កុំចង់ចាយលុយគេ ប្រយ័ត្នមានពិរុទ្ធ !

បុរសម្នាក់ទំនងជាគិតថា ហេងហើយនៅសុខៗស្រាប់តែមានគេវេររទឹកប្រាក់ខ្ទង់លានដុល្លារ ចូលគណនីរបស់ខ្លួន ហើយក៏បានព្យាយាមវេររចេញ និង ចាយវាយ ប៉ុន្តែមិនបានប៉ុន្មានផងក៏ត្រូវបានសមត្ថកិច្ចខ្លួន។​

ហេតុការណ៍នេះបានកើតមាន កាលនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ វេរលាម៉ោង១៥និង១៤នាទីក្រោយពេលដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលពាក្យបណ្តឹង ដោយបញ្ជាក់ថា ក្រុមហ៊ុនមួយមានបញ្ហាបច្ចេកទេសធ្វើឱ្យមានប្រតិបត្តិការវេររប្រាក់ដោយភ័ន្តច្រឡំទៅកាន់គណនីមួយ ក្រោយមកបុគ្គលរូបនេះបានបន្តផ្ទេរប្រាក់ចេញទៅគណនីផ្សេងៗជាច្រើនទៀត។

តាមការចុះផ្សាយដោយសារព័ត៌មានមួយចំនួន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់លម្អិតតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ ថា បន្ទាប់ពីទទួលពាក្យបណ្តឹងការស៊ើបអង្កេតស្រាវជ្រាវមួយក៏បានដាក់ចេញ ហើយ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ដោយទី១ ជាម្ចាស់គណនីមានអាយុ២៣ឆ្នាំ និងម្នាក់ទៀត អាយុ១៩ឆ្នាំ។

ក្រោយស្រាវជ្រាវសមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកពាក់ព័ន្ធនឹងករណីនេះសរុប៥នាក់ ដោយ៣នាក់ឃាត់ខ្លួនដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និង២នាក់ឃាត់ខ្លួនដោយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង និងទូរស័ព្ទចំនួន៣គ្រឿង ហើយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យ និងសម្ភារៈជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី។

នេះគឺជារឿងកម្រមួយ ប៉ុន្តែវាក៏ជាសារមួយសម្រាប់លើកកំពស់ការប្រុងប្រយ័ត្ន។ ជាទូទៅនៅក្នុងករណីលុយតិចតួច​ដែលគេវេររខុស យើងអាចចាយបាន ប៉ុន្តែប្រសិនបើម្ចាស់គេសុំ គួរវេររអោយគេវិញទៅ តែប្រសិនបើឃើញគេវេររលុយច្រឡំហើយ យើងចង់បានរបស់គេ មិនអាចទេ។

ការទទួលបានលុយបែបនេះ ហើយយកទៅចាយគឺជាប់ពិរុទ្ធ ក្នុងភាពមិនស្មោះត្រង់ និង​ទុច្ចរិត ហើយកុំគិតថា គេមិនដឹងឲ្យសោះ។​ នៅពេលដែលយើងទទួលបានលុយគេវេរច្រឡំហើយយើងវេរចេញ រាល់ប្រតិបត្តិការសុទ្ធតែមានការកាត់ត្រា ដូច្នេះគេដឹងទាំងអស់ មិនអាចដកលុយគេចាយផ្តេសផ្តាស់បានឡើយ​។

ក្រៅពីនោះ អ្នកដែលផ្ញើនេះក៏គួរតែលើកកំពស់ការប្រុងប្រយ័ត្ន ពីព្រោះប្រតិបត្តិការហិរញ្ញវត្ថុឥឡូវនេះ គឺនៅលើម្រាមដៃប៉ុណ្ណោះ។ កាលណាវាលឿន វាស្រួល តែវាក៏មានហានិភ័យដែរ ដូច្នេះសូមប្រុងប្រយ័ត្នទាំងអស់គ្នា ​ហើយសីលធម៌ក៏គួរតែ​គោរពផងដែរ។ លុយណាដែលមិនមែនជាញើសឈាម ពីការងារ​បានមកពីការបញ្ចេញពលកម្មកុំចង់បានអីនាំតែមានពិរុទ្ធដូចករណីខាងលើនេះទេ៕

Daily Program

Livesteam thumbnail