កុំលេងសើចនឹងស្រ្តី ! ជាពិសេសគឺរឿងលេបខាយក្លែមសំដី

សម្រាប់កម្ពុជាការលេងសើចជាពិសេសគឺរឿងលេបខាយក្លែមសីដីអំពីស្រ្តីហាក់ដូចជាកើតមានជាទូទៅនៅក្នុងចំណោមក្រុមយុវជននិងបុរសៗ ប៉ុន្តែវាមិនមានរឿងដោយសារតែពេលខ្លះវាជារឿងនៅក្នុងក្រុមឯកជន ឫបុគ្គល ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយដើម្បីកុំអោយមានរឿងគួរតែកាត់បន្ថយហើយឈានទៅបញ្ឈប់ ប្រយ័ត្នមានរឿងរ៉ាវដូចជាប៉ុន្មានថ្ងៃកន្លងមកនេះ ។
ការនិយាយជាលក្ខណៈឯកជនកន្លងមកវាអាចជាការនិយាយដែលស្រ្តីណាម្នាក់មិនដឹងខ្លួន ឫក៏ពួកគេដឹង ប៉ុន្តែមានលក្ខណៈជាការនិយាយទូទៅ ហើយដោយសារតែក្រុមស្រ្តីខ្លះគាត់ស៊ាំនឹងការដែលឭជាយូរមក ហើយ ឫ មួយក៏គាត់មិនប្រកាន់និងចូលចិត្តនិយាយលេងសើចដែរវាក៏ចេះតែបន្តកើតមានទៅ ប៉ុន្តែដល់ទៅយើងភ្លេចខ្លួន វាអាចកើតមានដូចជាករណីពិធីករប្រដាល់គុនខ្មែរនិងតារាមូដែល ដែលលើកស្លាកទឹក នៅក្នុងការប្រកួតដែលផ្ទុះនៅក្នុងសប្តាហ៍នេះក៏ផ្អើលឈុល ។
រឿងនេះវាអាចកើតឡើងដោយសារតែទម្លាប់អាក្រក់របស់ក្រុមបុរសៗដែលចូលចិត្តនិយាយលេង ប៉ុន្តែនៅពេលដែលភ្លេចខ្លួន ភ្លេចគិតថា ខ្លួនកំពុងតែកាន់តួនាទីជាបុគ្គលសាធារណៈហើយទៅនិយាយនៅក្នុងទីកន្លែងសាធារណៈដូចជាកម្មវិធីប្រដាល់បែបនេះក៏ផ្ទុះការរិះគន់ឡើងតែម្តង ។
រឿងនេះគឺជាសារមួយដែលបុរសៗទាំងឡាយត្រូវតែប្រយ័ត្នខ្លួនជាពិសេសគឺពាក្យសំដី ខ្លាចក្រែងប៉ះករណីស្រ្តីប្រកាន់នោះយើងនឹងមានហានិភ័យ មិនខាន់ ។ ការនិយាយរឿងបែបនេះ វាគ្មានបានផលអ្វីនោះទេ គឺបានត្រឹមតែការសប្បាយ ហើយបុរសខ្លះក៏មិនមានចេតនាឲ្យលើសលួសរឿងអ្វីធ្ងន់ធ្ងរឡើយគឺគ្រាន់តែគាត់ លើសលួសពាក្យសំដីនេះ ឯង ប៉ុន្តែនៅក្នុងករណីដែលមានការចោទប្រកាន់ឫការរិះគិន គឺយើងប្រាកដជា នឹងមានបញ្ហា ។
រឿងបែបនេះ គេអាចចោទយើងបានថា ជាបទបៀតបៀនដោយប្រការណាមួយក៏បានដែរ ។ នៅពេល ដែលមានរឿងកើតមានឡើងគឺ តិចតួចគឺអាចឲ្យមានការរអៀសចិត្ត អាក់អន់ស្រពន់ចិត្ត រកាំរកូសខ្លះៗនៅកន្លែងការងារជាដើម ហើយករណីធ្ងន់ធ្ងរបន្តិចគឺអាចរងនូវការអាម៉ាស់ដោយក្រុមស្រ្តីគាត់រករឿងប្តឹងមេ ប្តឹងចៅហ្វាយនាយ ជាដើម ។ នៅក្នុងករណីធ្ងន់ធ្ងរគឺវាអាចប៉ះពាល់ដល់កិត្តិយស ដូចជាករណីពិធីករនិងកញ្ញាលើកស្លាកទឹកនៅកម្មវិធីប្រដាល់គុនខ្មែរនេះជាដើម ។
ករណីដែលធ្ងន់ធ្ងរថែមទៀតនោះគឺអាចរហូតដល់កើតមានរឿងប្តឹងផ្តល់ផងក៏ថាបាន គ្រាន់តែនៅកម្ពុជាយើងហាក់មិនទាន់មាន ប៉ុន្តែវាក៏អាចនឹងកើតមានដែរ នៅពេលអនាគត ដូច្នេះសូមប្រុងប្រយ័ត្ន ហើយរាល់ការលេងសើចគឺត្រូវប្រុងប្រយ័ត្ន និងគោរពសេចក្តីថ្លៃថ្នូទាំងអស់គ្នា ។
Daily Program
