កូនមិន មែនជាឈ្នាន់ដើម្បីផ្ទាញ់គ្នា! សំខាន់ក្តីស្រលាញ់ និងសណ្តោសគ្នា
កូនប្រុសកូនស្រីគឺជាអំណោយទាននៃអំពើនិងក្តីស្រលាញ់របស់គូស្វាមី និងភរិយា ឬក៏បុរសនិងស្រ្តីដែលមានភេទសម្ព័ន្ធនឹងគ្នា ប៉ុន្តែនៅពេលដែលចំណងស្នេហ៍ប្រេះស្រ៊ាំដោយប្រការណាមួយ សូមកុំយកពួកគេជាឈ្នាន់ដើម្បីការឈ្នះ ឬការចាញ់។
ពួកគេមិនមែនជាវត្ថុទេ ពួកគេជាមនុស្សដែលមានសាច់ មានឈាម មានបេះដូង និងមានការ យល់ដឹងរបស់ពួកគេ ដូច្នេះទង្វើ និងសកម្មភាពនានាអាចនឹងបង្កផលប៉ះទង្គិចខ្លាំងណាស់ដល់អារម្មណ៍របស់ពួកគេ។
ជាទូទៅ នៅពេលដែលរស់នៅលែងចុះសម្រុងនឹងគ្នា គូស្វាមី និងភរិយាជាច្រើនតែងតែទុក្ខស្លាកស្នាមដំបៅនៃការឈឺចាប់ខាងផ្លូវអារម្មណ៍ធ្ងន់ធ្ងរដល់កូនៗរបស់ពួកគេ ដែលអារម្មណ៍នេះ អាចនឹងពួកគេផ្តិតជាប់នៅក្នុងអារម្មណ៍ ហើយអ្នកខ្លះអាចរងរបួសផ្លូវចិត្តរហូតដល់ប្រើប្រាស់ពេលវេលារាប់ឆ្នាំដើម្បីរសាយបាន តែក្មេងខ្លះគឺវានៅដិតនៅក្នុងអារម្មណ៍ នោះហើយគឺជាគ្រោះថ្នាក់។
នៅពេលដែលបែកបាក់គ្នា ជាទូទៅអ្នកខ្លះបានស្រុះស្រួលគ្នាអោយកូនភាគីនេះ ឬភាគីនោះជា អ្នកទទួលបន្ទុក ហើយអ្នកខ្លះទៀតក៏បែងចែកកូនគ្នាចិញ្ចឹម អ្នកខ្លះផ្តល់ជំរើសអោយកូនជ្រើសរើស តាមការស្ម័គ្រចិត្ត អ្នកខ្លះប្រើប្រាស់អំណាចសាលក្រមតុលាកាជាអ្នកសម្រេច។
អ្នកខ្លះទៀតទោះបីជាឆ្លងកាត់ដំណាក់កាលនេះ ក៏ដោយក៏នៅតែមិនសុខចិត្តមិនដឹងថា ពីព្រោះតែក្តីស្រលាញ់ ឬយ៉ាងណានោះទេ ប៉ុន្តែដើម្បីការស្ងប់ចិត្តរបស់ក្មេងៗដំណោះស្រាយ ល្អបំផុតគឺអោយជំរើសទៅក្មេង ហើយអ្នកទាំងសងខាងគួរតែស្វែងរកពេលវេលាថា អាចផ្តល់ ដល់ពួកគេបានគ្រប់គ្រាន់ឬទេ។
គិតគូរឲ្យបានសព្វគ្រប់ ហើយគួរតែទុកពេលវេលា និងផ្តល់ឱកាសគ្រប់គ្រាន់ឲ្យគូភាគីអាចចេញចូលមើលកូន ឬក៏អាចមានលទ្ធភាពយកកូនទៅដើរលេងនៅទីនេះ ទីនោះតាមដែល ពួកគេមានលទ្ធភាព។
ទោះជាកូនជ្រើសរើសអ្នកណា តុលាការសម្រេចយ៉ាងម៉េចក៏ដោយ ជាតិជាម្តាយនិងឪពុក គឺក៏គួរតែតែមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការទៅលេងកូន នាំកូនដើរលេង ធ្វើនេះធ្វើនោះ ប៉ុន្តែក៏ត្រូវ តែចេះខ្លាចចិត្តខ្លាចថ្លើមគ្នាផងដែរ។ ដូច្នេះ គឺគួរតែមានម៉ោងពេលសមរម្យ ដើម្បីឲ្យក្មេងមានភាពកក់ក្តៅ ពួកគេអាចស្គាល់ឪពុកម្តាយគេជាអ្នកណាច្បាស់លាស់ ។
សរុបសេចក្តីទៅដើម្បីកុំអោយកូនមានបញ្ហាសំពាធខាងអារម្មណ៍ធ្ងន់ធ្ងរ បុរសនិងនារីគួរតែស្វែងយល់ចំណុចនេះឲ្យច្បាស់លាស់ ហើយនៅមុនពេលចាប់ដៃគ្នាកសាងគ្រួសារគួរតែស្គាល់ចិត្តគ្នាច្បាស់លាស់ ហើយថែរក្សាចំណងនេះអោយជាប់លាប់។
នៅក្នុងករណីផ្តាច់ សូមផ្តាច់តែយើង កុំផ្តាច់មនោសញ្ចេតនារបស់ក្មេងៗ។ សូមកុំយកកូនជាឧបករណ៍ភ្នាល់ តែបើអ្នកយកមែន កូននឹងក្លាយជាបញ្ហាសម្រាប់អ្នកនៅពេលអនាគត៕