SEAPPI និង AVI ចាប់ដៃគ្នាស្រាវជ្រាវរកគោលនយោបាយ ពី ការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងដែលបង្កគ្រោះថ្នាក់នៅកម្ពុជា

វិទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ (SEAPPI) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានប្ដេជ្ញារួមគ្នាសិក្សាពីនិន្នាការនៃការប្រើប្រាស់គ្រឿងស្រវឹងមិនបានត្រឹមត្រូវ ដើម្បីដោះស្រាយបញ្ហាបន្ទាន់របស់កម្ពុជា ជុំវិញវិស័យសុខភាពសាធារណៈដែលពាក់ព័ន្ធនឹងគ្រឿងស្រវឹង។
វិទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ (SEAPPI) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ បានប្រកាសពីភាពជាដៃគូថ្មីដើម្បីសិក្សាអំពីទិដ្ឋភាពបច្ចុប្បន្ននៃការប្រើប្រាស់គ្រឿងស្រវឹងដែលបង្កគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា។ ក្នុងភាពជាដៃគូនេះផងដែរ ស្ថាប័នទាំងពីរនឹងសិក្សាចងក្រង និងបង្កើតជាឯកសារគោលនយោបាយមួយស្តីពីគោលការណ៍ណែនាំអំពីការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវនៅកម្ពុជា។
យោងតាម អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារគ្រឿងស្រវឹងនៅទូទាំងពិភពលោកបានធ្លាក់ចុះ ២០% ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩ ដែលនេះបានបង្ហាញពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលជិតមួយទសវត្សរ៍មកនេះ។ យ៉ាងណាក៏ដោយ នៅក្នុងប្រទេសកម្ពុជា ការទទួលទានគ្រឿងស្រវឹងដែលបង្កគ្រោះថ្នាក់បាននិងកំពុងកើនឡើងជាបន្តបន្ទាប់គិតចាប់តាំងពីឆ្នាំ ២០១០ ហើយបានរួមចំណែកដល់ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ជាពិសេសក្នុងចំណោមយុវវ័យដែលមានអាយុពី ២០ ទៅ ២៩ ឆ្នាំ។ ដូច្នេះ កម្ពុជាចាំបាច់ត្រូវមានការដាក់ចេញវិធានការបន្ថែមទៀតដើម្បីកាត់បន្ថយហានិភ័យទាំងនេះ។
កិច្ចការស្រាវជ្រាវគោលនយោបាយគ្រឿងស្រវឹងនេះ គឺជាគម្រោងទីមួយ ដែលស្ថិតក្រោមអនុស្សរណៈនៃការយោគយល់គ្នា។ ជាបន្តបន្ទាប់ទៀត ស្ថាប័នទាំងពីរនឹងសហការលើការស្រាវជ្រាវ និងកិច្ចពិភាក្សាគោលនយោបាយក្នុងវិស័យមួយចំនួនទៀត រួមមានដូចជា ការអភិវឌ្ឍប្រកបដោយចីរភាព ថាមពល បច្ចេកវិទ្យា និងសុខភាពសាធារណៈជាដើម។
ស្ថាប័នស្រាវជ្រាវយល់ឃើញថា បញ្ហានេះកាន់តែពិបាកដោះស្រាយ ដោយសារតែកង្វះបច្ចុប្បន្នភាព និងភាពត្រឹមត្រូវនៃទិន្នន័យស្តីពីទម្លាប់ទទួលទានគ្រឿងស្រវឹង ផលប៉ះពាល់ និងគ្រឿងស្រវឹងដែលមិនមានការកត់ត្រាច្បាស់លាស់ដែលមានប្រមាណជា ៤៨% នៃការទទួលទានគ្រឿងស្រវឹងសរុបនៅកម្ពុជា។ អាស្រ័យហេតុនេះ ការប្រមូលទិន្នន័យក្នុងកម្រិតថ្នាក់ជាតិគឺជាគន្លឹះសំខាន់មួយក្នុងការស្វែងយល់ពីមូលហេតុនៃការទទួលទានគ្រឿងស្រវឹងដែលបង្កគ្រោះថ្នាក់ និងឈានទៅរកការបង្កើតគោលនយោបាយប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហានេះ។
ភាពជាដៃគូនេះគឺជាជំហានដ៏សំខាន់មួយក្នុងការផ្ដល់ជូននូវចំណេះដឹងកាន់តែស៊ីជម្រៅអំពីការទទួលទានគ្រឿងស្រវឹងដែលបង្កគ្រោះថ្នាក់នៅកម្ពុជា ដោយផ្តោតលើ៖
ការពិនិត្យឡើងវិញលើទិន្នន័យដែលមានស្រាប់អំពីនិន្នាការនៃការទទួលទានគ្រឿងស្រវឹងដែលបង្កគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា រួមទាំងការស្ទង់មតិថ្នាក់ជាតិថ្មីមួយដែលធ្វើឡើងដោយលោកស្រីបណ្ឌិត ញឹម ចាន់ដារ៉ា ប្រធានផ្នែកស្រាវជ្រាវ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន អឹមអឹម៤អេ (MM4A) ដែលបានសហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច ដើម្បីតាមដានពិនិត្យមើលនិន្នាការសង្គមបច្ចុប្បន្ន និងអាកប្បកិរិយាវប្បធម៌ចំពោះការទទួលទានគ្រឿងស្រវឹង។
ការវិភាគលើការអនុវត្តគោលនយោបាយ វិធានការ និងការអន្តរាគមន៍នានាប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសជុំវិញពិភពលោក។
ផ្ដល់ជូនអនុសាសន៍គោលនយោបាយជាក់ស្តែងដល់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយផលប៉ះពាល់សង្គមពីការទទួលទានគ្រឿងស្រវឹងដែលបង្កគ្រោះថ្នាក់ រួមទាំងគោលការណ៍ណែនាំថ្នាក់ជាតិស្ដីពីការទទួលទានគ្រឿងស្រវឹង (National Drinking Guidelines) និងកម្មវិធីអប់រំផ្សេងៗស្តីពីការទទួលទានប្រកបដោយការទទួលខុសត្រូវ។
គោលបំណងសំខាន់នៃគម្រោងនេះគឺការផ្តល់ជូននូវលទ្ធផលវិភាគលម្អិត និងអនុសាសន៍ដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរួមចំណែកដល់ការបង្កើតគោលនយោបាយថ្មីស្តីពីការប្រើប្រាស់គ្រឿងស្រវឹងដែលបង្កគ្រោះថ្នាក់។ គោលនយោបាយទាំងនេះនឹងផ្តោតលើការលើកកម្ពស់ការទទួលទានប្រកបដោយការទទួលខុសត្រូវ និងការលើកទឹកចិត្តឱ្យទទួលទានក្នុងកម្រិតមួយសមល្មម ពោលគឺគាំទ្រដល់ការដាក់ចេញនូវគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ស្ដីពីសុខភាព និងការទទួលទានគ្រឿងស្រវឹង ដើម្បីជួយដល់អ្នកទទួលទាន អាចយល់ដឹងពីសុវត្ថិភាព និងកាត់បន្ថយហានិភ័យផ្នែកសុខភាពផងដែរ។ បច្ចុប្បន្ននេះ ប្រទេសចំនួន ៨៩ មានគោលការណ៍ណែនាំស្រដៀងគ្នានេះរួចមកហើយ ដើម្បីជួយមនុស្សពេញវ័យឱ្យទទួលទានគ្រឿងស្រវឹងប្រកបដោយទំនួលខុសត្រូវ ហើយជាទូទៅ គេបានដាក់បញ្ចូលក្នុងគោលការណ៍ណែនាំអំពីសុខភាព និងអាហារូបត្ថម្ភ។
គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ (SEAPPI)វិទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ គឺជាវិទ្យាស្ថានស្រាវជ្រាវមួយដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងទីក្រុងបាងកក ប្រទេសថៃ ដែលធ្វើការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចំណែកឯ វិទ្យាស្ថានចក្ខុវិស័យអាស៊ី គឺជាស្ថាប័នស្រាវជ្រាវឯករាជ្យដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា និងជាស្ថាប័នដែលប្តេជ្ញាជំរុញការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការស្រាវជ្រាវ និងធ្វើការក្នុងភាពជាដៃគូពហុភាគី ដោយមានចក្ខុវិស័យក្នុងការកសាងសង្គមប្រកបដោយសន្តិភាព បរិយាបន្ន ភាពធន់ និងនិរន្តរភាពនៅអាស៊ី៕
Daily Program
