ករណីឃាតកម្មនិងដុតសាកសព៩នាក់នៅកំពង់ចាម គួរមានការសិក្សាស៊ីជម្រៅ !

ករណីអំពើឃាតកម្មដ៏រន្ធត់និងសាហាវកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ថ្មីៗនេះ ក្រៅពីផ្តន្ទាទោសជនដៃដល់ហើយនោះ សង្គមគួរតែ​សិក្សាស៊ីជម្រៅ និង​វិភាគរកហេតុផលពិតប្រាកដ ដើម្បីបង្ការកុំអោយករណី​នេះកើតមានឡើងជាថ្មី។​

នេះគឺជាអំពើឃាតកម្មដែលផ្ទុះការចាប់អារម្មណ៍បំផុតនាចុងឆ្នាំ២០២៥ ដោយវាកើតឡើងនៅព្រឹកព្រលឹម វេលាម៉ោង ៥ និង ៣០នាទី ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ពោលគឺ នៅដីចម្ការដាច់ស្រយាលមួយ។

ករណីឃាតកម្មនេះ បានបណ្តាលឱ្យមានមនុស្សចំនួន ៩នាក់ បាត់បង់ជីវិត ក្នុងនោះ៨នាក់បានស្លាប់នៅក្នុងភ្នក់ភ្លើង និងម្នាក់ទៀតត្រូវបានអារកសម្លាប់នៅចម្ងាយប្រហែល ១០០ម៉ែត្រ ពីទីតាំងផ្ទះដែលឆេះ។ ជនរងគ្រោះទាំង៩នាក់នោះមានស្រី៧នាក់ និងប្រុស២នាក់ ដែលសុទ្ធតែជាសាច់ញាតិនឹងគ្នា។

ក្រោយកើតហេតុជនសង្ស័យជាឃាតករ​ត្រូវបានវែកមុខ ពោលគឺជាមនុស្សនៅក្នុងគ្រួសារនេះតែម្តង។ ឃាតករមានអាយុទើបតែ២១ឆ្នាំ​ ត្រូវជាប្តីរបស់ជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកស្លាប់​។ ឃាតករវ័យក្មេងរូបនោះ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ៩:៣០នាទីព្រឹកថ្ងៃដដែល។

នៅពេលសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យហាក់មានស្មារតីមិនប្រក្រតី។ បើតាមការពិនិត្យទឹកមូត្រជនសង្ស័យពុំពាក់ព័ន្ធនឹងសារធាតុញៀនឡើយ។

តាមការប្រកាសរបស់អាជ្ញាធរខេត្តកំពង់ចាមបានឲ្យដឹងថា សមត្ថកិច្ចកំពុង​បន្តយកឈាមរបស់ជនសង្ស័យទៅពិនិត្យ និងបន្តវិភាគបញ្ហាស្មារតីរបស់គេបន្ថែមទៀត។

ប្រភពដដែលបានបន្តថា ជាការសន្និដ្ឋានបឋម ជនសង្ស័យ និងក្រុមជនរងគ្រោះ គឺជាសាច់ញាតិនឹងគ្នា ដូច្នេះ បញ្ហាឃាតកម្មនេះ គឺជាបញ្ហាផ្ទៃក្នុងគ្រួសារ។ ចំពោះមូលហេតុដែលនាំទៅដល់ការបង្កើតឱ្យមានឃាតកម្មនេះ ជនសង្ស័យបានសារភាពថា ខ្លួន​គុំគួនប្រពន្ធដែលតែងតែមានជម្លោះជាមួយ​គ្នាជាប្រចាំ រហូតដល់គេ​បានសម្រេចចិត្តសម្លាប់ម្តាយក្មេក ប្រពន្ធ ប្អូនថ្លៃ និងក្មួយៗ សរុបទាំងអស់ ៩នាក់។

ជាការពិត នេះ គឺជាអំពើឃាតកម្មប្រចាំឆ្នាំ ហើយអាចថាប្រចាំទស្សវត្ស៍ផង។ ដូច្នេះការផ្តន្ទាទោសជនល្មើស គឺជារឿងចាំបាច់ត្រូវតែធ្វើ ដើម្បីកុំអោយជននេះបង្កអំពើដ៏ឃោឃៅបែបនេះជាថ្មី ប៉ុន្តែហេតុផលពិតប្រាកដនៅពីក្រោយការសម្រេចចិត្តដ៏រន្ធត់បែបនេះ ក៏គួរតែសិក្សានិងវិភាគរកមូលហេតុឲ្យច្បាស់លាស់។​  រឿងនេះមិនមែនជារឿងធម្មតាឡើយ ពីព្រោះមនុស្សម្នាក់មានកំហឹងរហូតដល់អាចលើកដៃប្រហារជីវិតមនុស្ស នៅក្នុងគ្រួសារដល់ទៅ៩នាក់ គឺវា​ពិបាក​នឹង​និយាយ។ ការសិក្សាវិភាគរកមូលហេតុវាមានប្រយោជន៍សម្រាប់ការបង្ការក៏ដូចជាការត្រៀមអប់រំចិត្ត ក៏ដូចជាងាយស្រួលដល់សង្គមនៅក្នុងការកំណត់បញ្ហា ដើម្បីបង្ការទុកជាមុននូវការប៉ុនប៉ងធ្វើសកម្មភាពដោយអ្នកក្រោយៗទៀត៕

 

Daily Program

Livesteam thumbnail