GPH ថ្ងៃទី ៣៖ កាឌីណាល់ តាគ្លេ និង អាំបូ អញ្ជើញទ្វីបអាស៊ីឲ្យ «ចងចាំអនាគត» និង «ស្វែងរកព្រះយេស៊ូដែលមានលក្ខណៈមនុស្សឡើងវិញ»
ខណៈដែលមនុស្សរាប់ពាន់នាក់នៅតែបន្តធ្វើដំណើរក្នុង បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ (GPH) នៅទីក្រុង ប៉េណាំង ថ្នាក់ដឹកនាំព្រះសហគមន៍ ដែលមានឥទ្ធិពលពីររូបនៅអាស៊ីគឺ កាឌីណាល់លីវីស អន់តូនីញ៉ូ តាគ្លេ (Luis Antonio Tagle) និង កាឌីណាល់បាប្លូ វើហ្គីលីយ៉ូ អាំបូ ដេវីឌ (Pablo Virgilio “Ambo” David) បានផ្តល់សារដ៏ជ្រាលជ្រៅមួយសម្រាប់ទ្វីបអាស៊ីមុនឆ្នាំព្រះមហាករុណាទិគុណដ៏អស្ចារ្យ (Great Jubilee) ឆ្នាំ ២០៣៣ ដោយអំពាវនាវឲ្យអ្នកជឿបង្កើនក្តីសង្ឃឹម ស្វែងរកលក្ខណៈមនុស្សរបស់ព្រះយេស៊ូឡើងវិញ និងអនុញ្ញាតឲ្យរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេឆ្លុះបញ្ចាំងពីអាថ៌កំបាំងនៃជំនឿ។
សន្និសីទសារព័ត៌មាននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៩ ខែវិច្ឆិកា និងសម្របសម្រួលដោយលោកដានីញ៉ែល រ៉យ (Daniel Roy) ប្រធានការិយាល័យទំនាក់ទំនងសង្គមនៃភូមិភាគប៉េណាំង ដែលមានអ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិដែលចង់យល់ពីរបៀបដែល បូជនីយចរ នេះភ្ជាប់ទៅនឹងការធ្វើដំណើរខាងវិញ្ញាណដ៏ទូលំទូលាយ រហូតដល់ឆ្នាំព្រះមហាករុណាទិគុណដ៏អស្ចារ្យ ដែលជាការរំឭកដល់ ២.០០០ ឆ្នាំដែលព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញ។
«ចងចាំអនាគត»៖ ការអំពាវនាវរបស់ កាឌីណាល់ តាគ្លេ សម្រាប់ក្តីសង្ឃឹម
នៅពេលត្រូវបានសួរសម្រាប់សាររបស់លោកទៅកាន់ទ្វីបអាស៊ីដោយយោងទៅលើឆ្នាំព្រះមហាករុណាទិគុណដ៏អស្ចារ្យ ឆ្នាំ ២០៣៣ កាឌីណាល់ តាគ្លេ បាននិយាយអំពីពិធីអភិបូជា៖ «ព្រះគ្រីស្ត បានសុគត ហើយព្រះគ្រីស្តបានរស់ឡើងវិញហើយ ព្រះគ្រីស្តនឹងយាងមកវិញ»។
លោកបាននិយាយថា ពាក្យទាំងនេះលើសពីពិធីក្នុងសាសនា ហើយពាក្យទាំងនេះគួរតែស្ថិតនៅជាប់ជីវិតអ្នកជឿម្នាក់ៗ។
លោកបានកត់សម្គាល់ថា ឆ្នាំព្រះមហាករុណាទិគុណដ៏អស្ចារ្យ មិនមែនត្រឹមតែជាការចងចាំអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាជំនួបរវាងការងារសង្គ្រោះរបស់ព្រះជាម្ចាស់នៅក្នុងបច្ចុប្បន្ន និងអនាគត។
លោកបានមានប្រសាសន៍ថា «ទ្រង់បានរស់ឡើងវិញ ហើយនោះផ្តល់ឲ្យយើងនូវអនាគត» ដោយរំឭកអ្នកជឿថា ពព្រះរាជ្យរបស់ព្រះជាម្ចាស់គឺ ភាពជាធ្លុងតែមួយដ៏រស់រវើកដែលរួមបញ្ចូលពួកគេ។
ដោយដកស្រង់គំនិតដែលថាមនុស្សម្នាក់ត្រូវតែ «ចងចាំអនាគត» លោកបានព្រមានថា ការបាត់បង់ការមើលឃើញអនាគតធ្វើឲ្យបច្ចុប្បន្នចុះខ្សោយ។ លោកបានមានប្រសាសន៍ថា «នោះគឺជាក្តីសង្ឃឹម»។ «ព្រះយេស៊ូមិនមែនជារឿងប្រឌិតទេ។ ការរស់ឡើងវិញរបស់ទ្រង់គឺជាអនាគតរបស់យើង។ ហើយប្រសិនបើយើងភ្លេចអនាគតនោះ តើយើងដើរលើផ្លូវរបស់យើងឥឡូវនេះដោយរបៀបណា?»
កាឌីណាល់អាំបូ៖ «អាស៊ីត្រូវតែប្រាប់រឿងរ៉ាវរបស់ព្រះយេស៊ូតាមរយៈលក្ខណៈជាមនុស្សរបស់ទ្រង់»
កាឌីណាល់អាំបូ ដេវីឌ បានគូសបញ្ជាក់ពីអំណាចនៃការនិទានរឿងនៅក្នុងជំនឿ។ ដោយនឹកឃើញដល់ការងារនៅអាមេរិកឡាទីនដែលមានចំណងជើងថា A Certain Jesus លោកបានកត់សម្គាល់ពីរបៀបដែលការពណ៌នាអំពីព្រះយេស៊ូតាមរយៈបទពិសោធន៍ប្រចាំថ្ងៃ ធ្វើឲ្យទ្រង់មានលក្ខណៈដែលមនុស្សអាចទាក់ទងបាន និងមានលក្ខណៈជាមនុស្ស។
លោកបានមានប្រសាសន៍ថា «ព្រះយេស៊ូដែលមានលក្ខណៈជាមនុស្ស គួរតែជាអ្នកដែលមនុស្សអាចទាក់ទងបាន ជាអ្នកដែលពួកគេអាចប៉ះបាន» ដោយសង្កត់ធ្ងន់ថា លក្ខណៈទេវភាពរបស់ព្រះអង្គត្រូវបានចូលទៅតាមរយៈលក្ខណៈជាមនុស្សរបស់ទ្រង់។
សម្រាប់ទ្វីបអាស៊ី ដែលសម្បូរទៅដោយរឿងរ៉ាវ និមិត្តសញ្ញា និងការរស់នៅខាងវិញ្ញាណ ផ្តល់នូវឱកាសសម្រាប់អភិបាលកិច្ច គឺតាមរយៈការចែករំលែកពីរបៀបដែលសហគមន៍ជួបព្រះយេស៊ូនៅក្នុងជីវិតប្រចាំថ្ងៃ តាមរយៈគ្រួសារ ការរងទុក្ខ សាមគ្គីភាព និងសេចក្តីអំណរ និងតាមរយៈអ្នកជឿអាចជួយពិភពលោកឲ្យស្វែងរកព្រះយេស៊ូឡើងវិញ ទាំងទេវភាព និងភាពជាមនុស្សដ៏ជ្រាលជ្រៅរបស់ទ្រង់។
ការដើរឆ្ពោះទៅឆ្នាំ ២០៣៣ ដោយភ្នែកនៃជំនឿ
ការពិចារណារបស់ កាឌីណាល់ តាគ្លេ និងអាំបូ ផ្តល់ឲ្យទ្វីបអាស៊ីនូវការអញ្ជើញរួមគ្នាមួយនៅលើផ្លូវទៅកាន់ឆ្នាំព្រះមហាករុណាទិគុណដ៏អស្ចារ្យ ឆ្នាំ ២០៣៣ គឺដើម្បីចងចាំអនាគតដោយក្តីសង្ឃឹម ដោយមើលឃើញការរស់ឡើងវិញរបស់ព្រះគ្រីស្តទាំងអតីតកាល និងការសន្យា។
ដើម្បីស្វែងរកព្រះយេស៊ូឡើងវិញនៅក្នុងលក្ខណៈជាមនុស្សរបស់ទ្រង់ គឺត្រូវចែករំលែករឿងរ៉ាវដែលបង្ហាញពីលក្ខណៈជាទេវភាពរបស់ទ្រង់ តាមរយៈសេចក្តីមេត្តាករុណា និងភាពស្និទ្ធស្នាល។ និងអនុញ្ញាតឲ្យសេចក្តីពិតទាំងនេះបង្កើតជីវិតផ្ទាល់ខ្លួន និងសហគមន៍ ដោយបង្កើតជាសាក្សីដ៏រស់រវើកនៃជំនឿ។
ខណៈដែល បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យបានធ្វើនៅក្នុងទីក្រុង ប៉េណាំង ឆ្នាំព្រះមហាករុណាទិគុណដ៏អស្ចារ្យបានលេចឡើងមិនមែនជាកាលបរិច្ឆេទនៅលើប្រតិទិនទេ ប៉ុន្តែជាការធ្វើដំណើរខាងវិញ្ញាណដែលចាប់ផ្តើមឥឡូវនេះ រស់នៅតាមរយៈរឿងរ៉ាវរបស់អ្នកជឿដែលដើរជាមួយព្រះគ្រីស្ត៕