ក្រៅពីដង្កូវហ្វូវឥឡូវលេចការរាតត្បាតដោយរុយសនៅតាមចម្ការ
កសិករកម្ពុជាឆ្នាំនេះត្រូវហត់នឿយបន្តិចហើយ ពីព្រោះនៅពេលដែលការរាតត្បាតដោយដង្កូវហ្វូងនៅមិនទាន់បានកំចាត់បានស្រួលបួលផងក៏លិចចេញការរាតត្បាតដោយពពួករុយស មួយបន្ថែមទៀត ។
សូមលើកកំពស់ការប្រុងប្រយ័ត្ន ហើយខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទក៏បានជូនដំណឹងអំពីបច្ចុប្បន្នភាពនៃការរាតត្បាតនេះផ្ទួនៗជាបន្តបន្ទាប់ដែរ ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសនៅលើបណ្តាញសង្គមរបស់លោកឲ្យពលរដ្ឋលើកកំពស់ការប្រុងប្រយ័ត្ន ។
លោកបានចែករំលែកថា សូមបង្កើនការប្រុងប្រយ័ត្នចំពោះករណី«រុយស» ដែលកំពុងបំផ្លាញដំណាំស្រូវរបស់បងប្អូនកសិករយើង! ក្រោយពីមន្ត្រីជំនាញនៃក្រសួងបានតាមដានយ៉ាងយកចិត្តទុកដាក់ និងបានចុះអន្តរាគមន៍ដោយផ្ទាល់នៅក្នុងខេត្តតាកែវអស់រយៈពេលជិត២សប្តាហ៍រួចមក «រុយស»កំពុងបន្តផ្ទុះរីករាលដាលនៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀងក្នុងវិសាលភាពធំទៅៗ ដែលចាំបាច់តម្រូវឱ្យក្រសួងត្រូវក្រើនរំលឹកបន្តដល់បងប្អូនកសិករឱ្យបង្កើនការប្រុងប្រយ័ត្ន។
លោកបានអះអាងថា កន្លងមក រុយសធ្លាប់កើតមាននៅក្នុងប្រទេសកម្ពុជា តែមិនដែលបានកើតឡើងលើដំណាំស្រូវនោះទេ។ តាមការសន្និដ្ឋានបឋម «រុយស»នេះអាចនឹងស្មុគស្មាញក្នុងការទប់ស្កាត់ជាងដង្កូវហ្វូង ប្រសិនបើវាពិតជារាតត្បាតទៅគ្រប់ទីកន្លែងពិតមែន ព្រោះវាអាចហោះចល័តពីមួយកន្លែងទៅមួយកន្លែង។ ក្រសួងនឹងធ្វើការជូនដំណឹង និងផ្តល់ការណែនាំបច្ចេកទេសបន្ថែមទៀត ពីវិធានការទប់ស្កាត់ និងវិធានការកម្ចាត់ជាបន្តបន្ទាប់ទៀតនៅពេលក្រោយ។
តាមការអះអាងរបស់ក្រសួងវដ្ដជីវិតរបស់ «រុយស» មានរយៈពេល១៧-២៤ថ្ងៃ ដែល «រុយស» ១ក្បាលអាចពងបានចន្លោះពី ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោមនៃស្លឹកស្រូវ។ «រុយស» នោះ បំផ្លាញដំណាំស្រូវដោយផ្ទាល់ ដោយជញ្ជក់រុក្ខរសពីស្លឹកស្រូវ ជាពិសេសនៅពេលព្រឹក ដែលធ្វើឱ្យស្លឹកស្រូវប្រែពណ៌លឿង និងរួញ ហើយបំផ្លាញខ្លាំងលើស្រូវនៅក្នុងវគ្គលូតលាស់ ជាពិសេសក្នុងដំណាក់សំណាបនិងបែកគុម្ព។
សរុបទៅនៅក្នុងឆ្នាំនេះកសិករនៅកម្ពុជាជាពិសេសគឺនៅតំបន់ដែងរងគ្រោះគឺត្រូវហត់នឿយ ហើយអាចប្រឈមមុខនឹងការខូចខាត ប៉ុន្តែសម្រាប់ប្រជាកសិករនៅកន្លែងដែលមិនទាន់រាលដាលកុំសម្រាកភ្លេចខ្លួនពីព្រោះប្រភេទរុយសនេះអាចគ្រោះថ្នាក់ដល់ស្រូវនិងដំណាំខ្លាំងជាង ដង្កូវ ដូច្នេះសូមព្យាយាមតាមដាននិងរកបច្ចេកទេសកំចាត់ទុកឲ្យហើយត្រៀម៕