កុំខ្លាចនឹងការគំរាម ! ការគំរាមមានប្រសិទ្ធភាពតែពេលយើងខ្សោយទេ

ការគំរាមនឹងមានប្រសិទ្ធភាពនៅពេលដែលភាគីទទួលមានអារម្មណ៍ថា គេមិនអាចជៀសផុតពីផលវិបាកអាក្រក់បាន ហើយភាគីគំរាមពិតជាមានសមត្ថភាព និងចេតនាក្នុងការអនុវត្តការគំរាមនោះ។

នៅក្នុងករណីដែលយើងត្រូវបានគេគំរាមកំហែងហើយយើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការគំរាមនោះ គឺយើងគួរតែត្រៀមខ្លួនឲ្យស្រេចហើយចាំវាយបកលើការ គំរាមនោះ។

ពេលខ្លះការគំរាមគ្រាន់តែជាការសម្លុតប៉ុណ្ណោះ ហើយប្រសិនបើគេគំរាមហើយគេធ្វើមែន យើងត្រូវឆ្លើយតបទៅវិញប្រកបដោយភាពត្រឹមត្រូវនិងសច្ចៈភាព ។

នៅពេលដែលយើងរងការគំរាមកំហែងពីគេ ទោះដោយប្រការណាក៏ដោយ គឺយើងគួរតែ រក្សាភាពស្ងប់ស្ងាត់ និងជឿជាក់។ ការបង្ហាញភាពជឿជាក់លើសមត្ថភាពខ្លួនឯង ដើម្បីឲ្យភាគីគំរាមដឹងថាការគំរាមមិនធ្វើឱ្យអ្នកភ័យខ្លាច ឬខ្វល់ច្រើនពេកនោះឡើយ។

ដើម្បីកុំអោយសត្រូវចេះតែថាយើងអន់ នៅក្នុងនាមជាអ្នកដែលរងនូវការគំរាមអ្វីដែលយើងគួរតែឆ្លើយតបគឺថា យើងត្រូវតែ បញ្ជាក់ព្រំដែនច្បាស់លាស់ដោយប្រាប់ឱ្យភាគីម្ខាងទៀតដឹងថា យើងយល់ច្បាស់ពីស្ថានការណ៍ ហើយនឹងមិនទទួលយកការគំរាមឡើយ។

ក្រៅពីនោះយើងក៏ត្រូវតែបង្ហាញជំហរហើយព្យាយាម ផ្តល់ជម្រើសដល់ភាគីម្ខាងទៀតតាមរយៈ ការបង្ហាញថាយើងនៅតែបើកចំហរក្នុងការពិភាក្សា ដើម្បីកាត់បន្ថយភាពតានតឹង។

`           ការបង្ហាញបែបនេះគឺជាសកម្មភាពឆ្លើយតបដែលបង្ហាញថា យើងអាចម្ចាស់ការនិងចេះគ្រប់គ្រងស្ថានការណ៍បានល្អ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីវាយបកគេវិញគ្រប់ជំហានគ្រប់យុទ្ធវិធី។

ជាមួយគ្នានោះយើងក៏ត្រូវតែ ត្រៀមប្រើសមត្ថភាពតាមផ្លូវច្បាប់ឬធនធានផ្សេងៗប្រសិនបើការគំរាមនៅតែបន្ត  ដើម្បីការពារខ្លួនយើង តាមវិធីស្របច្បាប់និងមានលក្ខណៈដែលមានការទទួលស្គាលនិងត្រូវបានគេចាត់ទុកថា ជាភាពចាស់ទុំ។

សរុបទៅនៅពេលណាដែលយើងមានសមត្ថភាពគ្រប់គ្រាន់ យើងគួរតែប្រើវិធីសាស្ត្រឆ្លើយតបដោយស្ងប់ស្ងាត់ មានជំហរ និងបង្ហាញថាអ្នកដែលគំរាមយើងថា យើងមិនងាយនឹងភ័យខ្លាចនឹងការគំរាមរបស់គេឡើយ ហើយនៅតែបើកទ្វារសម្រាប់ដំណោះស្រាយសន្តិវិធី ប្រសិនបើអាចធ្វើបាន។ យើងមិនគួរកាត់ផ្តាច់ផ្លូវក្រោយនោះទេ ពីព្រោះពេលខ្លះអ្នកគំរាមយើងនៅពេលដែលការគំរាមរបស់គេលែងមានប្រសិទ្ធភាព នោះគេនឹងងាយមករកយើងវិញ៕

Daily Program

Livesteam thumbnail