កុំចង់ឡូយ ហើយធ្វើខ្លួនឲ្យហ៊ឺហាបើអត់លុយ! តែឡូយទៅបង់រំលស់ច្បាស់ជាជាប់បំណុលមិនខាន

នៅក្នុងសង្គមដែលការប្រើប្រាស់និងការទិញទំនិញតាមប្រព័ន្ធបង់រំលស់កាន់តែមានភាពទូលំទូលាយ ការមានរថយន្ត ម៉ូតូ ទូរស័ព្ទ ឬសម្ភារៈប្រើប្រាស់ទំនើបៗ មិនមែនជារឿងពិបាកដូចពីមុនឡើយ ប៉ុន្តែសូមរិះគិតដើម្បីកុំអោយភាពហ៊ឺហារក្លាយជាបន្ទុក​។

នៅពេលនេះនៅក្នុងករណីអ្នកស្រលាញ់ហើយចង់បានរបស់របរនិងសំភារៈទាំងនោះមិនចាំបាច់មានលុយគ្រប់ទេ គ្រាន់តែមានប្រាក់កក់មួយចំនួន និងមានលទ្ធភាពបង់ប្រចាំខែ ក៏អាចយករបស់ដែលខ្លួនចង់បានមកប្រើប្រាស់បាន ប៉ុន្តែភាពងាយស្រួលនេះ ក៏អាចក្លាយជាអន្ទាក់ហិរញ្ញវត្ថុ ប្រសិនបើអ្នកប្រើប្រាស់មិនបានគិតគូរឱ្យបានច្បាស់លាស់មុនសម្រេចចិត្ត។

ជាក់ស្តែង មនុស្សមួយចំនួនអាចមានទំនោរចង់បានរបស់ថ្មីៗ ដោយសារតែការប្រកួតប្រជែងផ្នែកសម្ភារៈនិយមក្នុងសង្គម ។ ខ្លះទៀតយល់ថា មានរថយន្តថ្មីជិះ ឬ មានម៉ូតូថ្មីប្រើ គឺជាសញ្ញាបង្ហាញពីភាពជោគជ័យ ប៉ុន្តែអ្វីដែលគួរឱ្យពិចារណាជាងគេ មិនមែនថា យើងអាចយករបស់នោះមកប្រើបានឬអត់ទេ ប៉ុន្តែគឺថា យើងអាចទទួលខុសត្រូវលើការចំណាយរយៈពេលវែងបានឬទេដើម្បីទទួលសម្ភារៈទាំងនោះ។

ការបង់រំលស់មិនមែនជាការទទួលបានរបស់ដោយឥតគិតថ្លៃឡើយ តែ វាគឺជាការប្តូររវាងការទទួលបានរបស់មួយនៅថ្ងៃនេះ និងការយកចំណូលរបស់ខ្លួននៅថ្ងៃអនាគតមកបង់។ នោះមានន័យថា នៅពេលយើងចុះកិច្ចសន្យាបង់រំលស់ យើងកំពុងចងចំណែកមួយនៃប្រាក់ចំណូលរបស់ខ្លួនជារៀងរាល់ខែ សម្រាប់រយៈពេលដែលអាចមានរយៈពេលជាច្រើនឆ្នាំ។

បញ្ហាកើតឡើងនៅពេលមនុស្សម្នាក់យកប្រាក់ចំណូលដែលមានកំណត់ ទៅបង់លើរបស់ដែលមិនមែនជាតម្រូវការចាំបាច់ច្រើនពេក។ ឧទាហរណ៍ មានបំណុលបង់រថយន្តមួយ បំណុលបង់ម៉ូតូមួយ បង់ទូរស័ព្ទមួយ ហើយនៅមានការចំណាយប្រចាំថ្ងៃ ដូចជា អាហារ ផ្ទះសម្បែង ការធ្វើដំណើរ ការសិក្សារបស់កូន និងការចំណាយផ្សេងៗទៀត។ នៅពេលចំណូលមិនកើនឡើងតាមបំណុល ការរស់នៅនឹងកាន់តែតឹងតែង ហើយមនុស្សអាចត្រូវខ្ចីពីកន្លែងមួយទៅបង់កន្លែងមួយទៀត។

អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺមនុស្សមួយចំនួនផ្តោតតែលើ ចំនួនប្រាក់ដែលត្រូវបង់ក្នុងមួយខែ ប៉ុន្តែមិនបានគិតពី តម្លៃសរុបដែលត្រូវបង់រហូតដល់ចប់កិច្ចសន្យា។ ការបង់ប្រចាំខែដែលមើលទៅតិច អាចក្លាយជាចំនួនទឹកប្រាក់ដ៏ធំមួយនៅពេលគិតសរុបទាំងអស់ រួមទាំងការប្រាក់ និងថ្លៃចំណាយពាក់ព័ន្ធផ្សេងៗ។

ដូច្នេះ មុននឹងសម្រេចចិត្តទិញរថយន្ត ម៉ូតូ ទូរស័ព្ទ ឬសម្ភារៈណាមួយតាមការបង់រំលស់ គួរសួរខ្លួនឯងយ៉ាងហោចណាស់បីសំណួរ៖ តើវាចាំបាច់ឬទេ? តើខ្ញុំអាចទិញជាសាច់ប្រាក់បានឬទេ? ហើយប្រសិនបើចំណូលរបស់ខ្ញុំធ្លាក់ចុះ ឬបាត់បង់ការងារមួយរយៈ តើខ្ញុំនៅអាចបង់បំណុលនេះបានឬទេ?

ប្រសិនបើរបស់នោះជាឧបករណ៍សម្រាប់រកចំណូល ដូចជាម៉ូតូសម្រាប់ប្រកបរបរ ឬរថយន្តសម្រាប់អាជីវកម្ម ការបង់រំលស់អាចមានហេតុផលសមស្របជាងការទិញរបស់ដែលមានគោលបំណងត្រឹមតែបំពេញចំណង់ចង់បាន។ ទោះជាយ៉ាងណា ក៏ត្រូវគណនាឱ្យបានច្បាស់ថា ចំណូលដែលទទួលបានពីការប្រើប្រាស់ទ្រព្យសម្បត្តិនោះ អាចគ្របដណ្តប់ការបង់រំលស់ និងចំណាយពាក់ព័ន្ធបានកម្រិតណា។

ចុងក្រោយនេះ យើងគួរចងចាំថា របស់ដែលយើងមាន មិនមែនជារង្វាស់តម្លៃរបស់មនុស្សយើងទេ ជីវិតដែលមានភាពសុខសាន្ត គ្រួសារដែលមានស្ថិរភាព និងសមត្ថភាពរស់នៅដោយមិនជាប់បំណុលលើសលទ្ធភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃមួយ។ មុននឹងចុះហត្ថលេខាលើកិច្ចសន្យាបង់រំលស់ណាមួយ គួរឈប់ ហើយគិតបន្តិច រួចសួរខ្លួនឯងថា “ខ្ញុំកំពុងទិញរបស់ដែលខ្ញុំត្រូវការ ឬកំពុងទិញបន្ទុកសម្រាប់ខ្លួនខ្ញុំនៅថ្ងៃអនាគត?”

 

Daily Program

Livesteam thumbnail
khmer popup image