កុំប្រហែស គ្រុនឈាមផ្ទុះនៅខេត្តមួយចំនួនហើយ !
បងប្អូនប្រជាពលរដ្ឋនិងសាធារណៈជននានាសូមកុំប្រហែសនឹងការរីករាលដាលនៃជំងឺគ្រុនឈាម ពីព្រោះនៅពេលនេះវាមានសេចក្តីរាយការណ៍ថា បានផ្ទុះនៅតាមស្រុកមួយចំនួន នៅក្នុងខេត្ត កណ្តាល និង កោះកុង។
ឆ្លើយតបនឹងការផ្ទុះនេះ ក្រសួងសុខាភិបាលបានកំពុងតែចាត់វិធានការណ៍យ៉ាងសស្រាក់សស្រាំ ហើយរដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធចាប់ផ្តើមបង្កើនសកម្មភាពហើយដើម្បីទប់ស្កាត់ ការរីករាលដាលនៃមេរោគនេះ ប៉ុន្តែក្រៅពីអាជ្ញាធរហើយនោះយើងជាប្រជាពលរដ្ឋក៏ត្រូវតែនាំគ្នាចូលរួមនៅក្នុងយុទ្ធនាការនេះឲ្យសស្រាក់សស្រាំ ជាមួយនឹងអាជ្ញាធរដែនដី និង ក្រសួង។
ខាងក្រសួងកាលពីថ្ងៃទី៧ ខែកក្កដា លោក ឈាង រ៉ា រដ្ឋមន្រ្តីបានកោះប្រជុំតាមប្រព័ន្ធអ៊ីនធើណែតជាបន្ទាន់មួយ ជាមួយនឹងវេជ្ជបណ្ឌិតនិងអ្នកដែលពាក់ព័ន្ធសេវាសុខាភិបាលសរុបប្រមាណជា ៣.១០០ នាក់ ដើម្បីរំលឹកនិងពញាក់ការយកចិត្តទុកដាក់ចំពោះការរីករាលដាលនៃជំងឺនេះ។
លោករដ្ឋមន្រ្តីបានលើកឡើងថា មូលដ្ឋានសុខាភិបាលនានា ត្រូវយកចិត្តទុកដាក់ ក្នុងការអប់រំសុខភាព ត្រៀមខ្លួនក្នុងការបម្រើសេវាការពារ និងព្យាបាលឱ្យមានប្រសិទ្ធិភាព និងទាន់ពេលវេលា។ បន្ថែមពីនេះ មូលដ្ឋានសុខាភិបាលត្រូវចូលរួមពីសហគមន៍ និងអាជ្ញាធរមូលដ្ឋានឱ្យចូលរួមក្នុងការបំបាត់ជម្រកមូសក្នុងសហគមន៍ និងបញ្ជូនអ្នកជំងឺសង្ស័យថាមានជំងឺគ្រុនឈាម ទៅកាន់មូលដ្ឋានសុខាភិបាលសាធារណៈ នៅជិតបំផុតឱ្យបានទាន់ពេលវេលា។
នៅពេលនេះនៅតំបន់ខ្លះដូចជារាជធានីភ្នំពេញមានការចុះបាញ់ថ្នាំសម្លាប់មូសដើម្បីបំផ្លាញមូស ប៉ុន្តែក្រៅពីអាជ្ញាធរ យើងទាំងអស់គ្នាជាពលរដ្ឋសូមចូលរួមដែរ គឺមើលតាំងពីថូផ្កា ក្រឡ ពែង សំបកកង់នានា និង កំទិចកំទីនានាដែលដក់ទឹក ។ រាល់វត្ថុដក់ទឹក គឺសុទ្ធតែជាដែនជម្រកដែលមូសខ្លាជាប្រភពចម្លងរោគអាចរីករាលដាលបានលឿនបំផុត ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួម ។ ការចូលរួមនោះមិនចាំបាច់ដល់ទៅចូលរួមយុទ្ធនានាអី្វធំដុំទេ គឺគ្រាន់តែចូលរួមឃើញកន្លែងទឹកដក់កន្លែងណាបំផ្លាញវាចោល ភ្លាមៗ។
ប្រសិនបើយើងទាំងអស់គ្នាចូលរួមឲ្យសស្រាក់សស្រាំដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ យើងខ្ញុំគិតថា យើងនឹងអាចទប់ស្កាត់ហើយនឹងឈានទៅជំនះបាននូវអ្វីដែលជាការព្រួយបារម្ភទាក់ ទងនឹងវដ្តនៃការផ្ទុះការរីករាលដាលនៃមេរោគគ្រុនឈាមនេះ ។ ក្រៅពីបំបាក់កន្លែងដក់ទឹក យើងនិងក្រុមគ្រួសារគួរនាំគ្នាសម្រាកនៅក្នុងមុង ហើយពេលថ្ងៃគួរបើកទ្វារបង្អួចដើម្បីឲ្យលំនៅស្ថានយើងមាន ពន្លឺល្អ ចូលបានល្អ ដើម្បីកុំអោយមូសវាទុំមានឱកាសល្អវាខាំបឺតជញ្ជក់ឈាមយើងបន្តនាំឲ្យឆ្លងមេរោគ៕