កុំភ្លេចការប្រុងប្រយ័ត្នមួយចំនួនក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន
បងប្អូនសហគមន៍ចិននិងវៀតណាមនៅកម្ពុជា នឹងរៀបចំអំណរសប្បាយបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន ចាប់ពីថ្ងៃទី ២៨ ដល់ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ ប៉ុន្តែទន្ទឹមនឹងអំណរសប្បាយក៏សូម លើកកំពស់ការប្រុងប្រយ័ត្នក៏ដូចជាយកចិត្តទុកដាក់បញ្ហាខ្លះៗ។
ខណៈកម្ពុជាជាប្រទេសដែលគោរពសេរីភាពជំនឿពលរដ្ឋដែលរស់នៅក្នុងប្រទេស គឺត្រូវបានបើកទូលាយឲ្យប្រណិប័តន៍ជំនឿផ្សេងៗតាមការប្រាថ្នា ដូច្នេះសូមបងប្អូនរីករាយសប្បាយនៅក្នុងអំឡុងពេលនោះ ដោយការទទួលខុសត្រូវ។
ជាទូទៅនៅក្នុងអំឡុងពេលនោះ នឹងមានអុជធូប ដុតក្រដាសសែនព្រែន ហើយមានអ្នកខ្លះដុតដល់ឡាននិងផ្ទះក្រដាស ក្រដាសសែនថែមទៀត។ បរិយាកាសបែបនេះអាចកើតមានជាផ្សែង ជាធូលី ហ៊ុយទៅអ្នកជិតខាង ហើយម្យ៉ាងវិញទៀតប្រការដែលគួរយកចិត្តទុកដាក់នោះគឺគ្រោះអគ្គីភ័យតែម្តង។
ខែនេះខែខ្យល់ខ្លាំង បើប្រហែសបន្តិចបន្តួច ក៏អាចកើតមានជាគ្រោះមហន្តរាយបំផ្លាញខ្លួនយើងហើយនិងអ្នកជិតខាងផងដែរ។ សូមកុំប្រហែសនូវរាល់ការបំពេញកិច្ចតាមជំនឿ គឺត្រូវតែច្បាស់ថា រាល់កិច្ចដែលធ្វើនឹងមិនសល់សំណល់ដែលអាចកើតមានគ្រោះភ័យបាន។
នៅក្នុងអំឡុងពេលនោះបងប្អូនអាចនឹងមានការផឹកគ្រឿងស្រវឹងជួបជុំគ្នា ដូច្នេះសូមកុំបើកបរទាំងស្រវឹងបង្កបញ្ហាហិង្សា គ្មានសណ្តាប់ធ្នាប់ និងរំខានអ្នកជិតខាង។ អាកប្បកិរិយាអវិជ្ជមានបណ្តាលមកពីគ្រឿងស្រវឹងគួរតែយកចិត្តទុកដាក់ និងពង្រឹងសេចក្តីថ្លៃថ្នូររបស់ខ្លួន ដោយរក្សាចិត្តឲ្យធ្ងន់ កុំឆេវឆាវតាមអារម្មណ៍។
ក្រៅពីនោះក៏នឹងមានការជួបជុំដើរលេងកំសាន្តនៅតាមរមណីដ្ឋានានា ដូច្នេះសូមប្រុងប្រយ័ត្នកុំបើកបរលឿនពេក កុំហ៊ានពេក លើសល្បឿនកំណត់ តែត្រូវបើកបរដោយគោរពនិងយោគយល់អធ្យាស្រ័យ ដោយរក្សាសណ្តាប់ធ្នាប់អនាម័យត្រឹមត្រូវ កុំសប្បាយតែយើងបន្សល់នូវភាពល្អក់កករ ទុក្ខសោក និងបញ្ហាឲ្យគេដោះស្រាយនៅតាមក្រោយ។
ពេលទៅណាមកណា មុននឹងចេញ សូមពិនិត្យឲ្យអស់រឿងទៀនធូប ហើយមេត្តាបិទភ្លើង បិទបង្អួច បិទទ្វារ ចាក់សោរឲ្យបានត្រឹមត្រូវដើម្បីបង្ការហានិភ័យចោរកម្មនិងរឿងអគ្គីភ័យខាងលើ។ នៅគ្រប់ទីកន្លែងថ្វីបើ មានសន្តិសុខឥឡូវយាមច្រើនក៏ពិតមែន ប៉ុន្តែការប្រុងប្រយ័ត្នដោយខ្លួនយើងបន្ថែមក៏ជារឿង ប្រសើរនិងជាការការពារមួយបន្ថែមទៀត។ ម្យ៉ាងវិញទៀតនៅមុនពេលទៅណាមកណា ប្រសិនបើអាច គួរមានទំនាក់ទំនងល្អជាមួយនឹងអ្នកជិតខាង ដោយចេះផ្តាំផ្ញើគ្នាទៅវិញទៅមក។
សូមឲ្យបងប្អូនរីករាយថ្ងៃបុណ្យចូលឆ្នាំរបស់បងប្អូនសហគមន៍ចិននិងវៀតណាមដោយអំណរសប្បាយ ជៀសផុតនៅហេតុការណ៍ចង្រៃនានា ហើយឆ្លងឆ្នាំដោយសុវត្ថិភាព។ សូមឲ្យព្រឹត្តិការណ៍នៅចុងខែនេះ ដំណើរការដោយរលូនតាមជំនឿនិងទំនៀមទំលាប់របស់បងប្អូន៕