លោកអភិបាលអូលីវិយេ ចូលគាល់សម្តេចព្រះសង្ឃរាជ ទេព វង្ស ដើម្បីសួរសុខទុក្ខនិងលើកកម្ពស់សុខដុមរមនាសាសនា
លោកអូលីវីយេ ជ្មីតហស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ អមដោយសហការី នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ បានចូលគាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា នៅវត្តឧណ្ណាលោមរាជធានីភ្នំពេញ ដើម្បីសួរសុខទុក្ខ ថ្វាយព្រះពរឆ្នាំថ្មី និងលើកកម្ពស់សុខដុមរមនាសាសនានិងសន្តិភាព។
នៅក្នុងពិធីចូលគាល់សម្តេចព្រះសង្ឃរាជនេះ លោកអភិបាលបានទូលថ្វាយនូវសមាណចិត្ត សួរសុខទុក្ខអំពីព្រះរាជសុខភាព និងបានរំឭកឡើងវិញនូវសកម្មភាពរបស់សម្តេចព្រះសង្ឃរាជ ក្នុងកិច្ចការសន្ទនាអន្តរសាសនា ដែលបានយាងចូលរួមជំនួបសន្ទនាអន្តរសាសនាអន្តរជាតិ នៅទីក្រុងរ៉ូម ជួបផ្ទាល់ជាមួយសម្តេចប៉ាប រួមទាំងអំពីព្រះរាជតួនាទីជាប្រធាន ក្រុមប្រឹក្សាអន្តរសាសនាកម្ពុជាផងដែរ។
លោកអភិបាលអូលីវីយេក៏បានរំលឹកផងដែរ អំពីព្រះទ័យយកចិត្តទុកដាក់របស់សម្តេចព្រះសង្ឃរាជដែលបានយាងចូលរួមក្នុងពិធីតែងតាំងលោកជាអភិបាលក្នុងឆ្នាំ២០១០កន្លងទៅ។ ព្រមទាំងព្រះរាជសកម្មភាពជាច្រើនទៀតដែលសម្តេចព្រះសង្ឃរាជយាងចូលរួមនិងបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ដើម្បីកសាងសេចក្តីសុខនិងសុខដុមរមនា រវាងសាសនានិងសាសនា។
លោកមានប្រសាសន៍ថា៖ «នៅប្រទេសកម្ពុជា យើងចេះគោរពគ្នាក្នុងសាសនា ភាពសុខដុមរមនានៅកម្ពុជាកើតចេញលើសពីទំនាក់ទំនងរវាងសាសនានិងសាសនា»។
ក្រៅពីនេះលោកអភិបាលអូលីវិយេក៏បានទូលថ្វាយសម្តេចព្រះសង្ឃរាជអំពីស្នាដៃរបស់ព្រះសហគមន៍កាតូលិកកម្ពុជាក្នុងសម័យកូវីដ១៩នេះ។ ជាពិសេសរូបលោកផ្ទាល់បានបំពេញកិច្ចការយ៉ាងជិតស្និទ្ធិជាមួយវត្តព្រះពុទ្ធសាសនា ដោយបានកសាងរោងកសិដ្ឋានដាំបន្លែសម្រាប់ព្រះសង្ឃក្នុងវត្ត ដើម្បីមានចង្ហាន់គ្រប់គ្រាន់ និងសមិទ្ធិផលផ្សេងៗជាច្រើនទៀត ដើម្បីបុព្វហេតុសុខដុមរមនាសាសនាក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងមូលដ្ឋានផ្ទាល់។
លោកធ្លាប់បានលើកឡើងថា ៖ «កិច្ចសន្ទនាសាសនា គឺមិនត្រឹមតែទ្រឹស្តីនៃការជួបរវាងអ្នកដឹកនាំទេ តែត្រូវឲ្យមានសកម្មភាពចូលរួមជាក់ស្តែងពីបរិស័ទទាំងអស់នៃសាសនានីមួយៗផងដែរ»។
ជាពិសេសនោះ លោកអភិបាលក៏បានទូលថ្វាយអំពីគោលបំណងសំខាន់ដែលចូលគាល់នាពេលនេះគឺដើម្បីសួរសុខទុក្ខ ព្រោះលោកបានទទួលដំណឹងអំពីព្រះរាជសុខភាពរបស់សម្តេចព្រះសង្ឃរាជមានភាពចុះខ្សោយ។
លោកអភិបាលបានទូលថា៖ «ថ្ងៃនេះជាឱកាសសួរសុខទុក្ខ ដោយសាសម្តេចមានព្រះសុខភាពខ្សោយ នេះជារបៀបសន្ទនាសាសនានិងសាសនា។ យើងបន្តអធិដ្ឋាននិងទូលអង្វរព្រះជាម្ចាស់សូមព្រះអង្គប្រទានឱ្យសម្តេចមានកំលាំងកាយ កំលាំងចិត្តរឹងមាំ។ សូមឲ្យប្រទេសកម្ពុជាយើងបានឈ្នះលើកូវីដ១៩ក្នុងឆ្នាំ២០២១នេះ ពីព្រោះទាំងអស់គ្នាជួបការលំបាក ទាំងផ្នែកអាណាចក្រ និងសាសនាចក្រ ដោយសារមិនអាចជួបជុំគ្នាបាន»។
បន្ទាប់ពីបានស្តាប់នូវពាក្យទូលថ្វាយនិងថ្វាយព្រះពរពីសំណាក់លោកអភិបាលអូលីវីយេ ព្រមទាំងសហការី សម្តេចព្រះសង្ឃរាជ ទេព វង្សបានមានបន្ទូល អរគុណដល់លោកអភិបាល អូលីវីយេ ដែលបានមកសួរសុខទុក្ខនិងថ្វាយព្រះពរចំពោះព្រះអង្គ។
សម្តេចព្រះសង្ឃរាជក៏បានប្រទានព្រះពរដល់លោកអភិបាលអូលីវីយេនិងសហការី ព្រមទាំងគ្រីស្តបរិស័ទទាំងអស់ឲ្យជួបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ។ ព្រមទាំងឲ្យឈ្នះកូវីដ១៩ទាំងអស់គ្នា ជាពិសេសប្រទេសកម្ពុជាទាំងមូល។
សព្វថ្ងៃសម្តេច ទេព វង្ស ដែលជាសម្តេចសង្ឃរាជគណមហានិកាយ មានឋានៈខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជានេះ មានព្រះជន្ម៩០ព្រះវស្សា៕