ការវិនិយោគនៅលើការអប់រំគឺសំខាន់បំផុត !
នៅសម័យនេះឪពុកម្តាយម្នាក់ៗគឺពិតជាត្រូវចំណាយច្រើននៅក្នុងការអប់រំសម្រាប់កូនៗរបស់ពួកគេ ដោយសារតែថ្លៃចំណាយច្រើន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការវិនិយោគលើការអប់រំគឺនឹងហុចផលផ្លែ ច្រើនដល់សង្គមគ្រួសារនិងសង្គមជាតិ។
នៅក្នុងសម័យនេះដើម្បីតែការសិក្សារបស់កូន មានឪពុកម្តាយជាច្រើនសុខចិត្តខាំមាត់សង្កត់ចត់កាត់បន្ថយរាល់ការចំណាយផ្សេងៗ ដោយរួមទាំងការហូបចុក និង ការកំសាន្តផ្ទាល់ខ្លួនដើម្បីតែម្យ៉ាងគឺសន្សំលុយកាក់ទុកឲ្យកូន ដោយកូនរៀននៅសាលាខ្មែរមិនអស់ចិត្តគឺត្រូវសន្សំលុយបង់ថ្លៃរៀននៅសាលាភាសាហើយខ្លះទៀតរហូតដល់ខាំមាត់ខំប្រឹងត្រដរទាំងថ្ងៃទាំងយប់ធ្វើការរកប្រាក់ដើម្បីឧបត្ថម្ភកូនរៀនគួរបន្ថែម ទៀតនៅក្នុងបំណងប្រាថ្នាតែមួយប៉ុណ្ណោះគឺចង់ឲ្យកូនចេះកូនដឹង មានអនាគតល្អ។
ការខិតខំបែបនេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយរបស់ឪពុកម្តាយ ពីព្រោះថា នៅពេលដែលពួកគេទទលការអប់រំ ហើយនៅពេលដែលចម្រើនវ័យធំដឹងក្តីទោះបីជាពួកគេមិនបានតបស្នងសងគុណឪពុកម្តាយតាមគុណធម៌របស់ខ្សែរក៏ពិតមែន ប៉ុន្តែយ៉ាងហោចណាស់ក៏ពួកគេនឹងលែងក្លាយជាបន្ទុកសម្រាប់ឪពុកម្តាយថែមទៀត។
កាលណាពួកគេមានការអប់រំមានការងារធ្វើមានអនាគតពួកគេអាចរស់នៅដោយខ្លួនឯងបាន ហើយពួកគេនឹងបន្តកាតព្វកិច្ចសង្គមបន្តវឌ្ឈនភាពបន្តទៀត ខណៈដែលអ្នកដែលគិតខិតនៅលើបញ្ហានេះ ដោយខ្លះ ធ្វេសប្រហែសឫមើលស្រាលចំណុចនេះ ដោយយកលុយដែលខ្លួនរកបានទៅហ៊ឺហារ នឹងសំភារៈនិយម ហើយមិនសូវជាខ្វល់ខ្វាយនៅលើការអប់រំរបស់បុត្រធិតារបស់ខ្លួនលើការអប់រំនេះ នៅពេលដែលពួកគេ ធំដឹងក្តីពួកគេនឹងបន្តពឹងផ្អែកលើឪពុកម្តាយបន្តទៀតនោះហើយគឺជាអ្វីដែលនិយាយលែងចេញ។
មកដល់ពេលនេះផ្អែកនៅលើតថភាពជាក់ស្តែងនៃសង្គមរវាងគ្រួសារនឹងគ្រួសារនៅក្នុងសហគមន៍តែមួយ កាលពី១០ ទៅ២០ ឆ្នាំមុន គ្រួសារខ្លះដែលពីមុនរស់នៅក្នុងភាពហ៊ឺហារ ឡូយឆាយ នៅពេលដែលចាស់ជរា ហើយកូនៗធំៗចម្រើនវ័យ គ្រួសារដែលវិនិយោគនៅលើការអប់រំគឺមានភាពប្រសើរឆ្ងាយណាស់។ ខណៈដែលគ្រួសារដែលមើលស្រាលបញ្ហានេះ គឺមានតែបញ្ហា ដោយរួមទាំងការឈ្លោះគ្នាដណ្តើមកេរ្តិ៍ឪពុកម្តាយ ច្រណែននៅក្នុងគ្រួសារ កូនចៅរស់នៅមូលផ្តុំ មើលទៅនៅក្នុងសភាពទារុណ ខុសប្លែកកាលពីមុន។
ឡូយឆាយ សំភារៈនិយម គឺគ្រាន់តែជាការបង្ហាញខាងក្រៅប៉ុណ្ណោះ ដូច្នេះគប្បីកុំធ្វេសប្រហែលនៅលើការអប់រំ។ ទោះជាលំបាក លំបិន ត្រូវចំណាយច្រើនក៏ត្រូវតែតស៊ូពុះពារ ធ្វើយ៉ាងណាឲ្យកូនៗរបស់លោកអ្នករៀនឲ្យបានច្រើន។ រៀនច្រើនពួកគេនឹងមានចំណេះមានបំណិចជីវិត ទោះបីជាពួកគេមិនបានជួយអ្វីដល់យើងក៏ពួកគេមិនរស់ដោយពឹងផ្អែកនៅលើយើង។ ហើយយើងក៏មានភាពស្ងប់ស្ងាត់នៅពេលដែលជរាផងដែរ។ សូមកុំសំភារៈនិយម សូមលើកកំពស់និងផ្តល់តម្លៃនៅលើការអប់រំ។