លោកអភិបាល អូលីវីយេ និង​គ្រីស្ត​បរិស័ទ​ចំការ​ទៀង ចូល​រួម​អប​អរ​សាទរ​បុណ្យ​កឋិន

ក្រុម​ឆៃយុំា​បាន​​ប្រគុំអបអរ​សាទរ ​និងស្វាគមន៍ លោក អូលីវីយេ អភិបាល​​ព្រះសហគមន៍​​កាតូលិក​​ភូមិភាគ​​ភ្នំពេញ និងគ្រីស្តបរិស័ទ ដែល​បាន​អញ្ជើញ​ទៅដល់​​វត្ត​អង្គ​មន្ត្រី ដែល​ស្ថិត​​នៅ​ក្នុង​​ឃុំគុស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដើម្បី​​អបអរ​សាទរបុណ្យ​កឋិន​​ទាន​ក្នុងវត្តនេះ និង​បាន​ចូលរួម​​ថវិកា​​មួយ​​ចំនួន​ផងដែរ​  កាល​​ពី​រ​សៀល​​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០១៩។

 

ក្នុងពីធីដ៏ឱឡារិកនេះ ​លោកតា​លោកយាយ​ជាច្រើន បាន​ទទួល​ស្វាគមន៍​លោក​អភិបាល និង​គ្រីស្ត​បរិស័ទ​មក​ពី​ព្រះសហគមន៍​កាតូលិក​សន្តី​ម៉ារី​ញញឹម​ចំការទៀង យ៉ាង​កក់ក្តៅ​ផងដែរ។

 

លោកតា ស៊ូ វណ្ណា តំណាង​​គណៈកម្មការ​​អាចារ្យ​​វត្ត​​អង្គមន្ត្រី បាន​​មាន​​ប្រសាសន៍​ថា សម្ពន្ធ​មេត្រី​ភាព​​រវាង​​ព្រះសហគមន៍​​កាតូលិក​​ចំការទៀង និង​​វត្ត​អង្គមន្ត្រី​​បាន​ផ្សារ​​ភ្ជាប់​​គ្នា​យ៉ា​ង​ស្អិត​​រមួត ​ជាច្រើន​​ឆ្នាំ​ក​ន្លង​​មកហើយ។ នៅ​ក្នុង​នោះ​​ព្រះស​ហគមន៍​​កាតូលិ​ក​ចំការ​ទៀង ដែល​​ដឹកនាំ​​ដោយ​​លោក​​អភិបាល អូលីវីយេ បាន​ជួយ​ឧបត្ថម្ភ​ថវិកា​​ជាច្រើន​ក្នុង​​ការ​កសាង​សមិទ្ធ​ផល​​នានា​ក្នុង​វត្ត ដូច្នេះ​តាំង​​នាម​​ឲ្យ​ព្រះថេរានុត្ថេរៈ​​គ្រប់​​ព្រះអង្គ​ដែល​គង់​​នៅ​វត្ត​​អង្គមន្ត្រី ក៏​ដូចជា​​ពុទ្ធ​បរិស័ទ​ទាំងអស់ សូម​ថ្លែង​​នូវ​​អំណរ​​អរគុណ​​យ៉ាង​ជ្រាលជ្​រៅ និង​សូ​ម​ប្រសិទ្ធិព​រ​បវរសួស្តី​​ដល់​ព្រះសហគមន៍​​កាតូលិក ដល់​លោក​​អភិបាល និង​គ្រីស្ត​បរិស័ទ​​ទាំងអស់។

 

លោកតា បាន​បន្ត​ថា តាំង​នាម​ឲ្យ​វត្ត​អង្គមន្ត្រី​ទាំងមូល​សូម​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត រក្សា​សម្ពន្ធ​មេត្រី​ភាព​រវាង​ព្រះសហគមន៍​កាតូលិក​និង​ពុទ្ធ​សាសនា​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​តរៀងទៅ។

 

ក្នុងឱកាសដ៏វិសេស​វិសាល​នេះ លោក អភិបាល​អូលីវីយេ បាន​ជូនពរ​​ដល់​ពុទ្ធ​​បរិស័ទ​​ទាំងអស់​​ឲ្យ​មាន​​សេចក្តី​សុខ​គ្រប់ៗគ្នា។ លោក​ក៏បានរំឭក​ដាស់តឿន ដល់លោក​យាយ​លោកតា​​ទាំង​អស់ឲ្យយក​ចិត្តទុកដាក់ ​ស្តាប់​​ព្រះ​សង្ឃ​​ទេសនា ដើម្បី​​អប់រំ​ចិត្ត ​ហើយឲ្យ​​ចេះ​អប់រំ​​ដល់​កូន​​ចៅ​តៗទៅ។​លោកថា "កុំ​ឲ្យ​កូន​ចៅ​ចេះ​​តែ​ដើរ​លេង​បុណ្យ​​កឋិន​​ដោយ​មិន​​ដឹង​អំពី​សីល​ធម៌ មិន​ដឹង​​អំពី​ជីវិត មិន​​ដឹង​អំពី​ការ​អប់រំ​​របស់​ព្រះពុទ្ធ​​សាសនា។  ដូច្នេះ​សូម​​ទទួល​​តួនាទី​របស់​​លោកតា​លោកយាយ ដែល​ត្រូវ​​តែ​អប់រំ​​កូនចៅ​​តរៀងទៅ។ ​ឲ្យ​មាន​​សេចក្តី​សុខ និង​មាន​​កម្លាំង​កាយ កម្លាំង​ចិត្ត​ជានិច្ច​​ដើម្បី​​កសាង​សុខដមរមនា​​នៅ​ក្នុង​ភូមិ​​របស់​យើង និង​នៅ​ក្នុង​សង្គម​រប​ស់​យើង​ដែរ។"

 

បន្ទាប់​ពី​កម្ម​វិធី​សំណេះសំណាយ​រួច​ហើយ គណៈកម្មការ​វត្ត​បាន​រៀបចំ​នំបញ្ចុក​សម្រាប់​លោក​អភិបាល និង​គ្រីស្តបរិស័ទ​បរិភោគ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ​ទៀតផង។​

Daily Program

Livesteam thumbnail