UN ជំរុញឱ្យកម្ពុជា និងថៃបញ្ចៀសរាល់សកម្មភាពដែលធ្វើឱ្យជម្លោះកើនឡើង

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហាញការព្រួយបារម្ភជុំវិញការផ្ទុះឡើងជាថ្មីនៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ជាមួយការជំរុញឱ្យ ប្រទេសទាំង២ រក្សាការអត់ធ្មត់ និងបញ្ចៀសរាល់សកម្មភាពដែលបង្កើនជម្លោះ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ទី៨ ខែធ្នូ អ្នកនាំពាក្យប្រមុខ​ UN លោក Stephane Dujarric បានលើកឡើងថា «លោកអគ្គលេខាធិការមានការព្រួយបារម្ភជាខ្លាំងចំពោះ សេចក្ដីរាយការណ៍អំពីការផ្ទុះឡើងជាថ្មីនូវជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ជាពិសេសជុំវិញសេចក្ដីរាយការណ៍ពីការវាយប្រហារតាមផ្លូវអាកាស និងការចល័តអាវុធធុនធ្ងន់នៅតាមបណ្ដោយ ព្រំដែន។ លោកជំរុញឱ្យភាគីទាំង២រក្សាការអត់ធ្មត់ និងបញ្ចៀសរាល់សកម្មភាពដែលបង្កើនជម្លោះ»។

តាមសេចក្ដីថ្លែងការណ៍ដដែល លោក Guterres ក៏បានសង្កត់ធ្ងន់ផងដែរថាកម្ពុជា និងថៃត្រូវតែការពារជនស៊ីវិល និងសម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌ ក៏ដូចជាប្ដេជ្ញាចិត្តឡើងវិញចំពោះ បទឈប់បាញ់ និងប្រើប្រាស់យន្ដការសន្ទនាដែលមានស្រាប់ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី៕

Daily Program

Livesteam thumbnail