មហោស្រពភាពយន្តអន្តរជាតិកម្ពុជាបានបំពេញតួនាទីយ៉ាងសំខាន់
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានបំពេញតួនាទីយ៉ាងសំខាន់និងបានរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ក្នុងការជំរុញព្រះរាជាណាចក្រកម្ពុជាជាដែនដីស្វាគមន៍ការថតភាពយន្តជាតិ និងអន្តរជាតិ។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានបំពេញតួនាទីយ៉ាងសំខាន់និងបានរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ក្នុងការជំរុញព្រះរាជាណាចក្រកម្ពុជាជាដែនដីស្វាគមន៍ការថតភាពយន្តជាតិ និងអន្តរជាតិ។
ការលើកឡើងរបស់លោកជំទាវរដ្ឋមន្រ្ដីបានធ្វើឡើងក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១១ ឆ្នាំ២០២២ នៅសាលសន្និសីទចតុមុខ ក្រោមកិច្ចសហការរៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា CFC កាលពីល្ងាចថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២២។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណាបានថ្លែងថា តាមរយៈមហាស្រពភាពយន្ដអន្ដរជាតិកម្ពុជានេះ នឹងជួយលើកកម្ពស់កិតិ្តស័ព្ទកម្ពុជាឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងបរិបទនៃសង្គមដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍនៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តនៃគោលនយោបាយឈ្នះ ឈ្នះ។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់កិត្តិយសប្រគល់ពានរង្វាន់តារាភាពយន្តឆ្នើមប្រចាំឆ្នាំជូន លោក ហួត ស៊ីថន សម្តែងក្នុងភាពយន្តរឿង «ប៊ូឌីញ ស» (White building) និងពានរង្វាន់សិល្បករឆ្នើមដល់លោក ម៉ាង សារិទ្ធ អ្នកច្នៃប្រឌិតរូបមនុស្សដីឥដ្ឋ ក្នុងភាពយន្តរឿង«គ្រប់យ៉ាងនឹងប្រសើរ» (Everything will be OK)។
សូមជម្រាបជូនថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១នេះ បាននាំមកនូវស្នាដៃភាពយន្តជាតិ និងអន្តរជាតិ ចំនួន១៤៤ចំណងជើង មកពី២៦ប្រទេស រួមមាន៖ ភាពឯកសារ ភាពយន្តគំនូរជីវចល ភាពយន្តខ្នាតខ្លី និងស្នាដៃភាពយន្តខ្នាតធំ។ ក្នុងនោះស្នាដៃភាពយន្តរបស់កម្ពុជាចំនួន៦២ចំណងជើង ដែលផលិតដោយយុវផលិតករវ័យក្មេងកម្ពុជា ក៏នឹងត្រូវចាក់បញ្ចាំងជូនប្រជាពលរដ្ឋចូលទស្សនាដោយសេរី នៅតាមទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ។
ចំពោះ ស្នាដៃភាពយន្តរឿង «គ្រប់យ៉ាងនឹងប្រសើរ» (Everything will be OK) របស់លោក ប៉ាន់ រិទ្ធី ដែលបានទទួលពានរង្វាន់ខ្លាឃ្មុំប្រាក់នៅក្នុងមហោស្រពភាពយន្តទីក្រុង Berlin ២០២២, រឿង«ប៊ូឌីញ ស» (White building) របស់លោក នាង កាវិច ដែលបានទទួលពានរង្វាន់នៅមហោស្រពភាពយន្តទីក្រុងVenice, និងស្នាដៃភាពយន្តរបស់ផលិតករកម្ពុជាផ្សេងទៀត។ ជាមួយគ្នានេះ ភាពយន្តដ៏កម្រមកពីប្រទេសអូស្ត្រាលីចំនួន ២០ ចំណងជើង ដែលផលិតពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ២០២២ នឹងត្រូវបានចាក់បញ្ចាំងនៅក្នុងព្រិត្តិការណ៍មហោស្រពនេះ ក្នុងគោលបំណងចូលរួមអបសារទខួបអនុស្សាវរីយ៍លើក៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-អូស្ត្រាលី ផងដែរ៕