ការប្រើប្រាស់Solaតូចតាចមិនភ្ជាប់បណ្តាញអគ្គិសនីជាតិ សូមកុំបារម្ភ
បញ្ហានៃការប្រើប្រាស់ផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យដើម្បីផលិតថាមពលអគ្គិសនីបានក្លាយជារឿងក្តៅបំផុតនៅដើមខែកក្កដា ឆ្នាំ២០២៤ ក្រោយអាជ្ញាធរអគ្គិសនីចេញសេចក្តីជូនដំណឹងឲ្យពលរដ្ឋធ្វើការស្វ័យប្រកាសអំពីការដំឡើងនិងការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យនៅលើដំបូល ។
ក្រោយការចេញសេចក្តីជូនដំណឹងនេះក៏មានការបកស្រាយនិងព្រួយបារម្ភចែករំលែកពេញបណ្តាញសង្គម ហើយជជែកវែកញែកបែកអូហូរជាស្ទឹង ប៉ុន្តែសូមកុំភ្លេចហើយយល់ច្រឡំ ហើយនាំគ្នាឈឺក្បាលតទៅទៀត ។
អាជ្ញាធរអគ្គិសនីបានបំភ្លឺហើយគឺថា រាល់ការប្រើប្រាស់តូចតាចហើយមិនភ្ជាប់បណ្តាញអគ្គិសនីជាតិគឺមិនពាក់ព័ន្ធទេ ។
តាមការបំភ្លឺនោះ ចំពោះការដំឡើងសូឡាតូចតាចមានដូចជា អំពូលតាមបំភ្លឺសួនច្បារ កាមេរ៉ាសុវត្ថិភាព ម៉ាស៊ីនបូមទឹក ម៉ាស៊ីនកំដៅទឹក និយាយឲ្យចំគឺ មិនភ្ជាប់ទៅនឹងចរន្តភ្លើងអគ្គិសនី គឺមិនតម្រូវឱ្យមានស្វ័យប្រកាស និងសុំច្បាប់ទេ ប៉ុន្តែចំពោះអ្នកដែលត្រូវធ្វើការស្វ័យប្រកាស និងសុំច្បាប់ គឺអ្នកប្រើប្រាស់ប្រព័ន្ធសូឡាភ្ជាប់ជាមួយបណ្តាញជាតិ ដាក់តំឡើងសូឡាកំលាំងធំៗបម្រើឲ្យអាជីវកម្ម ដើម្បីបានចំណេញខ្លួនឯងហើយយកថាមពលអគ្គិសនីកម្ពុជាមកធ្វើជាថាមពលបម្រុង ។
សម្រាប់អ្នកអនុវត្តការប្រើប្រាស់ប្រព័ន្ធទាញថាមពលពីពន្លឺព្រះអាទិត្យធំៗទាំងនេះ នៅក្នុងករណីដែលមិនភ្ជាប់នឹងភ្លើងអគ្គិសនីរដ្ឋ ដោយប្រើប្រាស់តាមរយៈ អាគុយស្តុកប្រើដាច់ដោយឡែក ក៏មិនសុំច្បាប់ដែរ ។
និយាយឲ្យចំទៅអ្នកដែលត្រូវជាប់ពាក់ព័ន្ធនឹងការស្វ័យប្រកាសក៏ដូចជាច្បាប់គឺលុះត្រាតែអ្នកប្រើប្រាស់នោះតភ្ជាប់គ្នារវាងថាមពលដែលទាញពីផ្ទាំងសូឡា មកភ្ជាប់នឹងបណ្តាញអគ្គីសនីរដ្ឋ ។
សូមយល់ពីបញ្ហានេះនិងយល់ពីលក្ខណៈបច្ចេកទេសផង ពីព្រោះថា ថាមពលពីពន្លឺព្រះអាទិត្យ ពីខ្យល់ គឺជាថាមពលកកើតឡើងវិញ ប្រភេទអថេរ ដែលកម្លាំងផលិតប្រែប្រួលតាមធម្មជាតិ មិនជាប់ថេរតាមតម្រូវការ ហើយពុំអាចគ្រប់គ្រងបាន បើដាក់បញ្ចូលច្រើនលើសលុបទៅក្នុងប្រព័ន្ធជាតិ នឹងបង្កឱ្យមានបញ្ហាអស្ថិរភាពដល់បណ្ដាញជាតិ ឈានទៅមិនអាចប្រើប្រាស់អគ្គិសនីទាំងអស់គ្នា ដែលបណ្តាលឱ្យមានវិបត្តិធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ ហើយត្រូវការចំណាយថវិកាលើសលុបទៅលើប្រភពអគ្គិសនីផ្សេងដើម្បីយកមកជួយទប់ទល់ជំនួស។ ម៉្យាងវិញទៀតក៏អាចបង្កគ្រោះថ្នាក់ដល់អ្នកជួសជុលបណ្តាញអគ្គិសនី អ៊ិនធើណែត ទូរសព្ទ ទូរទស្សន៍ ក៏ដូចជាម្ចាស់ផ្ទះដែលដាក់ផងដែរ ប្រសិនភ្ជាប់មិនត្រឹមត្រូវ។
សរុបទៅសម្រាប់អ្នកដែលកំពុងតែប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ប្រសិនបើនៅក្នុងករណីមិនភ្ជាប់បណ្តាញជាតិមិនចាំបាច់ឈឺក្បាលទេ ប៉ុន្តែអ្នកដែលភ្ជាប់សូមពិភាក្សានិងពិគ្រោះជាមួយនឹងអ្នកជំនាញ ដើម្បីស្វែងរកភាពត្រឹមត្រូវរបស់ខ្លួនបន្ថែមទៀត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទាំងអស់គ្នាគួតែប្រុងប្រយ័ត្នជាប់ជានិច្ច៕