ការមានក្រសួង ស្ថាប័ន និងគណៈកម្មាធិការកាន់តែច្រើន ធ្វើឱ្យការគ្រប់គ្រងកាន់តែស្មុគស្មាញមែនឬ?

ក្នុងសង្គមសម័យទំនើប ការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលគឺជាកត្តាសំខាន់មួយសម្រាប់ការដឹកនាំ និងការអភិវឌ្ឍប្រទេស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅលើបណ្តាញសង្គមថ្មីៗនេះ មានការជជែកគ្នារឿងកៀបស៊ី ដោយសារតែប្រទេសត្រូវបានពលរដ្ឋគិតថា កំពុងតែមានស្ថាប័ន និង​គណកម្មាធិកាកាន់តែច្រើន រហូតដល់បង្កើតការដណ្តើមការងារគ្នា ហើយបង្កើនការគ្រប់គ្រងនិងបង្កើតបែបបទត្រួតពិនិត្យកាន់តែស្មុគស្មាញ ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ មនុស្សមួយចំនួនយល់ថា កាលណាមានក្រសួង ស្ថាប័ន ឬគណៈកម្មាធិការកាន់តែច្រើន នោះការគ្រប់គ្រងនឹងកាន់តែស្មុគស្មាញ ហើយអាចបង្កឱ្យមានការដណ្តើមសិទ្ធិអំណាច ឬការស្វែងរកផលប្រយោជន៍រវាងស្ថាប័ន។ ចំណែកអ្នកផ្សេងទៀតវិញ យល់ថា ការមានស្ថាប័នច្រើនគឺជារឿងចាំបាច់ ដើម្បីបែងចែកការងារឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព។ តើទស្សនៈមួយណាសមហេតុផលជាង?

ជាការពិត ប្រសិនបើស្ថាប័នជាច្រើនមានភារកិច្ចស្ទួនគ្នា ឬអំណាចមិនត្រូវបានកំណត់ឱ្យច្បាស់ អាចនាំឱ្យកើតមានការភាន់ច្រឡំក្នុងការទទួលខុសត្រូវ ការពន្យារពេលក្នុងការសម្រេចចិត្ត និងជម្លោះក្នុងការសម្របសម្រួលការងារ។ នៅពេលប្រព័ន្ធខ្វះតម្លាភាព និងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព ក៏អាចបង្កើនហានិភ័យនៃការប្រើអំណាចមិនសមស្រប ឬអំពើពុករលួយផងដែរ។

ទោះជាយ៉ាងណា មិនអាចសន្និដ្ឋានថា ការមានស្ថាប័នច្រើនគឺជាមូលហេតុនៃបញ្ហាទាំងនេះដោយផ្ទាល់បានទេ។ ប្រទេសជាច្រើនមានក្រសួង និងអង្គភាពជាច្រើន ប៉ុន្តែអាចដំណើរការបានល្អ ដោយសារមានការបែងចែកតួនាទីច្បាស់លាស់ ការសម្របសម្រួលល្អ រួមទាំងប្រព័ន្ធគណនេយ្យភាព និងការត្រួតពិនិត្យដែលមានប្រសិទ្ធភាព។ នេះបង្ហាញថា បញ្ហាសំខាន់មិនមែនស្ថិតនៅលើ "ចំនួន" ស្ថាប័ននោះទេ ប៉ុន្តែស្ថិតនៅលើ "គុណភាពនៃការគ្រប់គ្រង"។

ដូច្នេះ ការកែលម្អប្រព័ន្ធគ្រប់គ្រងគួរផ្តោតលើការកំណត់តួនាទី និងសមត្ថកិច្ចរបស់ស្ថាប័ននីមួយៗឱ្យបានច្បាស់ ការកាត់បន្ថយការស្ទួនភារកិច្ច ការពង្រឹងតម្លាភាព ការលើកកម្ពស់គណនេយ្យភាព និងការអនុវត្តច្បាប់ដោយស្មើភាព។ កត្តាទាំងនេះមានសារៈសំខាន់ជាងការកាត់បន្ថយ ឬបង្កើនចំនួនស្ថាប័នតែមួយមុខ។

សរុបមក ការលើកឡើងថា «ក្រសួង ស្ថាប័ន និងគណៈកម្មាធិការកាន់តែច្រើន នាំឱ្យមានការដណ្តើមអំណាច និងការគ្រប់គ្រងកាន់តែស្មុគស្មាញ» អាចមានមូលដ្ឋានក្នុងបរិបទខ្លះ ប៉ុន្តែមិនមែនជាការពិតដែលអនុវត្តបានគ្រប់ករណីនោះទេ។ អ្វីដែលកំណត់ភាពជោគជ័យរបស់ប្រព័ន្ធរដ្ឋបាល គឺអភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងការបំពេញតួនាទីរបស់ស្ថាប័ននីមួយៗឱ្យមានប្រសិទ្ធភាព និងបម្រើផលប្រយោជន៍សាធារណៈពីតប្រាកដ។

 

Daily Program

Livesteam thumbnail