ករណីគ្រោះថ្នាក់ចរាចរណ៍នៅរាត្រីថ្ងៃទី២៨ កក្កដា មិនមែនចប់ត្រឹមចាប់ខ្លួនទេ!

ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា នៅតាមបណ្តោយផ្លូវលេខ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយស្ត្រីវ័យក្មេងម្នាក់ បើកបររថយន្តទំនើបទៅបុកមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជិះម៉ូតូរហូតដល់បាត់បង់ជីវិត គឺមិនមែនបញ្ចប់ត្រឹមការចាប់ខ្លួននោះទេ។

ករណីគ្រោះថ្នាក់នេះ បើនិយាយអំពីចំណាត់ការច្បាប់ គឺទើបតែបានឈានដល់ដំណាក់កាលប្រមាណជាពាក់កណ្តាលប៉ុណ្ណោះ។ តាមនីតិវិធីច្បាប់ បន្ទាប់ពីចាប់ខ្លួនជនបង្កក្នុងករណីនេះ គឺត្រូវឈានដល់តុលាការ និងដំណើរការក្តីក្តាំ ដើម្បីកំណត់ទោស និងកំណត់បញ្ហាឱ្យបានច្បាស់លាស់។

នៅក្នុងករណីនេះ ក្រៅពីសំណង ទោសទណ្ឌរបស់ជនបង្កក៏ជាចំណុចមួយដែលយើងគួរតាមដានបន្តទៀត ដើម្បីឱ្យប្រតិបត្តិការ និងយន្តការដោះស្រាយតាមផ្លូវច្បាប់ ព្រមទាំងការអនុវត្តច្បាប់ ធានាបាននូវយុត្តិធម៌ពិតប្រាកដចំពោះជនរងគ្រោះ និងក្រុមគ្រួសារ។

ករណីខ្លះដែលកើតមានពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ វាមានសក្ខីកម្មរួចមកហើយថា បន្ទាប់ពីឆ្លងកាត់នីតិវិធីតុលាការហើយ សូម្បីតែការអនុវត្តសាលដីកាតុលាការ ក៏ជាចំណុចមួយដែលយើងគួរតែយកចិត្តទុកដាក់ និងគួរតែមានតម្លាភាពផងដែរ។ តាមនីតិវិធី បន្ទាប់ពីការឃាត់ខ្លួន សំណុំរឿងត្រូវបញ្ជូនទៅតុលាការ ដើម្បីស៊ើបអង្កេត ពិនិត្យភស្តុតាង ស្តាប់សក្ខីកម្ម និងដំណើរការជំនុំជម្រះស្របតាមច្បាប់ មុននឹងតុលាការសម្រេចថា តើមានទោស ឬគ្មានទោស និងកំណត់ទោសស្របតាមច្បាប់ជាធរមាន។

នៅក្នុងករណីនេះ ក្រៅពីបញ្ហាសំណងជូនជនរងគ្រោះ និងក្រុមគ្រួសារ ការអនុវត្តទោសចំពោះជនដែលតុលាការរកឃើញថាមានទោស ក៏ជាចំណុចដែលសាធារណជនកំពុងតាមដានផងដែរ។ អ្វីដែលសង្គមចង់ឃើញ គឺការអនុវត្តនីតិវិធីប្រកបដោយឯករាជ្យ តម្លាភាព និងស្មើភាពចំពោះមុខច្បាប់ ដោយមិនគិតពីឋានៈ អាជីព ទ្រព្យសម្បត្តិ ឬឥទ្ធិពលរបស់ភាគីណាមួយឡើយ។

ជាក់ស្តែង ករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយចំនួននាពេលកន្លងមក បានធ្វើឱ្យមហាជនមានការព្រួយបារម្ភ មិនត្រឹមតែអំពីការកាត់ក្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីការអនុវត្តសាលក្រម ឬសាលដីកាឱ្យមានប្រសិទ្ធភាព និងស្របតាមច្បាប់ទៀតផង។ ដូច្នេះ ការធានាឱ្យមានតម្លាភាពចាប់ពីដំណាក់កាលស៊ើបអង្កេត រហូតដល់ការអនុវត្តសេចក្តីសម្រេចរបស់តុលាការ គឺជាកត្តាសំខាន់ក្នុងការពង្រឹងជំនឿរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌។

លើសពីនេះ ករណីនេះក៏ជាការរំលឹកដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ថា ការគោរពច្បាប់ចរាចរណ៍ ការបើកបរដោយប្រុងប្រយ័ត្ន និងការទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន គឺជាកាតព្វកិច្ចដែលមិនអាចមើលរំលងបាន ព្រោះការធ្វេសប្រហែសតែមួយភ្លែត អាចបណ្តាលឱ្យបាត់បង់អាយុជីវិត និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារ និងសង្គមទាំងមូល។

សរុបមក ករណីនេះមិនទាន់បញ្ចប់ឡើយ ហើយការចាប់ខ្លួនជនសង្ស័យគ្រាន់តែជាដំណាក់កាលមួយនៃនីតិវិធីច្បាប់ប៉ុណ្ណោះ។ អ្វីដែលសាធារណជនកំពុងរង់ចាំ គឺលទ្ធផលនៃដំណើរការតុលាការដែលប្រកបដោយយុត្តិធម៌ តម្លាភាព និងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។ ការផ្តល់យុត្តិធម៌ពេញលេញដល់ជនរងគ្រោះ និងក្រុមគ្រួសារ មិនមែនស្ថិតនៅត្រឹមការសម្រេចសាលក្រមប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើការអនុវត្តសេចក្តីសម្រេចនោះឱ្យបានពិតប្រាកដ និងស្មើភាពចំពោះមុខច្បាប់។ មានតែការអនុវត្តច្បាប់ដោយគ្មានការរើសអើង និងមានគណនេយ្យភាពប៉ុណ្ណោះ ទើបអាចពង្រឹងទំនុកចិត្តរបស់សង្គមចំពោះប្រព័ន្ធយុត្តិធម៌ និងរួមចំណែកទប់ស្កាត់កុំឱ្យសោកនាដកម្មបែបនេះកើតឡើងម្តងទៀត។

 

Daily Program

Livesteam thumbnail
khmer popup image