ការហូបចុកដែលសុវត្ថិភាព សូមកាត់បន្ថយអាហារមួយចំនួន!
អាហារនិងការហូបចុកសំខាន់ណាស់សម្រាប់ជីវិតរបស់មនុស្ស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអាហារនិងវិធីសាស្រ្តនៃការចំអិនខ្លះគឺអាចឲ្យសុខភាពយើងប្រសើរ តែវិធីសាស្រ្តចំអិនខ្លះក៏អាចធ្វើឲ្យសុខភាពយើងមានហានិភ័យផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហាអាហារនិងវិធីចំអិននេះ ក្រសួងសុខាភិបាលបានកំពុងតែផលិតនូវវីដេអូឃ្លីបអប់រំសុខភាពមួយ។ នៅក្នុងវីដេអូឃ្លីបដែលមានរយៈពេលត្រឹមតែជិតមួយនាទីនេះ គឺបានពន្យលត្រួសៗនូវ អាហារនិងវិធីសាស្រ្តចំអិនមួយចំនួន ដែលយើងគួរតែកាត់បន្ថយ។
តាមរយៈវីដេអូឃ្លីបនេះ ក្រសួងសុខាភិបាល បានលើកទឹកចិត្តយើងទាំងអស់គ្នាឲ្យព្យាយាមកាត់បន្ថយការទទួលទានពពួកអាហារនិងវិធីសាស្រ្តចំអិនមួយចំនួន។
ក្រសួងសុខាភិបាលបានលើកឡើងថា ពពួកអាហារបំពង ចៀន ខ្លាញ់សត្វ ខ្លាញ់កែរច្នៃ គឺសុទ្ធសឹងតែជាពពួកអាហារដែលបង្កឲ្យធាត់ ហើយនឹងកើតជំងឺបេះដូង និងគ្រោះថ្នាក់ដល់សរសៃឈាមខួរក្បាលជាដើម ដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្ននិងកាត់បន្ថយវា។
ក្រសួងបានលើកឡើងទៀតថា ដើម្បីបង្ការការធាត់ ជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល សូមធ្វើការផ្លាស់ប្តូរទម្លាប់នៃការចំអិន និង ការទទួលទានអាហារមួយចំនួន ដែលចំអិនតាមវិធីសាស្រ្តប្រើប្រាស់ខ្លាញ់ ដោយព្យាយាមងាកមក ទទួលទានបន្លែឱ្យបានច្រើន និងផ្លែឈើស្រស់ វិញ ។
នៅក្នុងពេលចំអិន សូមព្យាយាមបញ្ចៀសអាហារដែលប្រើពពួកខ្លាញ់ និង ប្រេងកៃច្នៃមួយចំនួនតាមការឆា ឬបំពង ឬចៀនចេញ ហើយងាយមករកវិធីសាស្រ្តចំអិនតាមបែបស្ងោរ ឫស្លរសម្លផ្សេងៗ។ នៅមុនពេលចំអិនប្រសិនបើសាច់នោះជាប់ខ្លាញ់ បើអាចសូមកាត់ឫចៀខ្លាញ់ចេញដើម្បីសុវត្ថិភាព ហើយពេលដែលចំអិនទៅ និងទទួលទានកុំអោយយើងប្រើប្រាស់ជាតិខ្លាញ់ច្រើនពេក ។
ក្រៅពីឆា បំពង ចៀន ចេញ អាហារប្រភេទអាំងមួយទៀតក៏គួរតែរិះគិតនឹងកាត់បន្ថយដែរ ពីព្រោះថា អាហារប្រភេទនេះក៏ជះឥទ្ធិពលខ្លាំងដល់សុខភាពផងដែរ ។ ផ្សែងចេញពីចំហេះធ្យូង ឬចង្ក្រាន ក៏ដូចជាកំទិចកំទីខ្លោចជាប់សាច់ដែលអាំងប្រសិនបើញឹកញាប់ពេក ក៏មានឯកសារបញ្ជាក់អំពីការព្រួយបារម្ភអំពីផលប៉ះពាល់ដល់សរីរាង្គរបស់យើងផងដែរ ។
សម័យនេះរបស់ហូបចុកសំបូរ ហូហៀរ ដូច្នេះហើយតែពេលណាយើងហូបមិនចេះគិតហូបខ្វះការប្រុងប្រយ័ត្ន នោះផលប៉ះពាល់នឹងមាន ដូច្នេះដើម្បីសុខភាពគប្បីមានការប្រុងប្រយ័ត្ន ។ ការប្រុងប្រយ័ត្ននេះ គឺនាំយើងឲ្យមានសុខភាពល្អ មិនសូវចំណាយច្រើននៅលើការព្យាបាលពេលដែលយើងមានជំងឺ ។ សូមលើកកំពស់ការប្រុងប្រយ័ត្ន ! ហូបគឺដើម្បីរស់និងមានកម្លាំងបំពេញការងារមិនមែនហូបដើម្បីហូប នោះទេ៕