ក្មេងទំនើង បាតុភាពសង្គមរួម ត្រូវដោះស្រាយទាំងអស់គ្នា!
ក្មេងទំនើងនៅកម្ពុជាគឺជាបញ្ហាសង្គមដែលយើងទាំងអស់គ្នាគួរតែរួមគ្នាដោះស្រាយ ពោលគឺ មិនត្រូវឈរអោបដៃហើយមាត់ស្តីបន្ទោសឲ្យគ្នាទៅវិញទៅមកនោះទេ ។
ក្មេងទំនើងនេះ បានកើតមានឡើងជាបន្តបន្ទាប់ ហើយនៅសឹងតែគ្រប់មជ្ឈដ្ឋាន ដោយកន្លងមកសូម្បីតែនៅតាមសាលារៀន ក្រៅរបងសាលានៅតាមទីសាធារណៈ នៅតាមទីក្រុង ឬជនបទឡើយ។
បញ្ហាក្មេងទំនើងនេះដើមចមសំខាន់ទំនងដំបូងឡើយគឺកើតមកពីគ្រួសារដែលខ្វះភាពកក់ក្តៅ ឬក៏ខ្វះការយកចិត្តទុកដាក់ ហើយក្រោយមកក៏អាចពាក់ព័ន្ធនឹងសាលារៀន កន្លែងដែលពួកគេអាចជួបមិត្តភ័ក្រនិងការអូសទាញ ហើយវាក៏អាចបណ្តាលមកពីបញ្ហាដែលអាជ្ញាធរមូលដ្ឋាន មើលស្រាលបញ្ហាក៏អាចថាបានផងដែរ។
មកដល់ពេលបច្ចុប្បន្ននេះគេមិនបានដឹងថា នៅទូទាំងប្រទេសបញ្ហាក្មេងទំនើងនេះមានប៉ុន្មាន ករណីនោះទេ ប៉ុន្តែគេគ្រាន់តែដឹងថា នៅពេលដែលសមត្ថកិច្ចចាត់វិធានការក្តៅកាលពី២សប្តាហ៍ដើមឆ្នាំកន្លងទៅសមត្ថកិច្ចបានឃាត់ខ្លួនពួកគេដល់ទៅ១២០ នាក់ ក្រោយពេលដែលពួកគេ បង្ករបញ្ហាដល់ទៅ៥១ ករណីឯណោះ។
នេះគឺជាតួលេខយូរហើយ ទម្រាំដល់ពេលបច្ចុប្បន្នវាអាចមានរិតតែច្រើនករណី ដោយសារតែ នៅតាមផ្លូវសាធារណៈ និងនៅលើបណ្តាញសង្គម គឺគេក៏បានប្រទះឃើញទិដ្ឋភាពនិងសកម្ម ភាពរបស់ពួកគេប្រពឹត្តអំពើហិង្សា ក៏ដូចជាកម្មភាព និង អាកប្បកិរិយាកោងកាច មិនសុភាពរាបសារជាបន្តបន្ទាប់ ស្របពេលដែលសង្គមកម្ពុជាមិនអោយតម្លៃសកម្មភាពទាំងនេះឡើយ ប៉ុន្តែពួកគេធ្វើដើម្បីសំដែងអំពីអំណាចនិងឥទ្ធិពល។
ពាក់ព័ន្ធនឹងឫសគល់នៃបញ្ហាវាអាចដូចកត្តាខាងលើមួយភាគ ហើយមួយភាគទៀតវាក៏អាច បណ្តាលមកពីបញ្ហានៃការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀនដែលមកដល់ពេលនេះ រាជរដ្ឋាភិបាលនិងអាជ្ញាធរបានកំពុងតែចាត់វិធានការណ៍។
សរុបមកវិញបញ្ហាក្មេងទំនើងគឺជារឿងអវិជ្ជមានសម្រាប់សង្គមដែលយើងត្រូវតែដោះស្រាយ ហើយនៅក្នុងករណីដែលយើងចេះតែបណ្តែតបណ្តោយវានឹងប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម។
ដើម្បីដោះស្រាយបញ្ហាទាំងអស់គ្នាគឺត្រូវតែរូបរួមគ្នាធ្វើ ប្រយុទ្ធ និងការពារបង្ការបញ្ហានេះ ដោយមកបន្ធូបន្ថយឡើយ។ អាណាព្យាបាលគឺត្រូវតែធ្វើការនិងកសាងភាពកក់ក្តៅ ហើយព្យាយាមអូសទាញពន្យល់ពួកគេដោយហេតុនិងផលកុំយកកំហល់ទៅប្រឈមដោះស្រាយ។
សមត្ថកិច្ចវិញគឺត្រូវតែរិតបន្តឹងការអនុវត្តច្បាប់ដោយមិនលើកលែង អ្នកខុសគឺខុសអ្នកត្រូវគឺ ត្រូវកុំអោយមានការស៊ុំគ្រលំគ្នា ដែលនាំឲ្យក្មេងដែលមានបញ្ហាអាចបន្តខិលខូចពិបាកនឹង កែលំអរ។ ហើយពលរដ្ឋទូទៅវិញក៏ត្រូវចូលរួម ជាការជួយគ្នា ហើយក៏ត្រូវតែជួយពង្រឹងនៃការ គិតដើម្បីរំលត់ភាពមោះមុតរបស់ពួកគេ៕