កុំឃើញកំណើនសេដ្ឋកិច្ចប្រសើរហើយមិនប្រឹងប្រែងអោយសោះ !
ទាំងគណបក្សកាន់អំណាច និង ស្ថាប័នហិរញ្ញវត្ថុធំៗសុទ្ធតែវាយតម្លៃអំពីកំណើនសេដ្ឋកិច្ចនៅក្នុងស្ថានភាពដ៏វិជ្ជមានសម្រាប់កម្ពុជានាឆ្នាំ២០២៥នេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកុំផ្តេកផ្តួលរង់ចាំកំណើននេះ មកដល់ ។
គណបក្សប្រជាជនកម្ពុជាកាលពីសប្តាហ៍មុនបានបង្ហាញក្តីរំពឹងថា នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជាអាចនឹងសម្រេចបានកំណើននៅក្នុងរង្វង់៦,៣ភាគរយ ដោយសារតែមូលដ្ឋាននៃសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបានកាលពីឆ្នាំ២០២៤ មានភាពប្រសើរ ។ ជាក់ស្តែងឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើង ក្នុងអត្រាកំណើន ៦,០% អតិផរណាមានអត្រាទាប០,៨% , អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤.០៧១រៀល ឯទុនបម្រុងអន្តរជាតិបានកើនឡើងដល់២២.៥១១លានដុល្លារ ដែលអាចធានាការនាំចូលបានប្រមាណ៧ខែ ក្នុងឆ្នាំ ២០២៤។
ក្រៅពីគណបក្សប្រជាជនកម្ពុជាដែលជាអ្នកកាច់ចង្កូតរបស់ប្រទេស មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថាIMF ក៏ បានប្រកាសនៅដើមសប្តាហ៍នេះ ថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង៥,៨ ភាគរយនៅឆ្នាំ ២០២៥ កើនឡើងពី ៥,៥ ភាគរយនៅឆ្នាំ ២០២៤ ដែលត្រូវបានជំរុញដោយកំណើនដ៏រឹងមាំនៃការនាំចេញសម្លៀកបំពាក់ និងកសិកម្ម និងការធ្វើឱ្យសកម្មភាពទេសចរណ៍ប្រសើរឡើង។
ប្រភពដដែលនេះបានឲ្យដឹងថា មូលដ្ឋានទ្រទ្រង់កំណើនដែលបានមកពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ សំណង់ និងអចលនទ្រព្យ ទេសចរណ៍ និងកសិកម្ម គឺសុទ្ធតែមានកំណើន ដែលនាំឲ្យឆ្នាំ២០២៥គឺមានមូលដ្ឋានរឹងមាំ ។
អ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កំណើន GDP ពិតប្រាកដត្រូវបានជំរុញជាចម្បងដោយតម្រូវការខាងក្រៅ ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញសម្លៀកបំពាក់ និងកំណើនខ្ពស់នៃការនាំចេញកសិកម្ម ។
ផ្អែកតាមទឡ្ហីករណ៍នេះ កម្ពុជាអាចនឹងសម្រេចបានកំណើនសេដ្ឋកិច្ចនៅក្នុងជំហានដ៏វិជ្ជមានឡើងវិញបណ្តើរៗហើយក្រោយដាំក្បាលចុះដោយសារតែកូវីដ១៩ កាលពីឆ្នាំ២០២០ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកុំពឹងផ្អែកលើវា ។
ការព្យាករបង្ហាញកំណើនតិចថា កំណើននេះវាបានមកដោយយើងមិនខំប្រឹងប្រែងធ្វើការ មិនខំរកស៊ី មិនខំប្រកបរបរចិញ្ចឹមជីវិតវាកើតដូចការព្យាករចឹងមែន ។កំណើននេះវាគ្រាន់តែជាការព្យាករណ៍ វាអាចសម្រេចបានឫអត់អាស្រ័យនៅលើយើងទាំងអស់គ្នា ។នៅក្នុងករណីយើងត្រូវគេព្យាករណ៍វិជ្ជមាន ហើយយើងដេកមិនខំប្រឹងប្រែងធ្វើការរកស៊ី គឺវាអាចចុះទាបជាងនេះ ហើយផ្ទុយទៅវិញ បើយើងខំកាន់តែខ្លាំង កំណើនអាចហួសការព្យាករណ៍ក៏អាចបានផងដែរ។
សរុបទៅសូមកុំទម្លាក់ដៃហើយបន្ថយការខំប្រឹងប្រែង ។ការខំប្រឹងប្រែង ការព្យាយាម ការលះបង់និងមានទំនួលខុសត្រូវយើងពិតជាអាចធានាកំណើនកាន់តែប្រសើរ ដើម្បីឲ្យសង្គមរបស់យើងកាន់តែរីករចម្រើនទៅមុខកាន់តែទូលំទូលាយបន្ថែមទៀត។