ការទទួលទានផ្លែឈើតាមរដូវ ជួយអ្វីខ្លះដល់យើងទាំងអស់គ្នា?

ផល្លានុផលនៅក្នុងស្រុកយើងគឺមិនចេះខ្វះទេ គឺបែងចែករដូវគ្នាជាបន្តបន្ទាប់មិនចេះអស់ លើកលែងតែផល្លានុផលខ្លះដែលមានជាប្រចាំដូចជាចេក និង ដូង ជាដើម។ ចុះថាតើវាមានប្រយោជន៍យ៉ាងណានៅក្នុងការអំណត់និងរង់ចាំទទួលទានបណ្តាផល្លានុផលទាំងនេះតាមរដូវ​។​

ផល្លានុផលផ្លែឈើតាមរដូវនៅកម្ពុជាគឺមានដូចជាស្វាយ ទុរេន មង្ឃុត ក្រូចពោធិ៍សាត់​ ទៀប​​ស្វិត ទៀបបាយ និង ទៀបបារាំង អំពិលទឹក រាប់សិបមុខទៀត។ ជាទូទៅទៅបណ្តាផល្លានុផលផ្លែឈើទាំងនេះគឺវាមានរដូវ​កាលរបស់វា ដូចជាទុរេនជាដើម រដូវដែលសំបូរគឺនៅខែឧសភា​ដល់​ខែ​សីហា។​

ជាទូទៅ​​ផល្លានុផលទាំងនេះយើងអាចរកមកទទួលទានបានពីផ្សារដូចគ្នា ប៉ុន្តែគ្រាន់តែវាមានតម្លៃថ្លៃដោយសារតែវាកម្រ ដូច្នេះហើយទើប​មានអ្នកខ្លះឆ្លៀតឱកាសប្រឹងកែខៃធម្មជាតិ ដើម្បីបានប្រាក់កម្រៃខ្ពស់។​

ការប្រឹងប្រែងខ្លះ ប្រសិនបើគោរពតាមគោលការណ៍សុវត្ថិភាពតាមក្បួនខ្នាតត្រឹមត្រូវ វាមិនអីនោះទេ ប៉ុន្តែនៅក្នុងករណីដែលគេប្រើប្រាស់វិធីសាស្រ្តអសុវត្ថិភាព តាមរយៈការប្រើប្រាស់សារធាតុគីមីឬជីជំរុញ គឺវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។

ជាទូទៅបណ្តាផល្លានុផលទាំងនេះ វាពិតជាមានដើមរុក្ខជាតិខ្លះអាចប្រែប្រួល ហើយផ្លែនឹងអោយផលមុនរដូវ ដូច្នេះហើយអ្នកដែលដាំនិងប្រមូលផលបែបនោះគឺហេង ប៉ុន្តែមិនអ៊ីចឹងឯណាសម័យឥឡូវគឺគេមានជីគីមីឬថ្នាំអ័រមូនដែលចាក់ឬបាញ់ ឬដាក់នៅគល់អោយរុក្ខជាតិចេញផ្កានិងចេញផ្លែ ហើយខ្លះទុំអាចប្រមូលផលគឺក៏មានជាហូរហែរ។​

នៅក្នុងស្ថានភាពបែបនេះ យើងជាអ្នកទទួលទានគួរតែកុំអាលឃ្លានអី តិចឬច្រើនចូរ​សង្កត់ចិត្តសិន រង់ចាំដល់រដូវកាល​របស់​វា​សឹមទិញទទួលទាន។ ផល្លានុផលនេះ​គឺមានតម្លៃថ្លៃ ហើយ​ប៉ះពាល់​ដល់​សុខភាព​មិន​តិច​ទេ ហើយរសជាតិក៏វាមិនសូវជាឆ្ងាញ់ពិសារដូចផល្លានុផល​ធម្មជាតិដែរ។​

ផ្ទុយទៅវិញនៅពេលដែលយើងទទួលទានផល្លានុផលនៅតាមរដូវ យើងអាចទទួលបានផល្លានុផលដែលមានរសជាតិឆ្ងាញ់តាមធម្មជាតិ មានសុវត្ថិភាព ហើយតម្លៃវិញក៏ធូរថ្លៃ ម្យ៉ាងវិញទៀតយើងក៏អាចញ៉ាំនិងទទួលទានបានឆ្អែតឆ្អន់ថែមទៀតផង។​

សរុបទៅនៅក្នុងករណីឃ្លានផល្លានុផល​ខុស​រដូវ​ គួរតែសង្កត់ចិត្តសិនរង់ចាំ​ដល់រដូវរបស់​វាសិន យើងអាចទិញមកទទួលទានមួយ​ចម្អែតបាន។ ធ្វើយ៉ាងនេះយើងក៏បានរបស់ល្អមានគុណប្រយោជន៍ដល់​សុខភាព ហើយក៏មានគុណតម្លៃរឿងរសជាតិផងដែរ៕  

Daily Program

Livesteam thumbnail