GPH ថ្ងៃទី ៣៖ ថ្នាក់ដឹកនាំព្រះសហគមន៍អាស៊ីសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់ក្នុងការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តរបស់បូជាចារ្យ
សុខភាពផ្លូវចិត្តរបស់បូជាចារ្យ និងអភិបាលបានក្លាយជាប្រធានបទដ៏សំខាន់មួយក្នុងអំឡុងសន្និសីទសារព័ត៌មាននៅក្នុងព្រឹត្តិការណ៍បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ (Great Pilgrimage of Hope - GPH) ដែលធ្វើឡើងនៅទីក្រុងប៉េណាំង ខណៈដែលថ្នាក់ដឹកនាំព្រះសហគមន៍បានពិភាក្សាអំពីបញ្ហាប្រឈមដែលក្រុមអ្នកបួសជួបប្រទះក្នុងការថែរក្សាសុខុមាលភាពផ្លូវអារម្មណ៍ និងផ្លូវចិត្តរបស់ពួកគេ។
សន្និសីទសារព័ត៌មាននេះ ត្រូវបានសម្របសម្រួលដោយលោកដានីញ៉ែល រ៉យ (Daniel Roy) ប្រធានការិយាល័យទំនាក់ទំនងសង្គមនៃភូមិភាគប៉េណាំង នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសណ្ឋាគារ ឌឹ ឡៃថ៍ (Light Hotel) ដោយមានវត្តមានកាឌីណាល់តាស៊ីស៊ីយ៉ូ អ៊ីសាវ គីគុឈិ (Tarcisio Isao Kikuchi) អគ្គអភិបាលនៃទីក្រុងតូក្យូ និងកាឌីណាល់សេបាស្ទៀ ហ្វ្រាន់ស៊ីស (Sebastian Francis) អភិបាលនៃទីក្រុងប៉េណាំង ដែលជាភូមិភាគម្ចាស់ផ្ទះ។ លោកទាំងពីរបានចែករំលែកបទពិសោធន៍ និងគំនិតផ្តួចផ្តើមរបស់ពួកគាត់ដែលមានគោលបំណងគាំទ្របូជាចារ្យនៅទូទាំងទ្វីបអាស៊ី។
លោកឪពុកហ្វេម៉ា ហ្វីល (Felmar Fiel, SVD) អ្នកគ្រប់គ្រងទូទៅនៃវិទ្យុវើរីតាសអាស៊ី (Veritas Asia) បានចោទជាសំណួរទូទៅថា៖ «ជុំវិញពិភពលោក មានការព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តរបស់បូជាចារ្យ និងសូម្បីតែអភិបាល។ តើសភាលោកអភិបាលអាស៊ីមានគំនិតផ្តួចផ្តើមអ្វីខ្លះដើម្បីដោះស្រាយវា?»
បូជាចារ្យភូមិភាគប្រឈមនឹងភាពឯកោ និងសម្ពាធកើនឡើង
កាឌីណាល់គីគុឈិ បានឆ្លើយចំពោះបញ្ហាប្រឈមដ៏ធំរបស់បូជាចារ្យភូមិភាគ ដោយសង្កត់ធ្ងន់ថា មនុស្សជាច្រើនជួបប្រទះភាពឯកោ និងខ្វះរចនាសម្ព័ន្ធគាំទ្រជាប្រចាំ ដែលខុសពីបូជាចារ្យនៅក្នុងក្រុមបព្វជិតនៅអារ៉ាម។
លោកកាឌីណាល់បានលើកឡើងថា «បូជាចារ្យជាច្រើនគ្មាននរណាម្នាក់អាចចែករំលែករឿងក្នុងចិត្តជាមួយទេ»។ «ប្រសិនបើពួកគេចែករំលែកការតស៊ូរបស់ពួកគេ បូជាចារ្យផ្សេងទៀតអាចមើលឃើញថា ពួកគេជាមនុស្សទន់ខ្សោយ ឬជាអ្នកបរាជ័យ។ ពួកគេមិនហ៊ានបង្ហាញនូវអ្វីដែលពួកគេកំពុងប្រឈម»។ ភាពឯកោនេះបង្កើនភាពងាយរងគ្រោះរបស់ពួកគេចំពោះភាពតានតឹង និងការធ្លាក់ទឹកចិត្ត។
ចំពោះកត្តាមួយទៀត គឺសម្ពាធសាធារណៈ ដោយលោកកាឌីណាល់គីគុឈិថ្លែងថា បូជាចារ្យក៏ប្រឈមមុខនឹងការចាប់កំហុស និងការរិះគន់ពីសាធារណជនយ៉ាងខ្លាំង ជាពិសេសក្នុងករណីរឿងរសើប។ លោកបានគូសបញ្ជាក់ថា៖ «ពួកគេប្រឈមមុខនឹងការរិះគន់ប្រភេទនេះ ដោយគ្មានវិធីការពារខ្លួនឡើយ។ នេះអាចបំផ្លាញភាពធន់ផ្លូវចិត្តរបស់ពួកគេ»។
ការបណ្តុះបណ្តាលនៅទេវវិទ្យាល័យ និងការគាំទ្រស្ថាប័ន
ដើម្បីដោះស្រាយបញ្ហាទាំងនេះ គំនិតផ្តួចផ្តើមនានាកំពុងត្រូវបានពិចារណាដើម្បីបញ្ចូលការបណ្តុះបណ្តាលសុខភាពផ្លូវចិត្ត និងជំនាញទំនាក់ទំនងរវាងបុគ្គលទៅក្នុងកម្មវិធីបណ្តុះបណ្តាលនៅទេវវិទ្យាល័យ ដោយបង្រៀនជំនាញជាក់ស្តែងដូចជា ការទំនាក់ទំនង ការស្តាប់ និងហាត់គុណការពារខ្លួន។ បញ្ហាប្រឈមក្នុងការអនុវត្តរឿងនេះនៅអាស៊ីបូព៌ា គឺជារបាំងភាសា ដោយសារវគ្គសិក្សាសុខភាពផ្លូវចិត្តតែងផ្តល់ជូនជាភាសាអង់គ្លេស ដែលបូជាចារ្យជាច្រើនមិនចេះនិយាយ។
កាឌីណាល់សេបាស្ទៀ ហ្វ្រាន់ស៊ីស បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រស្ថាប័ន ដោយកត់សម្គាល់ថា ទ្វីបអាស៊ីមានក្របខ័ណ្ឌដែលមានស្រាប់ ជាពិសេសនៅក្នុងប្រទេសហ្វីលីពីន និងឥណ្ឌា «ដែលបង្កើតឡើងដើម្បីជួយអ្នកបួសដែលមានបញ្ហាសុខភាពផ្លូវចិត្ត»។
លោកក៏បានលើកឡើងពីសុខុមាលភាពរបស់ថ្នាក់ដឹកនាំព្រះសហគមន៍ផងដែរ ដោយលើកឡើងថា «កាឌីណាល់ តាគ្លេ បានគូសបញ្ជាក់ថា អភិបាលក៏អាចជួបប្រទះការធ្លាក់ទឹកចិត្ត និងការអស់កម្លាំងផងដែរ។ បុរីវ៉ាទីកង់ កំពុងស្វែងរកវិធីដើម្បីផ្តល់កន្លែងសុវត្ថិភាពសម្រាប់អភិបាលដែលត្រូវការជំនួយបែបនេះ»។
ម្យ៉ាងវិញទៀត ការគាំទ្រមូលដ្ឋានក៏មានសារៈសំខាន់ ក្នុងនោះលោកកាឌីណាល់ហ្វ្រាន់ស៊ីស បានបញ្ចប់ដោយសង្កត់ធ្ងន់ថា «ទំនាក់ទំនងល្អរឹងមាំជាមួយថ្នាក់លើ គឺជាគន្លឹះសំខាន់។ វាបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការយកចិត្តទុកដាក់រវាងអ្នកគង្វាល និងសុខុមាលភាពទូទៅ»។
ពហុវិធីសាស្រ្ត
កាឌីណាល់ទាំងពីរបានទទួលស្គាល់ថា ការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តរបស់អ្នកបួស គឺជាបញ្ហាដែលរសើប និងស្មុគស្មាញ។
ក្នុងនោះ កាឌីណាល់គីគុឈិ បានសង្កត់ធ្ងន់លើតម្រូវការយកឈ្នះលើការមាក់ងាយនៃវប្បធម៌ និងទីកន្លែងដែលពួកគេនៅ។
រីឯកាឌីណាល់ហ្វ្រាន់ស៊ីស បានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធគាំទ្រដែលអាចចូលដំណើរការបាន និងទំនាក់ទំនងរឹងមាំ ប្រកបដោយការទុកចិត្តនៅក្នុងព្រះសហគមន៍។
ការពិភាក្សានេះ បង្ហាញពីការយល់ដឹងកាន់តែច្រើនឡើងនៅក្នុងព្រះសហគមន៍អាស៊ី ទាក់ទងនឹងសម្ពាធដែលបូជាចារ្យ និងអភិបាលកំពុងប្រឈមមុខ។ ថ្នាក់ដឹកនាំព្រះសហគមន៍កំពុងអំពាវនាវរក ពហុវិធីសាស្រ្ត ដែលរួមបញ្ចូលការបង្កើនការបណ្តុះបណ្តាលនិស្សិតទេវវិទ្យាល័យ ការថែទាំសុខភាពផ្លូវចិត្តប្រកបដោយវិជ្ជាជីវៈ និងការគាំទ្រសហគមន៍ដ៏រឹងមាំ ដើម្បីដោះស្រាយតម្រូវការកើនឡើង ការពិនិត្យកាន់តែខ្លាំង និងបញ្ហាប្រឈមនៃភាពឯកោ។
សុខុមាលភាពផ្លូវចិត្តរបស់អ្នកបួសត្រូវបានកំណត់ថានឹងនៅតែជាកង្វល់ចម្បងសម្រាប់ថ្នាក់ដឹកនាំព្រះសហគមន៍ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តទូលំទូលាយ យកចិត្តទុកដាក់ចំពោះអ្នកបម្រើរបស់ព្រះជាម្ចាស់៕