កុំចេះតែហ៊ាន ! បើខុសច្បាប់សមត្ថកិច្ចអាចចាប់បានតែមួយប៉ព្រិចភ្នែក

រឿងលេងបណ្តាញសង្គមកុំចេះតែហ៊ាន! ប្រសិនបើលេងផ្តេសផ្តាស គឺក៏អាចដាក់ខ្លួនឯងសាកល្បងនឹងការប្រឈមមុខច្បាប់កាន់តែលឿន។
មកដល់ពេលនេះជោគវាសនារបស់បុរសម្នាក់ដែលលេងហ្វេសបុកដោយប្រៀបធៀបអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទែតេ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កំពុងតេប្រឈមមុខនឹងវិធានការច្បាប់។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាននៅក្នុងស្រុកបានឲ្យដឹងថា បុរសម្នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ក្រោយសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមដោយប្រើប្រាស់ពាក្យសម្ដីប្រមាថ និងប្រៀបធៀបគ្នារវាងការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាតាំងពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៥។
លេងបណ្តាញសង្គមបច្ចុប្បន្ននេះរសើបណាស់ទោះបីជាមានអ្នកដែលលេងខ្លះបានល្បី ខ្លះបានកិត្តិយស ខ្លះបានលាភសក្ការៈ ខ្លះក៏មានបាន ហើយបន្តយកបណ្តាញសង្គមធ្វើជាប្រភពដំណើរអាជីវកម្មជោគជ័យក៏ដោយ ក៏មានបុគ្គលមិនតិចទេ ដែលមានពិរុទ្ធព្រោះតែលេងបណ្តាញសង្គមប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់កិត្តយសថ្នាក់ដឹកនាំ។
នៅពេលដែលលេងបណ្តាញសង្គម នៅក្នុងករណីសមត្ថកិច្ចគេចង់ចាត់វិធានការគេអាចដឹងបាន ពីព្រោះគេមានបច្ចេកវិទ្យាតាមស៊ើបអង្កេតនិងក៏អាចដឹងយើងលេងនៅកន្លែងណា ហើយយើងមាននិន្នាការ និង ដំណើរយ៉ាងណាបានដោយងាយ តាមរយៈបច្ចេកវិទ្យាដែលគេប្រើប្រាស់។
តិចច្រឡំថា យើងលេងបណ្តាញសង្គមហើយចេះតែធ្វើផ្តេសផ្តាស់គេមិនដឹងអោយសោះ។ នរណាក៏ដោយដែលលេង ប្រសិនបើគេចង់តាមដាន គឺគេអាចបានដឹង។ បច្ចេកវិទ្យាផ្តល់ភាពងាយស្រួល ហើយទន្ទឹមនឹងនោះវាក៏ធ្វើឲ្យយើងងាយរងគ្រោះដែរ។
ករណីដូចជាបុរសម្នាក់នៅឯក្រុងបាត់ដំបង ខេត្តបាត់ដំបងនោះ ហើយលេងបណ្តាញសង្គមក៏មិនបានដាក់ឈ្មោះខ្លួនឯងពិតប្រាកដដែរ គឺដាក់ឈ្មោះផ្សេង ប៉ុន្តែបច្ចេកវិទ្យានៅតែអាចអោយសមត្ថកិច្ចស្រាវជ្រាវរកឈ្មោះពិតរបស់អ្នកដែលលេងនោះ យកមកផ្តន្ទាទោសតាមច្បាប់បានដដែល។
នៅពេលដែលបច្ចេកវិទ្យារីកចម្រើន វាធ្វើឲ្យយើងកាន់តែមានសិទ្ធិនិងមានឱកាសច្រើននៅក្នុងការផ្សព្វផ្សាយ ការធ្វើនេះធ្វើនោះ ប៉ុន្តែទន្ទឹមនឹងនោះយើងក៏មិនអាចចេះតែធ្វើតាមចិត្តចង់នោះដែរ ពីព្រោះសង្គមមានច្បាប់មានអាជ្ញាធរ ហើយក៏មានប្រព័ន្ធបច្ចេកវិទ្យាទំនើបៗដែលគេបំពាក់ដើម្បីធ្វើការជួយសម្រួលនិងពង្រឹងការគ្រប់គ្រងផងដែរ។
សម័យនេះដោយសារតែបណ្តាញសង្គមយើងមានមាត់ធំ ត្រចៀកវែង ច្រមុះអាចរីកហិតបានឆ្ងាយ ហើយក៏មានភ្នែកអាចមើលបានទូលំទូលាយដែរ ប៉ុន្តែមានក្របខណ្ឌច្បាប់មួយទើបស្កាត់និងបង្កើតដែនកំណត់ សិទ្ធិទាំងនោះ ដូច្នេះសូមប្រុងប្រយ័ត្ន ហើយលើកកំពស់ការគោរពច្បាប់និងលេងបណ្តាញសង្គមនៅក្រោមក្របខណ្ឌនៃច្បាប់៕
Daily Program
