កម្ពុជានៅសល់ព្រឹត្តិការណ៍វប្បធម៌យ៉ាងហោចណាស់៥ទៀត
សម្រាប់ខែធ្នូខាងមុខនេះកម្ពុជានៅសល់ព្រឹត្តិការណ៍វប្បធម៌ដែលអាចជួយលើកកំពស់វិស័យទេសចរណ៍យ៉ាងហោចណាស់២ទៀត និងព្រឹត្តិការណ៍អន្តរជាតិប្រមាណជា ២ទៀត ដូច្នេះ។ សូមចូលរួម និងរៀបចំខ្លួនដើម្បីក្លាយជាធនធានមួយជួយជម្រុញសន្ទុះនៃវិស័យនេះបន្ថែមទៀត ក្រៅពីនោះនៅមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាតិមួយទៀតដែលរិតតែសំខាន់ ។
មកដល់ពេលនេះវិស័យទេសចរណ៍កំពុងតែត្រូវបានគេចាប់អារម្មណ៍និងព្យាយាមលើកកំពស់ខ្លាំង ប៉ុន្តែការខំមួយភាគីឫពីរមិនគ្រប់គ្រាន់ទេ គឺទាល់តែយើងទាំងអស់គ្នាចូលរួម ហើយនៅក្នុងខែធ្នូនេះគឺនៅសល់ព្រឹត្តិការណ៍ច្រើនដែលសុទ្ធសឹងតែជាឱកាសដែលយើងអាចចូលរួម ហើយយើងទាំងអស់គ្នាអាចនឹងផ្តល់ការគាំទ្រ។
ព្រឹត្តិការណ៍ទាំងនោះគឺរួមមាន ការចុះបញ្ជីល្បែងទាញព្រ័ត្រក្នុងបញ្ជីបេតិកភណ្ឌអរូបិយពិភពលោកនៅថ្ងៃទី២ ខែធ្នូ និងការចុះបញ្ជីប្រាសាទអង្គរវត្តទៅក្នុងបញ្ជីបេតិកភណ្ឌរូបិយពិភពលោក ដែលនឹងត្រូវដល់ខួបនៅក្នុងថ្ងៃទី ១៤ ខែធ្នូ។ ក្រៅពីព្រឹត្តិការណ៍ជាតិ គឺនៅមានព្រឹត្តិការណ៍អន្តរជាតិ ២ទៀត គឺបុណ្យព្រះយេស៊ូប្រសូត្រ នៅថ្ងៃទី២៥ ខែធ្នូ ខណៈដែលថ្ងៃបុណ្យឆ្លងឆ្នាំគឺរាត្រីថ្ងៃទី ៣១ ខែធ្នូ ក៏មិនអាចមើលរំលងបានដែរ។
ដោយឡែកព្រឹត្តិការណ៍ជាតិនិងជាប្រវត្តិសាស្រ្តដែលកម្ពុជាគួរតែចង់ចាំថែមទៀតនោះ គឺ ថ្ងៃទី ២៩ ខែធ្នូ ដែលជាថ្ងៃបញ្ចប់សង្រ្គាមនិងសន្តិភាពបិរបូណ៍នៅកម្ពុជា ។
ព្រឹត្តិការណ៍ថ្ងៃទី២ និងថ្ងៃទី១៤ ព្រមទាំងថ្ងៃទី២៩ ខែធ្នូ គឺជាព្រឹត្តិការណ៍ដែលគួរតែរៀបចំ កម្មវិធីឲ្យអធិអធមមួយដែរ ដើម្បីអោយបរទេសដឹងអំពីអត្ថន័យនៃថ្ងៃទាំងបីប្រចាំខែធ្នូ ដូច្នេះ វាគួរតែមានកម្មវិធិពិសេសលើកទឹកចិត្តដល់ភ្ញៀវទេសចរបរទេស នានា ដែលចូលមកកម្ពុជា កំពុងតែស្នាក់នៅកម្ពុជា និង អ្នកដែលគ្រោងនឹងមកដល់កម្ពុជានៅក្នុងថ្ងៃនោះ។ កម្មវិធីទាំងនោះ អាចជាកម្មវិធីបញ្ចុះតម្លៃលើសេវាកម្មណាមួយ ឫ ក៏ជាកម្មវិធីផ្តល់ការភ្ញាក់ផ្អើល និងភាពកក់ក្តីដល់ពួកគេ ធ្វើយ៉ាងណា ដើម្បីអោយពួកគេយល់ពីកម្ពុជា ហើយចូលរួមផ្សព្វផ្សាយ បន្ត។
ដោយឡែកព្រឹត្តិការណ៍នៅថ្ងៃទី២៥ និងថ្ងៃទី៣១ ខែធ្នូ ក៏ជាព្រឹត្តិការណ៍មិនអាចមើលស្រាលបានដែរ ដោយថ្ងៃទី២៥ គឺអាចនឹងដឹងថា នៅកម្ពុជាក៏មានសហគមន៍គ្រិស្តបរិស័ទ ដែលកំពុងតែអបអរពិធីបុណ្យព្រះយេស៊ូប្រសូត្រ ប្រកបដោយអំណរសប្បាយក្រោមម្លប់សន្តិភាព និង ព្រឹត្តិការណ៍ឆ្លងឆ្នាំដែលបង្ហាញថា កម្ពុជាមិនមែនជាសង្គមដាច់ដោយឡែកមួយនៅលើពិភពលោកឡើយ។
កម្ពុជាគឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសនៅក្នុងចរន្តសាកលភាវូបនីយកម្ម និងជាប្រទេសដែលតែងតែគោរពនិងអោយតម្លៃនៅលើយន្តការពហុភាគីនិយម ហើយតែងតែមាន គោលការណ៍និងសកម្មភាពសន្តិសហវិជ្ជមានជាមួយប្រទេសនិងជនជាតិជាមិត្តនានា ដើម្បីចែករំលែកសេចក្តីអំណរសប្បាយ និងការរីកចម្រើនទាំងអស់គ្នា៕