ការបង្រ្កាបគ្រឿងញៀនសកម្ម តែឧក្រិដ្ឋកម្មនេះនៅតែមានសន្ទុះខ្លាំង

នៅដើមខែកញ្ញាឆ្នាំ២០២៥នេះសមត្ថកិច្ចកម្ពុជាបានបង្រ្កាបករណីពាក់ព័ន្ធនឹងគ្រឿងញៀនយ៉ាងសម្បើមណាស់ ដោយ២ថ្ងៃសោះគឺសម្រេចបានករណីបង្រ្កាបដល់ទៅ​៧៨ករណី ហើយជនសង្ស័យដែលឃាត់ខ្លួនគឺមានប្រមាណជា​៣០០ នាក់។​

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា​នៅថ្ងៃទី ០១ ខែកញ្ញា សមត្ថកិច្ចបានបង្រ្កាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៥៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៣៧នាក់ ហើយនៅថ្ងៃទី ០២ ខែដដែល គឺបន្ថែម២០ករណីទៀត ហើយឃាត់ខ្លួនជនសង្ស័យបានដល់ទៅ ៦៧នាក់បន្ថែម។

តាមរបាយការណ៍គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបាននោះគឺមាន មេតំហ្វេតាមីន កេតាមីន អ៊ិចស្តាស៊ី កូកាអីន នីមេតាហ្សាប៉ាម កញ្ឆា និង គីមីផ្សំមួយចំនួនថែមទៀត។​

នៅក្នុងថ្ងៃនោះ សំបុកគ្រឿងញៀនធំបំផុតគឺនៅខេត្តព្រះសីហនុ ដោយសមត្ថកិច្ចបង្ក្រាបករណីជួញដូ១០ករណីឃាត់ខ្លួនមនុស្សសរុប ៤៧ នាក់ ករណីប្រើប្រាស់មាន ២៤ ករណី ឃាត់ខ្លួនមនុស្សបាន១៤៦ នាក់។

ផ្អែកតាមស្ថានភាពនេះ ខេត្តព្រះសីហនុទំនងជានៅតែជាសំបុកឧក្រិដ្ឋកម្មនេះតែម្តង ខណៈដែលខេត្តផ្សេងៗ ដូចជា​កំពង់ឆ្នាំង កំពត សៀមរាប ស្ទឹងត្រែង ប៉ៃលិន បន្ទាយមានជ័យ ក្រចេះ មណ្ឌលគីរី ស្វាយរៀង តាកែវ កណ្តាល ជាដើម គឺត្រឹមតែមួយករណីឬពីរករណីប៉ុណ្ណោះ។​

ផ្អែកតាមរបាយការណ៍នេះ​ឃើញថា របាយនៃសកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងការប្រើប្រាស់និង ជួញដូរគឺឃើញច្រើនខេត្ត ដូច្នេះវាពិតណាស់ថា គ្រឿងញៀនគឺជាបញ្ហាដែលកំពុងតែកើតមានសឹងតែគ្រប់ខេត្តទៅហើយ។​

សូមលើកកំពស់ការខិតខំប្រឹងប្រែងបន្ថែមទៀតនៅក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ហើយទាំងអស់គ្នាគឺសុទ្ធតែមានតួនាទីនិងភារកិច្ចនៅក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ពីព្រោះគ្រឿងញៀនវាអាចបំផ្លាញអនាគតយើង និងក្រុមគ្រួសារយើងទាំងអស់គ្នា ប្រសិនបើយើងធ្វេសប្រហែស។

បញ្ហាគ្រឿងញៀនជាបញ្ហារួម មិនមែនជាបញ្ហារបស់នរណាម្នាក់ គ្រួសារណាមួយ ឬសហគមន៍ណាទេ គឺគ្រប់គ្នាមានភារកិច្ចទាំងអស់គ្នានៅក្នុងការនិយាយថាទេចំពោះគ្រឿងញៀន។

ដើម្បីលុបំបាត់ករណីនេះ សមត្ថកិច្ចត្រូវបន្តនិងបង្កើនសកម្មភាបបង្រ្កាប ហើយពលរដ្ឋម្នាក់ៗសូមនៅឲ្យឆ្ងាយពីគ្រឿងញៀន គ្រួសារត្រូវអប់រំនិងរំលឹកសមាជិកកុំអោយធ្លាក់ខ្លួនសាកល្បង ហើយសហគមន៍ និង សង្គម ក៏ត្រូវតែសកម្មនៅក្នុងការលើកកំពស់ការយល់ដឹងនឹងចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនទាំងអស់គ្នា៕

 

Daily Program

Livesteam thumbnail