NEA បន្តរៀបចំវេទិកាការងារដោយនាំយកឱកាសការងារចំនួន ៤៥៤កន្លែង ដល់យុវជន​

ក្រុមហ៊ុនធំៗចំនួន ៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុប ៤៥៤ កន្លែង ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។​

ក្រុមហ៊ុនធំៗទាំង៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជោគជ័យ ហ្វាយនែន ភីអិលស៊ី, ហ្វ័រវើដ ខេម អ៊ិនធើណេសិនណល អ៊ិនវេសមេន, ធនាគារសហគ្រាសធន់តូច និងមធ្យមកម្ពុជា ម.ក, លី ហួរ ផេ ប្រូ ភីអិលស៊ី, ណាហ្គាវើលដ៍, និងធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក។​

លោកស្រី ជូន រតនា មានតួនាទីជា Junior Executive Recruitment របស់ក្រុមហ៊ុន ណាហ្គាវើលដ៍ លើកឡើងថា ណាហ្គាវើលដ៍ ពិតជារីករាយក្នុងការសហការជាមួយ NEA ក្នុងការជ្រើសរើសរើសបុគ្គលិកកន្លងមកដោយសារអាចជ្រើសរើសបាននូវបេក្ខជនល្អៗ និងមានសមត្ថភាពសម្រាប់ក្រុមហ៊ុន។ ដូច្នេះ ប្រសិនបើ យុវជន សិស្ស/និស្សិតមានបំណងចង់ស្វែងរកការងារធ្វើ សូមកុំភ្លេចនឹកឃើញដល់ NEA មុនគេ ព្រោះ NEA ជាកន្លែងដែលប្រមូលផ្តុំព័ត៌មានឱកាសការងារយ៉ាងសំបូរបែប។​

លោកស្រី បានអំពាវនាវចំពោះយុវជនដែលចង់ស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមតាមដានទំព័រ Facebook ឬ Telegram Channel របស់ NEA និង កុំភ្លេចមកចូលរួមនៅវេទិការងារការងារនាថ្ងៃទី២៧ ខាងមុខនេះឱ្យបានច្រើនកុះករ។​

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។​

សម្រាប់ព័ត៌មានបន្ថែម យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ របស់ NEA តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)សម្រាប់ព័ត៌មានបន្ថែម៕

Daily Program

Livesteam thumbnail