លោកអភិបាល អូលីវីយ៉េ ដាស់តឿនគ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់លើការងារ

«ព្រះជាម្ចាស់ប្រទានពរដល់មនុស្សដែលយកចិត្តទុកដាក់ធ្វើការអស់ពីសមត្ថភាព» នេះជាប្រសាសន៍របស់លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នៅព្រះសហគមន៍សន្តីម៉ារីតាំង នាថ្ងៃទី៣ កុម្ភៈ ២០២២ ត្រូវនឹងថ្ងៃទី៣នៃពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម។ 

ថ្លែងក្នុងធម្មទេសនាក្នុងកម្មវិធីអភិបូជានេះ អភិបាលព្រះសហគមន៍មានប្រសាសន៍ថា ព្រះជាម្ចាស់បានបង្កើតយើង និងបានប្រទានតួនាទីដែលជាបេសកកម្មឱ្យយើង។ ព្រះជាម្ចាស់ឱ្យយើងមានតួនាទីដោយត្រូវការភ្ជួរដី ដែលឱ្យផ្លែច្រើនទៅច្រើនទៅពីមួយឆ្នាំទៅមួយឆ្នាំ និងផ្លែនេះចេញដោយសារយើងខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីថែរក្សាសួននិងជួលដី មានន័យថាការងារដែលយើងធ្វើពីមួយថ្ងៃទៅមួយថ្ងៃចេញពីញើសឈាមរបស់យើងដ៏ពិតប្រាកដ។ 

លោកអភិបាលអូលីវីយ៉េ បញ្ជាក់ថា នៅថ្ងៃទីបីនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ជាពេលវេលានៃការអធិដ្ឋាន យើងធ្វើព្រះពរដល់សម្ភារដែលយើងប្រើនៅក្នុងការរកស៊ីទាំងតាមទូរស័ព្ទផងដែរ ប៉ុន្តែអ្វីដែលសំខាន់ យើងត្រូវស្ដាប់ព្រះគម្ពីរដំណឹងល្អ ដើម្បីឱ្យព្រះពរដែលយើងបានទទួលណែនាំឱ្យមានផលផ្លែនៅក្នុងជីវិតរបស់យើងពេញមួយឆ្នាំ។ 

លោកអភិបាលអូលីវីយ៉េក៏ សង្កត់ធ្ងន់ថា  ព្រះជាម្ចាស់ប្រទានពរដល់មនុស្សដែលយកចិត្តទុកដាក់ធ្វើការអស់ពីសមត្ថភាព។ អ្នកដែលជោគជ័យគឺអ្នកដែលតស៊ូនៅក្នុងការងារនៅក្នុងការយកចិត្តទុកដាក់តស៊ូដើម្បីឱ្យជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃរីកចម្រើនបន្តិចម្ដងបន្តិចម្ដង «ដោយចាប់ផ្ដើមពីសូន្យឡើងដល់ ១០០ ប្រសើរជាងចាប់ផ្ដើមពី ១០០ ធ្លាក់មក០»។ 

លោកបន្ថែមទៀតថា «ព្រះជាម្ចាស់ស្អប់មនុស្សដែលជាមនុស្សខ្ជិល ព្រោះមនុស្សយើងមិនដែលជោគជ័យនោះទេ មិនថាការសិក្សាក៏ដោយ ការរកស៊ីក៏ដោយ មនុស្សខ្ជិលមិនដែលជោគជ័យនោះទេ»។ 
លោកអភិបាលភូមិភាគភ្នំពេញបានក្រើនរំលឹកដល់គ្រីស្តបរិស័ទទៀតថា យើងជាគ្រីស្តបរិស័ទ សូមកុំឱ្យយើងទៅជាមនុស្សដែលមានចិត្តចង្អៀតចង្អល់ អាត្មានិយម លោភលន់មានចិត្តប្រមូលសម្រាប់តែគ្រួសារយើង។ ភាពជោគជ័យនៅក្នុងជីវិតត្រូវការមើលឃើញបងប្អូនដែលកំពុងតែតស៊ូ ដែលកំពុងតែរងទុក្ខលំបាកនៅក្នុងជីវិតផ្ទាល់ខ្លួន។ លោកថា «នៅក្នុងសង្គមមានខ្លះស្រួលបំផុត និងមានខ្លះពិបាកបំផុត»។ 

លោកអភិបាលបន្តថា គោលដៅជីវិតរបស់យើងភ្ជាប់ជាមួយព្រះជាម្ចាស់ ហេតុនេះហើយកិច្ចការចិញ្ចឹមជីវិតរបស់យើងដើម្បីឱ្យគ្រួសាររបស់យើងមានសេចក្ដីសុខមានសុភមង្គល ដោយរស់នៅតាមយុត្តិធម៌ រស់នៅសុចរិតប្រកបដោយក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដោយមានសន្តយ៉ូសែបដែលជាមនុស្សសុចរិតជាគំរូនិងជាកម្លាំងមួយយ៉ាងពិសេស។ 

ជាមួយគ្នានេះដែរ លោកអភិបាលអូលីវីយ៉េ បានសុំឲ្យគ្រីស្តបរិស័ទបន្តការអធិដ្ឋាន និងសូមឱ្យឆ្នាំថ្មីនេះអាចធ្វើការងារដោយយកចិត្តទុកដាក់ និងនឹកដល់ព្រះជាម្ចាស់។ «សូមព្រះអង្គនាំឱ្យយើងទៅជាមនុស្សសកម្មដើម្បីធ្វើការដើម្បីរកស៊ី ដើម្បីរៀន ដើម្បីឲ្យជីវិតរបស់យើងពោរពេញដោយសុភមង្គល»៕

ដោយ ដាលីស

Daily Program

Livesteam thumbnail