ការប្រកាសបន្សុតគ្រឿងញៀនពីកងកម្លាំងជារឿងត្រឹមត្រូវ

ការប្រកាសបន្សុតកងកម្លាំងប្រដាប់អាវុធនិងសមត្ថកិច្ចប៉ូលីសពីបញ្ហាគ្រឿងញៀនគឺជារឿងដែលត្រឹមត្រូវ ពីព្រោះជាកម្លាំងបង្រ្កាបនិងប្រយុទ្ធផ្ទាល់នឹងសារធាតុដ៏គ្រោះថ្នាក់នេះ ហើយចុះបើកម្លាំងបង្រ្កាបញៀនដែរតើបង្រ្កាបយ៉ាងណា?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសជាសាធារណៈកាលពីថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២៣ ដែលជាសារដ៏មានទម្ងន់លើកទីមួយដែលលោកបានធ្វើជាសាធារណៈចាប់តាំងពីឡើងកាន់ដំណែងនៅខែសីហា កន្លងមកថា រាល់សមត្ថកិច្ចប៉ូលិស និងកងកម្លាំង ប្រដាប់អាវុធគឺត្រូវតែបន្សុតពីគ្រឿងញៀន។

សម្តេចបានបញ្ជាក់ដោយសង្កត់ធ្ងន់ថា ចាប់ពីពេលនេះតទៅ មន្ត្រីកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលពាក់ព័ន្ធគ្រឿងញៀន ឬ​ខ្លួនឯងញៀនគ្រឿងញៀននឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការយោគយល់។

សម្តេចបានបញ្ជាក់ថា ការបោសសម្អាតគ្រឿងញៀនចំពោះកងកម្លាំងប្រដាប់អាវុធនឹងត្រូវអនុវត្តមុនគេ ហើយមន្ត្រីដែលពាក់ព័ន្ធគឺត្រូវបណ្តេញចេញពីក្របខណ្ឌភ្លាមៗទោះគេមានកម្រិតនិងបុណ្យស័ក្តិប៉ុណ្ណាក៏ដោយ ហើយក្រោយពីបណ្តេញចេញហើយនោះសាមីក្រសួង គឺក្រសួងការពារជាតិ ឬក៏មហាផ្ទៃអាចមានសិទ្ធិជ្រើសរើសមន្រ្តីតាមចំនួនដែលត្រូវបណ្តេញចេញនោះ ប៉ុន្តែមិនមែនជំនួសមន្រ្តីដែលបណ្តេញចេញនោះទេ គឺត្រូវរើសពីមន្រ្តីក្រមខណ្ឌកម្រិតដំបូង មក​។​

ក្រៅពីការអនុវត្តចំពោះកងកម្លាំងប្រដាប់អាវុធ សម្តេចធិបតី ក៏បញ្ជាឱ្យបណ្តេញជនបរទេសណាដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនចេញពីប្រទេសផងដែរ បន្ទាប់ពីអនុវត្តច្បាប់រួចរាល់។

គ្រឿងញៀននៅកម្ពុជាគឺជាបញ្ហាប្រឈមមួយដ៏ចំបងនៅក្នុងសង្គម ដោយមួយឆ្នាំៗសមត្ថកិច្ច បានបង្រ្កាបបញ្ហាគ្រឿងញៀននេះរាប់តោន ក៏មាន និងបានចាប់ខ្លួនជនល្មើស អ្នកប្រើប្រាស់ រាប់រយនាក់​ ​ហើយនៅក្នុង រយៈពេលជាង១១ខែ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបគ្រឿងញៀន បានសរុបចំនួន៧.៨៣៥ដោយ ឃាត់មនុស្ស១៩.៤៨៤នាក់ ក្នុងនោះ មានជនបរទេស ៤៩៩នាក់ មាន១៧សណ្ជាតិ។ គ្រឿងញៀនដែនចាប់ និងរឹបអូសបានកន្លងមក គឺមានក្រុមដែលប៉ុនប៉ងនាំចូល ឆ្លងកាត់ និង​ប្រើប្រា​ស់នៅក្នុងស្រុកតែម្តង។

សរុបមកវិញបញ្ហាគ្រឿងញៀនគឺពិតជាធ្ងន់ធ្ងរណាស់នៅក្នុងសង្គម ហើយពិតជាប្រពៃណាស់ ដែលសមត្ថកិច្ចនិងកងកម្លាំងត្រូវបោសសំអាតបែបនេះ ខណៈដែលបញ្ហានេះគួរតែធ្វើនៅក្នុង ជួរមន្រ្តីរាជការ និង​បុគ្គលិកស៊ីវិលផងដែរ ប៉ុន្តែចាំបាច់ក៏ត្រូវតែសិក្សារង្វាស់រង្វាល់ច្បាស់លាស់ ពីព្រោះថ្នាំព្យាបាលខ្លះ ក៏មានកម្រិតសារធាតុញៀនដែរ ប្រសិនបើត្រឹមតែធ្វើសតេសទឹកនោម៕

 

Daily Program

Livesteam thumbnail