អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ នាំយកម៉ាស់ ប្រមាណ១៧ម៉ឺនម៉ាស់ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ 

ភ្នំពេញ ៖ លោក អូលីវីយ៉េ ជ្មិតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ បាននាំយកម៉ាស់ ចំនួនប្រមាណ ១៧ម៉ឺនម៉ាស់ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ គឺ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា គង់នៅវត្តឧណ្ណាលោម ចំនួន១២ម៉ឺនម៉ាស់ និង សម្តេចព្រះអភិសិរីសុគន្ធ មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា គង់នៅវត្តបុទុមវតី ចំនួន៥ម៉ឺនម៉ាស់ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

លោក អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ បានថ្លែងថា៖ ព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ បានទទួលបានម៉ាស់ចំនួន ៤.០០០.០០០ម៉ាស់ (បួនលានម៉ាស់) ពីលោកអគ្គអភិបាល យ៉ូសែប នៃព្រះសហគមន៍កាតូលិកក្រុងហូជីមិញ សម្រាប់ចែកជូនដល់បងប្អូននៅប្រទសកម្ពុជា ដើម្បីចូលសកម្មភាពការពារ និង ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃវីរុសកូវីដ១៩នាពេលបច្ចុប្បន្ននេះ។ ស្របពេលជាមួយគ្នានេះ ព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ កំពុងតែធ្វើការចែកស្បៀងអាហារជារៀងរាល់ថ្ងៃ ដល់អ្នកទីទាល់ក្រ នៅទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ។

លោក អូលីវីយ៉េ ថ្លែងបន្តថា ម៉ាស់ទាំងអស់នេះ បានយកមកចែកជូនដល់ គ្រីស្តបរិស័ទ ឥស្លាមបរិស័ទ និងពុទ្ធបរិស័ទ រួមទាំងតាមស្ថាប័នមួយចំនួនទៀត មានដូចជា បានចែកជូនទៅក្រសួងអប់រំ ក្រសួងធម្មការនិងសាសនា ដល់មន្ទីរតាមខេត្តមួយចំនួន និងតាមព្រះសហគន៍កាតូលិកនៅតាមខេត្ត។ ចំណែកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺផ្តល់ជូនចំនួនប្រមាណ៥០សង្កាត់ក្នុងមួយសង្កាត់ ១០.០០០ (មួយម៉ឺនម៉ាស់)។ ហេតុនេះព្រះសហគមន៍កាតូលិក ចូលរួមជាមួយពុទ្ធសាសនា ពុទ្ធបរិស័ទ ព្រះសង្ឃ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដោយភ្ជាប់ជាមួយ អនុសាសន៍សម្តេចតេជោ ៣កុំ ៣ការពារ។ លោកបន្តថា លោកមានអំណរនៅពេលនេះដែលបានថ្វាយម៉ាស់ចំពោះ សម្តេចព្រះសង្ឃរាជា ជាឳកាសដើម្បីបង្កើតទំនាក់ទំនង ក្នុងមិត្តភាពជាសាសនាពីរដែលកំពុងបម្រើប្រជារាស្ត្រនៅលើទឹកដីប្រទេសកម្ពុជា ហើយម់ាសនេះចូលក្នុងផែនការរបស់ក្រសួងសុខាភិបាល ក្នុងប្រយុទ្ធនឹងកូវីដ១៩។ 

ជាមួយគ្នានេះក្នុងនាមជាអភិបាលព្រះសហគមន៍កាតូលិក លោកបានជំរុញ និងអប់រំគ្រីស្តបរិស័ទឲ្យអនុវត្តជាក់ស្តែង វិធានការណ៍តាមអនុសាសន៍របស់សម្តេច តេជោហ៊ុនសែន ៣កុំ និង៣ការពារ ។ លោកថា លោកបានថែមចំណុចបីថែរក្សាទៀត គឺ ទី១ ទទួលខុសត្រូវ៖ ទទួលខុសត្រូវខ្ពស់ ក្នុងតួនាទីរបស់ខ្លួន ជាសិស្ស ជាគ្រូ ជាមាតាបិតា និងយើងជាប្រជារាស្ត្រម្នាក់យកចិត្តទុកដាក់សុខភាពផ្ទាល់ខ្លួន និងសុខភាពបងប្អូនដែរ។ ទី២ សាមគ្គីភាព គឺឲ្យយើងយកចិត្តទុកដាក់ចែករំលែក ធម៌មេត្តាករុណា សេចក្តីស្រលាញ់ដល់បងប្អូន។ សព្វថ្ងៃព្រះសហគមន៍កាតូលិកធ្វើច្រើនមែនណាស់ ចែកម្ហូបអាហារ និងអំណោយផ្សេងៗ ដល់បងប្អូនរងគ្រោះនិងខ្វះខាត។ ទី៣ គឺអធិដ្ឋាន ឲ្យបងប្អូនភ្ជាប់ជាមួយព្រះ ដើម្បីជួយឲ្យយើងយកចិត្តទុកដាក់ចូលក្នុងរួមជាមួយរាជរដ្ឋាភិបាល ប្រឆាំងកូវីដ១៩។ 

លោកថា ព្រះសហគមន៍ត្រូវយកចិត្តទុកដាក់ថែមទៀតលើការសិក្សា ព្រោះថាមេត្តាករុណាមិនត្រឹមតែឲ្យម្ហូប តែសម្រាប់យុវជន និងកុមារជួយគេឲ្យរៀន ONLINE បាន។ យើងមានសិស្សប្រមាណ៣០០០នាក់ ក្នុងសាលាកាតូលិក ពីមត្តេយ្យដល់សាកលវិទ្យាល័យ មាន៩៥% ដែលបានចូលរៀន online ជាមួយកម្មវិធីរបស់យើងបាន។ 
លោកអភិបាលអូលីវីយ៉េសង្កត់ធ្ងន់ថា ពិតមែនយើងជាគ្រួសារតែមួយ យើងរួមគ្នាទូទាំងប្រទេស យើងមានសាសនាអ្វីក៏ដោយ ជនជាតិអ្វីក៏ដោយ យើងរស់លើទឹកដីកម្ពុជា ធ្វើដូចម្តេចដើម្បីឈ្នះមេរោគកូវីដ១៩ និងដើម្បីរស់នៅក្នុងសុខដុមរមនា និងសេចក្តីសុខសាន្តសារថ្មីឆាប់ៗនេះ។            

ចំណែក សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា សម្តេចព្រះអភិសិរីសុគន្ធ មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងព្រះទ័យថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ លោក អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលបាននាំនូវព្រះដង្វាយជាម៉ាស់ ដែលស្ថិតក្នុងបរិបទ កូវីដ-១៩ បានកំពុងតែរាលដាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចសាកលលោកទាំងមូល ដើម្បីចាត់ចែង ប្រគេនចំពោះព្រះសង្ឃ តាជី-យាយជី និងពុទ្ធបរិស័ទតាមបណ្តារាជធានី-ខេត្ត សម្រាប់ប្រើប្រាស់ការពារ និងគោរពអនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “៣ ភុំ ៣ ការពារ”។ 
ការប្រារព្ធពិធីថ្វាយម៉ាស់បានបញ្ចប់ប្រកបដោយភាពស្និទ្ធស្នាល សាមគ្គីភាព និងភារតភាពបំផុត៕

Daily Program

Livesteam thumbnail