កុំចេះតែហ៊ាន! ប្រយ័ត្នមានពិរុទ្ធពីព្រោះឥឡូវកម្ពុជាមានកម្មវិធីប្រឆាំងនឹងអំពើហិង្សាលើស្រ្តីនិងកុមារី

ដើម្បីការពារនិងលើកកំពស់សិទ្ធិសេរីភាពជាពិសេសគឺប្រឆាំងនឹងអំពើហិង្សាលើស្រី្តនិងកុមារី ក្រសួងកិច្ចការនារីរបស់កម្ពុជា បានសហការជាមួយមូលនិធិប្រជាជនអង្គការសហប្រជាជាតិបានសហការគ្នាដាក់ឲ្យដំណើរការនូវកម្មវិធី មួយដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាពួកគេ ។​

កម្មវិធីទូរសព្ទនេះគឺជាការជឿនលឿនដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការផ្តល់ឱ្យអ្នកដែលជួបប្រទះអំពើហិង្សាមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន ការគាំទ្រ និងការថែ​ទាំ។

កម្មវិធីនេះ​ ផ្តល់ភាពងាយស្រួលដល់ការទទួលបានព័ត៌មានសំខាន់ៗ ដូចជាការយល់ដឹងអំពីអំពើហិង្សាផ្អែកលើយេនឌ័រ និងការបៀតបៀនផ្លូវភេទ ដោយបន្ថែមថាវាភ្ជាប់អ្នកប្រើប្រាស់ទៅកាន់បណ្តាញនៃសេវាកម្មសំខាន់ៗ រួមទាំងបណ្តាញទូរសព្ទបន្ទាន់ ជំនួយផ្នែកច្បាប់ និងការប្រឹក្សាផ្លូវចិត្ត ដែលជាមធ្យោបាយ សម្រាប់ស្រ្តីនិងកុមារអាចនឹងធ្វើការតស៊ូផ្នែកផ្លូវច្បាប់ប្រឆាំងនឹងបុរសនិងអ្នកដែលនិយមប្រើប្រាស់អំពើហិង្សាមកលើពួកគេតាមគ្រប់ទម្រង់ ។

វាគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រើបច្ចេកវិទ្យាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើយេនឌ័រ ខណៈដែលពេលនេះ ស្រ្តីនិងកុមារនៅតែជាកម្មវត្ថុនៃការរំលោភបំពានដោយបុគ្គលមួយចំនួន ។

តាមអ្វីដែលគេបានប្រកាសកម្មវិធីនេះផ្តល់ឱ្យស្ត្រី និងក្មេងស្រីនូវព័ត៌មាន និងធនធានដើម្បីស្វែងរកជំនួយនៅពេលដែលពួកគេត្រូវការបំផុតជាពិសេសនៅពេលដែលពួកគេមានអារម្មណ៍ថា​រងការបៀតបៀន ឬការគំរាមកំហែង។ វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើតសង្គមមួយដែលមានសុវត្ថិភាព និងសមធម៌ជាងមុនសម្រាប់ទាំងអស់គ្នាជាពិសេសគឺអំពើហិង្សាតែម្តង ។

នារីៗនិងកុមារីអាចទាញយកកម្មវិធីនេះមកប្រើប្រាស់បាន ដោយឥតគិតថ្លៃតាមទូរស័ព្ទគ្រប់ប្រព័ន្ធទោះជាវាដំណើរការដោយកម្មវិធី Android ដោយគេអាចស្វែងរកតាមរយៈ Google Play Store ហើយនឹងមានវត្តមានក្នុងពេលឆាប់ៗនេះនៅលើ Apple App Store សម្រាប់ឧបករណ៍ iOS ។

នេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយជ្រុងទៀតរបស់អាជ្ញាធរកម្ពុជានិងអង្គការដៃគូនានានៅក្នុងការធានា ឲ្យបុរសនិងនារីអាចទទួលបានសុវត្ថិភាពនិងការទទួលស្គាលនូវតម្លៃនៃសង្គមដោយស្មើរភាព ខណៈដែល ពេលនេះ​ បុរសមួយចំនួននៅតែមានអារម្មណ៍ទុទិដ្ឋិនិយមនឹងទស្សនៈសមភាពយេនឌ័រ ។ នៅក្នុងស្ថានភាពនេះហើយទើបស្រ្តីនិងកុមារីត្រូវការបំផុតនូវការយកចិត្តទុកដាក់បែបនេះ ។​

សរុបមកវិញយើងខ្ញុំសង្ឃឹមថា បងប្អូនស្រ្តីនិងកុមារីនឹងអាចទទួលបានការការពារពីផ្លូវច្បាប់ ហើយប្រព័ន្ធដែលដាក់នេះនឹងដំណើរការជាបន្តបន្ទាប់ ដោយមានប្រសិទ្ធភាពខ្ពស់ មិនមែនធ្វើតែមួយឆាវហើយក៏ស្ងាត់ទៅវិញនោះទេ ។ សូមរួមគ្នាលើកកំពស់ការពារស្រ្តីនិងកុមារី ពីអំពើរំលោភបំពានផ្សេងៗ ទាំងអំពើហិង្សា និងផ្លូវភេទ៕

 

Daily Program

Livesteam thumbnail