ដែលយើងទាំងអស់គ្នាមិនគួរតែមើលរំលងឬមើលស្រាលបានឡើយ។
ដើម្បីឲ្យប្រសាទនោះមានភាពទាក់ទាញ អាជ្ញាធរដែនដី សហគមន៍ ក៏ដូចជាប្រជាជននៅមូលដ្ឋាននោះគួរតែនាំគ្នាបោសសំអាត ដាំដើមឈើ និងការពារទុកជាសម្បត្តិរួមសម្រាប់បម្រើការគោរពបូជានៅក្នុងសហគមន៍។
ជាធម្មតាប្រសិនបើប្រាសាទទាំងនោះមិនមានការថែទាំងនិងរៀបចំត្រឹមត្រូវទេ ពលរដ្ឋផ្សេងៗមិនបានចាបអារម្មណ៍ដែរ ប៉ុន្តែប្រសិនបើមានការរៀបចំពួកគេអាចចាប់អារម្មណ៍ចូលមើល ចូលគោរពបូជា ចូលលេង កំសាន្ត ចូលថតរូបផ្សព្វផ្សាយជាដើម។
សរុបទៅសម្រាប់សហគមន៍និងអាជ្ញាធរមូលដ្ឋាន គួរតែនាំគ្នាបោសសំអាតរៀបចំការពារនៅគ្រប់ទីបុរាណដ្ឋានានានៅតាមមូលដ្ឋាន។ ក្រៅពីការការពារនិងអភិរក្សហើយនោះ ការរៀបចំទីកន្លែងទាំងនោះ ក៏ អាចឲ្យបងប្អូនប្រែក្លាយទីនោះទៅជាកន្លែងសម្រាប់សហគមន៍ ធ្វើពិធីនេះពិធីនោះ។ រីឯអ្នកដំណើរ អ្នកទេសចរនៅក្នុងស្រុកគួរតែនាំគ្នាចូលលេងថតរូបបង្ហោះផ្សព្វផ្សាយផង មិនមែនទៅហួសមកហួសនោះឡើយ៕
Daily Program
