ការរិតបន្តឹងព្រំដែន! នរណាខាត?

ការរិតបន្តឹងព្រំដែនជាមួយនឹងប្រទេសថៃដែលផ្តើមឡើងដោយសារតែបញ្ហាផ្ទុះអាវុធថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ ទាំងកម្ពុជានិងថៃគឺសុទ្ធតែខាតបងដូចតែគ្នាប៉ុន្តែសំខាន់គឺកិត្តិយសនិងសេចក្តីថ្លៃថ្នូនៅក្នុងនាមជាអរិយប្រទេស។
មកដល់ពេលនេះអាជ្ញាធរកម្ពុជាបានឈានដល់ដំណាក់កាលដាក់បម្រាមលើការនាំចូលបន្លែ និងផ្លែឈើថៃទាំងអស់ដែលនាំកម្ពុជាតាមច្រកព្រំដែន ។ ការសម្រេចចេញបម្រាមនេះ គឺធ្វើ ឡើយក្រោយពេលដែលអាជ្ញាធរថៃខ្លួនឯងគឺជាអ្នកដែលចាប់ផ្តើមបង្កបញ្ហាមុន។
បញ្ហាដែលនាំឲ្យមានការរិតបន្តឹងច្រកព្រំដែនដែលគេដឹងថាមួយថ្ងៃថៃនាំចេញទំនិញមកកម្ពុជាប្រមាណជា៥០០លានបាតឫស្មើនឹង១៥លានដុល្លារ គឺក្រោយពេលដែលយោធាថៃបានប្រកាសបិទព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០២៥។
ក្រោយមកភាគីទាំងពីរបានសម្រួលការបើកច្រកព្រំដែនទៅវិញទៅមក ប៉ុន្តែច្រកព្រំដែន ក៏បានរិតត្បិតខ្លាំង ហើយបញ្ហាតានតានក៏បានធ្វើឲ្យភាគីកម្ពុជាឈានដល់ការសម្រេចផ្អាកការនាំចូលបន្លែនិង ផ្លែឈើថៃទាំងអស់មិនអោយចូលកម្ពុជា។
ការរិតបន្តឹងបែបនេះមិនមែនវាប៉ះពាល់ដែលថៃប៉ុណ្ណោះទេ កម្ពុជាក៏បានប្រឈមមុខនឹង ផលប៉ះពាល់ផងដែរ ដោយសារតែកម្ពុជាក៏បាននាំចេញផលិតផលទៅថៃច្រើនដែរ ដោយមួយថ្ងៃប្រមាណជា ២ លានដុល្លារ ។ ក្រៅពីនោះគឺវាបង្កឲ្យមានផលប៉ះពាល់ ដល់វិស័យទេសចរណ៍ ដល់ ការនាំចេញជាដើម។
ផលប៉ះពាល់គឺវាមានទៅវិញទៅមក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងគាំទ្រជំហររបស់ រាជរដ្ឋាភិបាលកម្ពុជាលើចំណាត់ការនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភា បានថ្លែងថា ការធ្វើឲ្យមានប្រក្រតីភាពនៅព្រំដែនរវាងប្រទេសទំាងពីរអាចវិលមកប្រក្រតីភាពវិញ មិនយូរឡើយពោលគឺត្រឹមតែ ប្រមានជា ៥ ម៉ោងប៉ុណ្ណោះ ប៉ុន្តែសំខាន់អាស្រ័យនៅលើ ការសម្រេចចិត្តរបស់ភាគីថៃ។
ទាំងសម្តេចតេជោ និង សម្តេចធិបតី បានមានប្រសាសន៍ថា ការធ្វើឲ្យមានប្រក្រតីភាពពព្រំដែនប្រទេសទាំងពីរ គីមិនចាំបាច់ចរចាឡើយ ពោលគឺត្រឹមតែថៃធ្វើឲ្យមានប្រក្រតីភាពដូចមុនថ្ងៃទី៧ ខែមិថុនា ដូចដែលថៃសម្រេចជាឯកតោភាគីគឺរួចស្រេចទៅហើយ។
សម្តេចធិបតី បានមានប្រសាសន៍កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥ នៅពេលបិទមហាសន្និបាតសមាគមកាយរិទ្ធិកម្ពុជាថា គ្រាប់បាល់គឺនៅលើភាគីថៃ ហើយការដោះស្រាយបញ្ហាព្រំដែននេះ គឺងាយស្រួលបំផុត បិទឯកតោភាគី ពេលបើកគួរតែឯកតោភាគី គឺចប់ ។
សរុបសេចក្តីទៅ ភាពតានតឹងនៅព្រំដែននេះ គឺជារឿងដែលពិបាកនិយាយ ហើយអ្នកដែល រងផលប៉ះពាល់គឺមានទាំងសងខាង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយទំហំនៃការខាតបង់របស់កម្ពុជាគឺតិចតួច ។ក្រៅពីនោះ សម្រាប់កម្ពុជានេះគឺជាឱកាសដើម្បីពង្រឹងនិងលើកកំពស់ការបង្កបង្កើនផលបន្លែនិងអនុផលផ្លែឈើ ។ កន្លងមកកសិករយើងធ្លាប់មានបញ្ហារឿងខ្វះទីផ្សារដោយសារតែការហូរចូលពីប្រទេសជិតខាង ប៉ុន្តែឥឡូវនេះ ប្រភពដែលនាំចូលគឺកំពុងតែជាប់បម្រាម ។ យើងគួរតែប្រើប្រាស់ឱកាសនេះពង្រឹងជំហរនិងពង្រីកសក្តានុពលផលិតកម្មបន្លែនិងផ្លែឈើឡើងវិញ ហើយបន្ត ខិតខំធានារនិរន្តភាពឲ្យបាន៕
Daily Program
