អន្តរសាសនា ជាផ្លូវមួយនៃសន្តិភាព
“សកម្មភាពអន្តរសាសនា ជាផ្លូវមួយយ៉ាងពិសេសដើម្បីកសាងសន្តិភាព និងសុខដុមរមនានៅក្នុងសង្គម” នេះជារបាយការណ៍ស្តីអំពីសកម្មភាពអន្តរសាសនាក្នុងភូមិភាគភ្នំពេញ ដែលបានចេញផ្សាយនាថ្ងៃទី៧ មេសា ២០២០នេះ។
យោងតាមរបាយការណ៍ បានសរសេរថា សុខដុមរមនា សុខសន្តិភាព កិច្ចសន្ទនា ការចែករំលែកគុណតម្លៃនៃជីវិតខាងផ្លូវវិញ្ញាណ គឺជាបេសកកម្មរបស់យើងជាសាសនទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងនោះផងដែរ ព្រះសហគមន៍កាតូលិកទទួលបានបែបបទនៃការសន្ទនាចំនួន៤ប្រភេទគឺ កិច្ចសន្ទនាតាមរយៈជីវិត កិច្ចសន្ទនាតាមរយៈសកម្មភាព កិច្ចសន្ទនានៃការផ្លាស់ប្ដូរទេវវិទ្យា និងកិច្ចសន្ទនានៃការផ្លាស់ប្ដូរបទពិសោធសាសនា។
នៅក្នុងកិច្ចសន្ទនាតាមរយៈជីវិតគឺសំដៅដល់វិស័យអប់រំ ដែលផ្តោតលើភាតរភាព និងបរិយាបន្នអប់រំ ដែលមានសាលាមត្តេយ្យចំនួន២៧ សាលាបឋមសិក្សាចំនួន២ វិទ្យាល័យចំណេះទូទៅ១ វិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេសចំនួន១ និងវិទ្យាស្ថានចំនួន១ បានផ្ដល់ឱកាសពិសេសដើម្បធ្វើការ និងរៀនសូត្ររួមជាមួយគ្នា ទាំងពុទ្ធបរិស័ទ និងគ្រីស្តបរិស័ទកាតូលិក។
ជាមួយគ្នានេះ ព្រះសហគមន៍កាតូលិកបានបង្កើតភូមិសុខសាន្ត ដែលក្នុងនោះមានមណ្ឌលថែរក្សាកុមារដែលមានពិការភាព មជ្ឈមណ្ឌលសិប្បកម្មដែលមានជនមានពិការភាព ក្រុមគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាដែលក្រុមគ្រួសារបោះបង់ចោល មានទាំងគ្រីស្តបរិស័ទកាតូលិក មានទាំងពុទ្ធសាសនិក។
ម្យ៉ាងវិញទៀត កិច្ចសន្ទនាតាមរយៈសកម្មភាព ដែលសាសនាធំៗចំនួន៣តែងធ្វើរួមគ្នា នៅក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូតនៅតាមពន្ធនាគារនានា ការជួបជុំជាមួយអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ ការចុះសួរសុខទុក្ខគ្នាទៅវិញទៅមករវាងព្រះសហគមន៍និងវត្តនៃព្រះពុទ្ធសាសនា និងឥស្លាមសាសនាជាដើម ញ៉ាំងឲ្យមាន«បទពិសោធល្អខាងស្មារតី និងក្នុងសាមគ្គីភាពជាក់ស្តែង»រវាងគ្នានិងគ្នា និងបង្កើតឲ្យមានសន្តិភាព និង សុខដុមរមនានៅក្នុងសង្គមកម្ពុជារបស់យើងសព្វថ្ងៃ។
របាយការណ៍ដដែលនោះ បន្ថែមទៀតថា ក្នុងនោះដែរ លោកអភិបាលអូលីវីយ៉េ បានបង្កើតឱ្យមានសិក្ខាសាលាស្រាវជ្រាវមួយចំនួន អំពីសង្គម បរិស្ថាន និងគ្រួសារ ដែលមានការចូលរួមពីគ្រីស្តសាសនា ពុទ្ធសាសនានិងឥស្លាមសាសនា ដើម្បីឱ្យមានការឆ្លុះបញ្ចាំង និងឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីទស្សនៈរបស់សាសនានីមួយៗទាក់ទងនឹងបរិបទសង្គម ដើម្បីបំពេញសេចក្តីត្រូវការរួមក្នុងសង្គមបច្ចុប្បន្ន។
ចំណុចចុងក្រោយនៃរបាយការណ៍ ស្តីអំពីកិច្ចសន្ទនាតាមរយៈការផ្លាស់ប្ដូរបទពិសោធសាសនា បានលំអិតនូវសកម្មភាពនានាមួយចំនួនដែលព្រះសហគមន៍បានចូលរួមជាមួយពុទ្ធសាសនា ដោយរួមមានទស្សនកិច្ចរបស់បូជាចារ្យនៅតាមវត្តអារាមក្នុងឱកាសបុណ្យវិសាខបូជា បុណ្យផ្កា បុណ្យចូលឆ្នាំជាដើម។
ជាមួយកិច្ចសន្ទនាជិតស្និទ្ធនេះ លោកអភិបាលអូលីវីយេ បានទទួលមេដាយ មាសស្ថាបនាជាតិពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
យោងតាមរបាយការណ៍ដដែលបង្ហាញថា ព្រះសហគមន៍កាតូលិកបានចូលរួមក្នុងក្រុមប្រឹក្សាអន្តរសាសនាកម្ពុជា (C.I.C) មានកិច្ចប្រជុំប្រចាំឆ្នាំ នៅក្រសួងធម្មការ និងសាសនា ដើម្បីពិភាក្សាអំពីការថែរក្សាសុខដុមរមនា និងសុខសន្តិភាព សាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមាន លោកឪពុក អ៊ុន សុន ជាបូជាចារ្យនៃព្រះសហគមន៍កាតូលិក លោកព្រឹទ្ធាចារ្យ ដួង សាវង់ ដែលមានបន្ទុកទទួលខុសត្រូវការិយាល័យអប់រំជំនឿបានចូលរួម។
តាមប្រសាសន៍របស់លោក ដួង សាវង់ អ្នកទទួលបន្ទុកទំនាក់ទំនងអន្តរសាសនាក្នុងនាមព្រះសហគមន៍កាតូលិក បានមានប្រសាសន៍ថា អន្តរសាសនាមានតួនាទី និងសារៈសំខាន់នៅក្នុងសង្គមកម្ពុជា ក៏ដូចជានៅក្នុងពិភពលោក ក្នុងការរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា ។
លោកដួងសាវង់ បញ្ជាក់ទៀតថា កិច្ចការកន្លងយើងបានសង្កេតឃើញថា «សាសនាទាំងអស់នៅកម្ពុជា បានយកចិត្តទុកដាក់យល់ចិត្តគ្នាដោយយល់ពីទស្សនៈគ្នាទៅវិញទៅមក ជាពិសេស ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ តែងតែព្យាយាមបង្ហាញសកម្មភាព ដោយបញ្ជ្រាបស្ទើរគ្រប់វិស័យ ជាពិសេសនៅក្នុងបរិបទកូវីដ១៩នេះ»។
លោកបន្ថែមថា ការចូលរួមក្នុងសង្គម ដូចជាប្រគេន និងជូនអាល់កុល ម៉ាស់ និងសម្ភារអនាម័យដល់សាសនានីមួយៗនៅកម្ពុជា សកម្មភាពនៅតាមពន្ធនាគារ គ្រួសារអ្នកជំងឺអេដស៍ និងភូមិសុខសាន្ត គឺដើម្បីសាបព្រោះវប្បធម៌សន្ទនា និងឱ្យយើងទាំងអស់គ្នាចេះស្រឡាញ់គ្នាទៅវិញទៅមក៕
អត្ថបទ៖ ដាលីស