ក្រុម​អ្នកយកផលិតផលគេមកដាក់ថាទំនិញក្នុងស្រុក គួរពិន័យឲ្យធ្ងន់ធ្ងរ !

នៅពេលនេះដើម្បីឲ្យផលិតកម្មនៅក្នុងស្រុកយើងខ្លាំង ហើយកាន់តែមានគុណភាព យើងជាប្រជាពលរដ្ឋគួរតែជួយគាំទ្រឲ្យបានផុលផុសបន្តទៀត ប៉ុន្តែអ្នកដែលក្លែងបន្លំអ្នកដែលយកផលិតផលគេមកវៃសឺរ៉ាឬក្លែងបន្លំថា ជាផលិតផលនៅក្នុងស្រុកគួរតែត្រូវតែពិន័យនិងដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរ​។​

រឿងក្លែងបន្លំនេះមិនមែនជារឿងលេងសើចឡើយ វាគឺជារឿងកិត្តិយស ហើយវាក៏ជារឿងដែលវានឹងប៉ះពាល់ដល់​ផលិតករនៅក្នុងស្រុកយើង ដែលកំពុងតែតស៊ូផលិតពិតប្រាកដ ត្រូវរងគ្រោះព្រោះតែអ្នកខ្លះយកផលិតផលពីគេមកស្រាប់ៗ ហើយគ្រាន់តែយកមកច្រកនៅក្នុងស្រុកហើយថា ជាផលិត​ក្នុងស្រុកយកមកនិងចែកចាយពេញទីផ្សារដាក់ជូនពលរដ្ឋប្រើប្រាស់។​

នៅក្នុងនាមជាប្រជាពលរដ្ឋយើងទាំងអស់គ្នាគួរតែចាំបាច់បំផុតត្រូវជួយគាំទ្រផលិតផលដែលផលិតករយើងផលិតបានពិតៗ។ ទោះជាតម្លៃរាងខ្ពស់បន្តិច គុណភាពអាចមិនល្អ ហើយសោភ័ណភាពរាងស្ទើរក៏ដោយក៏គួរឲ្យតម្លៃ និងគាំទ្រ។

ដោយឡែកសមត្ថកិច្ចជំនាញនានា មានតួនាទីចាំបាច់ត្រូវតែស្រាវជ្រាវនិងវែកមុខរកផលិតផលណា​ដែលជាផលិតផលក្លែងក្លាយឬក្លែងបន្លំ។ នៅពេលដែលរកឃើញគួរតែអនុវត្តតាមច្បាប់និងលិខិតបទដ្ឋាននានាដែលមាន ឲ្យបានធ្ងន់ធ្ងរពីព្រោះវាមិនត្រឹមតែជាករណីក្លែងបន្លំទេ វាចូលដល់លក្ខណៈបោកប្រាស់ផងដែរ។

ដោយឡែកផលិតករនៅក្នុងស្រុកកុំជិះសេះលែងដៃ ពេលខ្លួនផលិតបានផលិតផលនិងដណ្តើមទីផ្សារបានហើយ។​ គួរតែធ្វើបច្ចុប្បន្នភាពទីផ្សារ ផលិតផល និងសេវាកម្មរបស់ខ្លួនជាប្រចាំ ដើម្បីប្រាកដថា ផលិតផលរបស់យើងអាចធានាគុណភាព មានអនាម័យ ហើយសេវាកម្មក៏ត្រូវតែល្អ​ការវេចខ្ចប់គួរតែប្រសើរ​ជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។

យើងត្រូវតែកែលំអរនិងធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីធានាការប្រកួតប្រជែង មិនមែនមានអ្នកគាំទ្រ ហើយបងប្អូនចេះតែជួយទិញហើយបានចិត្តមិនធ្វើការកែលំអរអ្វីសោះនោះក៏មិនកើតដែរ។​

នៅពេលនេះគ្រប់គ្នាកំពុងតែចាំគាំទ្រផលិតផលនៅក្នុងស្រុក ដូច្នេះដើម្បីកុំអោយពលរដ្ឋយើងអស់ចិត្ត គឺចាំបាច់ត្រូវតែបន្តរិះរកនិងអភិវឌ្ឈន៍ផលិតផលរបស់យើងឲ្យកាន់តែល្អ ស្របពេលដែលសមត្ថកិច្ចនិងមន្រ្តីជំនាញរបស់យើងគួរតែជួយរឿងទីផ្សារ ការពារជនខិលខូច ហើយធ្វើយ៉ាងណាជួយរិះរកមធ្យោបាយ បញ្ចុះថ្លៃដើមខ្លះៗដើម្បីឲ្យផលិតផលយើងមានការប្រកួតប្រជែងខាងតម្លៃដែរ​៕

Daily Program

Livesteam thumbnail