កែសម្ផស្ស សូម​គិតអំពី​បច្ច័យ​ថ្ងៃក្រោយ

សព្វថ្ងៃនេះដោយសារតែមនុស្សជាច្រើនមិនពេញនឹងសម្រស់ក៏ដូចជារូបសម្បត្តិដែលខ្លួនមាន​ពីធម្មជាតិបាននាំគ្នាទៅកែនេះកែនោះ ប៉ុន្តែសរីរាង្គដែលកែនេះជាទូទៅវាមិនដូចជារបស់ខ្លួនមានពីធម្មជាតិដែលផ្គុំឡើងដោយហ្សេន ឬ ឌីអិនអេ របស់ឪពុកនិងម្តាយរបស់យើងម្នាក់ៗឡើយ។

ដើម្បីខ្លួនស្អាតមានមនុស្សជាតិច្រើនបានកែច្រមុះ កែមុខ កែមាត់ រហូតដល់ហ៊ានវះកាត់នេះវះកាត់នោះទាំងខ្លួនឯងមិនមានបញ្ហាសុខភាពដែលតម្រូវឲ្យត្រូវឆ្លងកាត់ការវះកាត់សោះនោះ ទៅវះកាត់រាប់សិបកន្លែងនៅលើតួខ្លួន។​

ព្រោះតែសម្រស់ឬសម្ផស្សមានមនុស្សជាច្រើនដែលសុខចិត្តអត់ទ្រាំនឹងការឈឺចាប់រាប់សិបថ្ងៃហើយត្រូវចំណាយប្រាក់អស់ជាច្រើនទៅចំណាយនៅលើការកែសម្ផស្សនេះ រហូតដល់អ្នកខ្លះត្រូវរងទុក្ខលំបាក ហើយរងការឈឺចាប់ ហើយក៏មានខ្លះឆ្លងមេរោគរហូតដល់បាត់បង់ជីវិតខ្លួន​ឯងក៏មានជាបន្តបន្ទាប់ទាំងនៅបរទេសនិងនៅកម្ពុជា។

មនុស្សម្នាក់ៗនៅពេលដែលយើងកើតមានឲ្យតែមានអវយវៈនិងសរីរាង្គវិញ្ញាណទាំង៥គ្រប់គ្រាន់គឺវាជាអំណោយទានពីធម្មជាតិបាត់ទៅហើយ។ សូមក្រឡេកមើលមនុស្សជាច្រើនដែលពួកគេចាប់កំណើតមក មិនមានកាយសម្បទាគ្រប់គ្រាន់ទេ ប៉ុន្តែពួកគេនៅតែស្រលាញ់ពួកគេនៅតែពេញចិត្តនឹងអ្វីដែលពួកគេមាន ហើយបានតស៊ូនឹងជីវិត ដែលធម្មជាតិបានផ្តល់ឲ្យពូកគេរហូតដល់មានអ្នកខ្លះមានជោគមានជ័យនៅក្នុងជីវិត ហើយក៏មានសេចក្តីសុខបង្កើតគ្រួសារមួយដែលពោរពេញដោយភាពកក់ក្តៅ សូម្បីតែមនុស្សដែលមានរូបសម្បត្តិខ្លះមិនអាចទទួលបានក៏មានផងដែរ។

នៅពេលដែលយើងកើតមានមានអ្វីគ្រប់យ៉ាងគ្រាន់តែវវាមិនស្អាត ហើយនាំគ្នាទៅកែខៃខុសពីធម្មជាតិនេះ វាល្អតែមើលទេ ហើយវាក៏មានពេលវេលាកំណត់ផងដែរ​។ សូមរិះគិតឡើងវិញ ពីព្រោះអ្នកដែលកែប្រែធម្មជាតិជាច្រើន បានរងទុក្ខរងទោសជាច្រើនក្រោយពេលដែលពួកគេបានឆ្លងកាត់ការកៃច្នៃលើសពីធម្មជាតិដែលខ្លួនមានតាំងពីកំណើត។

សរីរាង្គដែលកែ​តាមការវះកាត់ជាទូទៅវាមិនមានលក្ខណៈដូចជាសរីរាង្គពីធម្មជាតិឡើយទោះបីជាវាមើលទៅស្អាតមានសម្រស់ជាងពីមុនក៏ដោយនៅក្នុងករណីវះកាត់ជោគជ័យ ប៉ុន្តែបើស៊យមានអ្នកខ្លះអាក្រក់ជាងមុន។

នៅក្នុងស្ថានភាពបែបនេះនៅមុនសម្រេចចិត្តធ្វើការកែច្នៃសរីរាង្គនានាដែលធម្មជាតិផ្តល់អោយសូមរិះគិតថ្លឹងថ្លែងឲ្យបានច្បាស់លាស់ជៀសវាងការស្តាយក្រោយនៅពេលអនាគត។ នៅពេលដែលយើងកែហើយគឺកែហើយបន្ទាប់ពីនោះផលនៃអំពើនឹងឃើញជាបន្តបន្ទាប់។ 

សរុបទៅអ្វីដែលយើងមានសូមពេញចិត្តនិងប្រើប្រាស់វា ដោយសតិនិងបញ្ញា។ ការដែលជីវិតរបស់យើងរស់ដោយសតិនិងបញ្ញានេះ វាគឺជាមាគ៌ានៃជីវិតមួយដែលអាចអោយយើងតស៊ូនៅក្នុងជិវិត។ កិត្តិយសនិងសេចក្តីថ្លៃថ្នូវាមិនមែនបានមកព្រោះតែសម្រស់ឬសម្ផស្សនេះជាចំបងនោះទេ សំខាន់គឺគុណតម្លៃនិងគុណធម៌ជាមនុស្សជាតិ​៕

Daily Program

Livesteam thumbnail