NACD និង NCHADS រួមគ្នាបណ្តុះបណ្តាលបច្ចេកទេសសម្ភាសរកចំនួនអ្នកចាក់និងអ្នកប្រើគ្រឿងញៀននៅកម្ពុជាឆ្នាំ២០២៤
មន្ត្រី និងបុគ្គលិកអង្គការមកពីរាជធានីភ្នំពេញ បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង កំពង់ចាម សៀមរាប ព្រះសីហនុ និងកណ្ដាល សរុប៥០នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសធ្វើសម្ភាសសម្រាប់ការអង្កេតតាមលក្ខណៈ ជីវសាស្ត្រ ឥរិយាបថ ការប្រព្រឹត្តផ្លូវភេទ និងការប៉ាន់ប្រមាណរកចំនួនក្រុមអ្នកចាក់ និងអ្នកប្រើប្រាស់គ្រឿងញៀននៅប្រទេសកម្ពុជាឆ្នាំ២០២៤។
វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS ) សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(NACD) នាខេត្តបាត់ដំបង។
លោក យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៨ ខែឧសភា បានឱ្យដឹងថាការបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើការប៉ាន់ប្រមាណចំនួនក្រុមអ្នកប្រើប្រាស់គ្រឿងញៀន និងអាត្រាប្រេវ៉ាឡង់មេរោគអេដស៍ និងមេរោគកាមរោគ(មេរោគស្វាយ មេរោគប្រមេះទឹកបាយ មេរោគប្រមេះទឹកថ្លា រលាកថ្លើមប្រភេទC) ក្នុងចំណោមក្រុមអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង ក្រោមវត្តមានដឹកនាំលោក ង៉ូវ បូរ៉ា អនុប្រធានមណ្ឌលជាតិ និងមានសមាសភាពចូលរួមពីមន្ត្រីនិងបុគ្គលិកអង្គការមកពីរាជធានីភ្នំពេញ បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង កំពង់ចាម សៀមរាប ព្រះសីហនុ និងកណ្ដាល សរុប៥០នាក់។
យោងតាមរបាយការណ៍ឆ្នាំ២០២៣ បានបង្ហាញថា កម្ពុជាមានអ្នកញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនដែលបានគ្រប់គ្រងចំនួន ២៣ ០៤៦ នាក់៕