កម្មករក្រៅប្រទេសក្រៅពីទៅរកលុយគួរស្វះស្វែងរកចំណេះនិងជំនាញមកអភិវឌ្ឈន៍មុខរបរក្នុងស្រុក

កម្មករនិងកម្មការនីដែលបានស្វះស្វែងរកហើយមានឱកាសចេញទៅបំពេញការងារនៅក្រៅប្រទេសមិនថាប្រទេសណាឫប្រទេសណីនោះទេ ក្រៅពីដើម្បីប្រាក់ខែ មានទំនួលខុសត្រូវលើការងារ បើចង់រីកចំរើនបន្ថែមគឺគួរតែខិតខំធ្វើយ៉ាងណាខំប្រឹងក្រេបជញ្ជក់យកចំណេះនិងជំនាញពីក្រៅមកអភិវឌ្ឈន៍ខ្លួន។​

មកដល់ពេលនេះ ប្រទេសកម្ពុជា ក៏មានពលករប្រមាណជាជាង ១,៣លាននាក់ កំពុងធ្វើការនៅប្រទេសជាច្រើននៅអាស៊ី ដោយមានថៃ កូរ៉េខាងត្បូង ជប៉ុន និងបណ្តាប្រទេសរីកចម្រើនផ្សេងទៀត ហើយពលករទាំងនោះបានបញ្ជូនប្រាក់បញ្ញើប្រមាណជាង ១ពាន់លានដុល្លារក្នុងរយៈពេល១ឆ្នាំៗ ដែលថវិកានេះបានហូរចូលក្នុងប្រទេសដើម្បីបម្រើសេដ្ឋកិច្ចជាតិ ។

អរគុណដល់បងប្អូនដែលបានខិតខំទៅធ្វើការនៅក្រៅប្រទេសដើម្បីសន្សែសន្សំប្រាក់យកមកចិញ្ចឹមកូន ប្រពន្ធ ឪពុកម្តាយ នៅក្នុងប្រទេស ។ ការខិតខំរបស់បងប្អូនក្រៅពីមានប្រយោជន៍សម្រាប់បងប្អូនផ្ទាល់ ក្រុមគ្រួសារក៏ទទួលផល ហើយសង្គមជាតិយើងក៏បានទទួលផលភាគដោយប្រយោលពីការខិតខំ និង​លះបង់របស់​បងប្អូន ។

បងប្អូនបានខិតខំធ្វើការទាំងហត់ទាំងនឿយគឺប្តូរទាំងកម្លាំងកាយនិងកម្លាំងចិត្តគ្រប់បែបយ៉ាង ពីព្រោះតែតម្រូវការការងារនិងសេដ្ឋកិច្ច ប៉ុន្តែក្រៅពីអរគុណ ប្រសិនបើបងប្អូនចង់រិតតែប្រសើរហើយមានអនាគតកាន់តែភ្លឺស្វាង ក្រៅពីបំពេញការងារដោយការទទួលខុសត្រូវច្បាស់លាស់ គោរពតួនាទីនឹងភារកិច្ចហើយនោះ គឺបងប្អូនកុំភ្លេចសម្លឹងសម្លក់រកជំនាញណាដែលបងប្អូនគិតថា វាប្រសើរហើយអាចធ្វើទៅបាននៅពេលដែលបងប្អូនវិលត្រឡប់មកវិញ ។

មកដល់ពេលនេះមានបងប្អូនពលករនិងពលការនីមួយចំនួនដែលធ្លាប់បានចេញទៅក្រៅសន្សែសន្សំលុយ ហើយក្រៅពីនោះពួកគេក៏អាចសន្សែសន្សំបាននូវបទពិសោធន៍បន្ថែម ដោយក្រោយពេលវិលត្រឡប់ពីធ្វើពលករនៅក្រៅប្រទេសមកជួបកូនប្រពន្ធនឹងឪពុកម្តាយ គឺអាចមានសមត្ថភាពយកអាចំណេះនឹងជំនាញ ដែលខ្លួនសន្សែសន្សំបានពីស្រុកគេមកប្រកបរបរផ្ទាល់នៅក្នុងស្រុក ហើយខ្លះកំពុងតែទទួលបានជោគជ័យ។

បងប្អូនឱកាសដែលយើងអាចចេញទៅក្រេបនិងបម្រើការនៅក្រៅប្រទេសពេលខ្លះយើងគិតថា ធ្វើការដើម្បីដូរប្រាក់ខែ ប៉ុន្តែកុំភ្លេចការងារនិងបទពិសោធន៍ទាំងនេះ វាពិតជាបង្កប់នូវអត្ថប្រយោជន៍និងជំនាញដែលពិបាកនឹងរក ជាពិសេសនៅពេលដែលកម្ពុជាមានឧស្សាហកម្ម ឫ ក៏សេវាកម្ម ឫ ក៏ជំនាញដែលយើងធ្លាប់ធ្វើនោះ វាពិតជាមានតម្លៃខ្លាំងណាស់ ។

 អ្នកខ្លះទៀតបទពិសោធន៍នៃជីវិតខាងក្រៅនេះក៏អាចរៀនក៏អាចដកពិសោធន៍ពីស្រុកគេ ហើយនៅពេលដែលយើងចប់អណត្តិការងារត្រូវវិលមកប្រទេសយើងវិញ យើងអាចនឹងយកវាមកបន្សាំ ហើយកែប្រែបន្តិចច្នៃចេញនៅស្រុកយើងវាក៏ប្រសើរផងដែរ ។

សរុបមកវិញនៅពេលដែលយើងមានឱកាសចេញទៅធ្វើការនៅក្រៅប្រទេសដើម្បីឲ្យបានប្រយោជន៍បន្ថែម គួរតែរៀនគួរតែសង្កេត គួរតែចេះលួចគំនិតចេះលួចល្បិចនិងលួចកត់ត្រាបទពិសោធន៍ទាំងនោះទុក ហើយកែច្នៃវាឲ្យទៅជាទ្រព្យឫជាគុណវឌ្ឈន៍សម្រាប់បម្រើសេចក្តីត្រូវការរបស់យើង ។

 

 

 

Daily Program

Livesteam thumbnail