ក្រុមការ៉ាវ៉ាន់រថយន្តបុរាណពិតជាមានតម្លៃដល់វិស័យទេសចរណ៍កម្ពុជា

នៅក្នុងមួយឆ្នាំៗបើអាចមានព្រឹត្តិការណ៍ភ្ញៀវទេសចរដែលចូលមកកម្ពុជាតាមរយៈក្រុមការ៉ាវ៉ាន់រថយន្តបុរាណ ឬទំនើបកាន់តែច្រើននោះទីផ្សារទេសចរណ៍នៅកម្ពុជានឹងកាន់តែរីកចំរើន ហើ​យភ្ញៀវទេសចរបរទេសក៏កាន់តែស្គាល់កម្ពុជាកាន់តែច្រើន ។​

នៅដើមខែកុម្ភៈ ឆ្នាំ២០២៤ នេះ កម្ពុជាអាចមានឱកាសទទួលបាននូវក្រុមអ្នកទេសចរមកពី អឺរ៉ុបរាប់សិបនាក់ដែលបានមកដល់កម្ពុជាតាមរយៈការជិះរថយន្តសម័យបុរាណរាប់សិបគ្រឿ​ងមកលេងកំសាន្តនៅកម្ពុជា។

ភ្ញៀវទេសចរក្រុមការ៉ាវ៉ាន់រថយន្តបុរាណរាបសិបគ្រឿង ជាមួយនិងភ្ញៀវទេសចរជនជាតិអឺរ៉ុបចំនួន៦៥នាក់បានជិះមកលេងកំសាន្តនៅប្រទេសកម្ពុជាជាច្រើនថ្ងៃ ហើយក្នុងកំឡុង ពេលដំណើរកំសាន្តមកកម្ពុជានេះ ក្រុមការ៉ាវ៉ាន់រថយន្តបុរាណបានដើរកំសាន្តនៅតំបន់ភូមិភាគឦសាន និងដែនដីអង្គរសៀមរាបជាដើម។

កាលពីថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ២០២៤ ក្រុមការ៉ាវ៉ាន់រថយន្តបុរាណនេះគឺពួកគេ កំពុងស្នាក់នៅទឹកដីខេត្តសៀមរាប ហើយពួកគេនឹងត្រឡប់ទៅកាន់ប្រទេសជិតខាងកម្ពុជា នាយប់ថ្ងៃទី៣ ខែកុ​ម្ភៈ ឆ្នាំ២០២៤នេះ មុននឹងត្រឡប់ទៅកាន់ប្រទេស របស់ពួកគេវិញ។

មកដល់ពេលនេះប្រភេទនៃភ្ញៀវទេសចរគឺមានច្រើនប្រភេទណាស់ គឺមានតាំងពីក្រុមអ្នកទេសចរលំដាប់វីអាភី​ដែលចូលចិត្តមកដើរលេងកំសាន្តនិងទទួលសេវាកម្មដ៏ប្រណីត និងចំ​ណា​យច្រើន ក្រុមនេះកម្រមកស្នាក់នៅនិងដើរកំសាន្តនៅកម្ពុជាណា។ ក្រុមអ្នកទេសចរខ្លះ ទៀតគឺជាប្រភេទទេសចរវប្បធម៌និងប្រវត្តិសាស្រ្តឫក៏សិក្សាស្រាវជ្រាវ ដោយក្រុមនេះ គឺចំ​ណា​យលុយមធ្យម ប៉ុន្តែពួកគេចង់បានត្រឡប់ទៅវិញនូវចំណេះដឹងនិងបទពិសោធន៍តាមគោលដៅដែលពួកគេចង់បាន។

ក្រុមទេសចរមួយក្រុមទៀតគឺពួកក្រុមអ្នកទេសចរសាក់កាដូ ដោយក្រុមនេះជាប្រភេទក្រុមអ្នកទេសចរវ័យក្មេង ដែលត្រូវការសិក្សានិងរៀនសូត្រ ហើយ និយមចំណាយតិចបំផុត ។ ដោយឡែកក្រុមអ្នកទេសចរ ក្រុមការ៉ាវ៉ាន់រថយន្តនេះវិញ គឺជាប្រភេទអ្នកទេសចរ ដែលពួកគេចង់បានព័ត៌មានគ្រប់ ប៉ុន្តែក្រុមនេះអាចមានមាតវែង និង ពួកគេអាចសិក្សាលំអិតតែម្តងពីគោលដៅដែលពួកគេបានទៅដល់និងឆ្លងកាត់  ។

ភ្ញៀវទេសចរក្រុមការ៉ាវ៉ាន់នេះគឺពួកគេមិនចូលចិត្តជិះយន្តហោះមើលតែពពួកនៅលើអាកាសនោះទេ គឺក្រុមនេះប្រើប្រាស់ផ្លូវគោកជាគោល ហើយពួកគេកំណត់ផ្លូវតាមដែលពួកគេចង់បាន ហើយក្រុមនេះអាចទទួលបានចំណេះនិងបទពិសោធន៍តាំងពីភូមិសាស្រ្ត ស្ថានភាព អា​កាសធាតុ ទឹកចិត្តប្រជាពលរដ្ឋ ម្ហូបអាហារ ភាសា ទឹកចិត្ត ពោលគឺពួកគេចូលជ្រៅទៅក្នុង សង្គ​មគោលដៅដែលពួកគេបានឆ្លងកាត់ ។ ពួកគេទាំងនោះជាទូទៅជាក្រុមមនុស្សដែល អាចនិយាយនិងរៀបរាប់នូវអ្វីដែលពិត ដូច្នេះមនុស្សជាច្រើនចូលចិត្តតាមដានពួកគេហើយនៅពេ​ល ដែលពួកគេនិយាយល្អ សរសេរល្អ ផ្សព្វផ្សាយល្អពីកម្ពុជានោះ កម្ពុជានឹងក្លាយជាគោល ដៅមួយដ៏ប្រពៃបំផុត។

សរុបមកវិញកម្ពុជាយើងពិតជាបានធ្វើកម្មវិធីនេះនិងគាទ្រកម្មវិធី ទេសចរក្រុមការ៉ាវ៉ាន់រថយន្តនេះក៏ច្រើនដែរ ប៉ុន្តែយើងគួរតែពង្រីកនិងស្វះស្វែងលើកទឹកចិត្តឲ្យអ្នកទេសចរបរទេសមកលេ​ង កំសាន្តតាមសេវាកម្មនេះបន្ថែមទៀត ក្រៅពីនោះយើងដែលជាម្ចាស់ស្រុកក៏ត្រូវតែយកចិត្តទុកដាក់ផ្តល់សេវាដល់ពួកគេអោយល្អ ដើម្បីកុំអោយពួកគេទៅវិញគេរិះគន់៕

 

Daily Program

Livesteam thumbnail