កុំបំភ្លេចមនុស្សចាស់! មនុស្សចាស់ជាមរតកដែលអ្នកជំនាន់ក្រោយត្រូវយកចិត្តទុកដាក់

ថ្ងៃទី០១ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ គឺជាថ្ងៃដែលរាជរដ្ឋាភិបាលប្រកាសឲ្យប្រជាពលរដ្ឋនិងស្ថាប័ននានាចូលរួមទិវាមនុស្សចាស់អន្តរជាតិទាំងអស់គ្នា ដូច្នេះសូមកុំបំភ្លេចឫទុកមនុស្សចាស់ចោលដោយគ្មានការយកចិត្តទុកដាក់ ។​

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះរាជរដ្ឋាភិបាលបានចេញនូវសារចរណ៍មួយអំពីទិវានេះ ហើយបានលើកទឹកចិត្តឲ្យគ្រប់គ្នាបន្តគាំពារនិងយកចិត្តទុកដាក់មនុស្សចាស់ ។

មកដល់ពេលបច្ចុប្បន្ននេះ​ មានមនុស្សចាស់ជាច្រើននៅលើពិភពលោកហាក់មានអារម្មណ៍ឯកោរ ខ្វះការយកចិត្តទុកដាក់ពីគ្រួសារ ខ្វះការយកចិត្តទុកដាក់ពីសង្គម ហើយបញ្ហានេះសូម្បីតែសម្តេចប៉ាបហ្រ្វង់ស៊ីស្កូក៏ទ្រង់បានអំពាវនាវឲ្យគ្រិស្តបរិស័ទជុំវិញពិភពលោកយកចិត្តទុក​ដាក់ចំពោះមនុស្សចាស់ ដោយទ្រង់ចាត់ទុកមនុស្សចាស់គឺជាប្រភពនៃបទពិសោធន៍ និង​ប្រភពនៃសេចក្តីស្រលាញ់ ។

សម្រាប់កម្ពុជាក៏មានអ្នកខ្លះខ្វះការយកចិត្តទុកដាក់ចំពោះមនុស្សចាស់ដែរ ប៉ុន្តែបើធៀបនឹងសហគមន៍អន្តរជាតិមនុស្សចាស់នៅកម្ពុជាជាទូទៅគឺហាក់ទទួលភាពកក់ក្តៅច្រើនពីគ្រួសារ គ្រាន់តែសំខាន់គឺ​គ្រួសារនោះមានឫក្រប៉ុណ្ណោះ ។​

តាមប្រពៃណី ទំនៀមទម្លាប់ និង វប្បធម៌តាំងពីបុរាណកាលមក ពលរដ្ឋកម្ពុជាជាទូទៅតែងតែចាត់ទុកមនុស្សចាស់ជាបុព្វការីជន ជាជីដូនជីតា ដែលគ្រប់គ្នានៅក្នុងគ្រួសារមានកាតព្វកិច្ចត្រូវតែបន្តចូលរួមទំនុកបម្រុងនិងផ្តល់ភាពកក់ក្តៅ​ហូបចុកឲ្យគ្រប់គ្រាន់នៅឆាកជីវិតចុងក្រោយ របស់ពួកគាត់ ។

នៅក្នុងគ្រួសារនីមួយៗភាគច្រើននៅបន្តចាត់ទុកជីដូនជីតា ឪពុកម្តាយជរា គឺជាម្លប់ ជាប្រភពនៃព្រហ្មវិហារធម៌ និង ជាប្រភពនៃសេចក្តីស្រលាញ់ចំពោះគ្រួសារ ដូច្នេះហើយក៏តែងតែយកចិត្តទុកដាក់ ប៉ុន្តែដោយសារតែបរិកាសសង្គមមានការប្រែប្រួល គ្រួសារខ្លះតម្រូវឲ្យ កូនចៅត្រូវចាកចេញពីផ្ទះឆ្ងាយទៅរកការងារធ្វើនោះគឺជាបញ្ហា ដូច្នេះហើយអ្នកដែលនៅក្នុងសហគមន៍ គួរតែយកចិត្តទុកដាក់ជួយពួកគាត់តាមលទ្ធភាពជាក់ស្តែង ។​

ទោះគាត់ជានរណា ក៏ដោយនៅក្នុងឆាកជីវិតចុងក្រោយនេះ សូមឲ្យមនុស្សវ័យចំណាស់គ្រប់រូបនៅកម្ពុជាអាចមានឱកាសរស់នៅហូបឆ្អែត និងមានជំរកសមរម្យផង ពីព្រោះតាំងពីក្មេងមកដល់វ័យចំណាស់ពួកគាត់ក៏បានចូលរួមនៅក្នុងការលើកស្ទូយសុខមាលភាពគ្រួសារគាត់និងសហគមន៍របស់គាត់មិនតិចនោះឡើយ​។​

សរុបមកវិញ​សូមគ្រប់គ្នាជួយយកចិត្តទុកដាក់អស់ជនចាស់ជរានៅក្នុងគ្រួសានិងសហគមន៍ ជាពិសេសគឺលើកស្ទួយសុខមាភាពរបស់ពួកគាត់ ។ ពួកគាត់មិនមែនជាបន្ទុកនៃសង្គមទេ តែជាមរតកដែលពោរពេញទៅដោយ បទពិសោធន៍នៅក្នុងជីវិតដែលអាចនឹងសេសសល់ផ្ទេរមកដល់យើងបានសម្រាប់ជាប្រភពនៃសេចក្តីចំរើនទៅពេលអនាគត។​

Daily Program

Livesteam thumbnail