GPH ថ្ងៃទី ២៖ ស្ត្រីមិនមែនជាការគិតក្រោយទេ ប៉ុន្តែជាសិរីរុងរឿងដ៏ខ្ពង់ខ្ពស់នៃការបង្កើត

«ស្ត្រីឆ្លុះបញ្ចាំងពីសេចក្តីស្រលាញ់ដ៏ទន់ភ្លន់ កម្លាំង ក្តីមេត្តា និងជីវិតដែលផ្តល់ក្តីស្រឡាញ់​​ក្នុងរបៀបមួយដែលខុសប្លែកពីបុរស ប៉ុន្តែក្តីស្រឡាញ់នេះ​បំពេញគ្នាទៅវិញទៅមក» នេះជាប្រសាសន៍របស់បណ្ឌិតប៊ីនណា ម៉ានុច (Beena Manoj) ដែលធ្វើការ​ផ្នែក​អ្នកអប់រំទូទៅ​ និងអប់រំ​ផ្លូវ​វិញ្ញាណ​របស់​ឥណ្ឌា ដោយអំពាវនាវដល់ព្រះសហគមន៍​នៅអាស៊ីឱ្យគោរព ការពារ និងសហការជាមួយនឹងទេពកោសល្យរបស់ស្ត្រី។

បណ្ឌិតម៉ានុច បានដឹកនាំវគ្គមួយស្តីពី «ទេពកោសល្យរបស់ស្ត្រី៖ ការឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់និងជីវិតរបស់ព្រះជាម្ចាស់» ដែលត្រូវបានរៀបចំ​ឡើង​នៅទីក្រុងប៉េណាំង នៅថ្ងៃទី ២៨ ខែវិច្ឆិកា។ វគ្គនេះបានស្វាគមន៍អ្នកចូលរួមជាង ១២០ នាក់ រួមទាំងលោកអភិបាល​ បូជាចារ្យ និងគ្រហស្ថ។ សម្របសម្រួលដោយលោកស្រីស៊ីនឌី ហ្គ័រ៉ូស (Cindy Gorospe) អ្នកសម្របសម្រួលប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ RVA ការចូលរួមក្នុងវគ្គនេះបានជំរុញឱ្យ បណ្ឌិត ប៊ីនណា ម៉ានុច កត់សម្គាល់ថា៖ «រាល់ពេលដែលខ្ញុំបានធ្វើវគ្គស្តីពីទេពកោសល្យរបស់ស្ត្រី ខ្ញុំតែងតែមានអ្នកចូលរួមជាបុរស ហើយនោះគឺជាការលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់ខ្ញុំ និងសម្រាប់ស្ត្រីទាំងអស់ដែលបានចូលរួមផងដែរ»។

ថ្ងៃទីពីរនៃបូជនីយចរ​ឆ្ពោះ​ទៅ​ក្តីសង្ឃឹម (GPH) ឆ្នាំ២០២៥ មាន​ប្រធាន​បទ​ចំនួន​៧​ខុស​ៗគ្នា ដែល​បាន​បង្ហាញ​ក្នុងពេល​តែមួយក្នុង​បន្ទប់​​ផ្សេងៗគ្នានៅ​ក្នុងសណ្ឋាគារឌឹ ឡៃថ៍ (The Light)។

បណ្ឌិតប៊ីនណា ម៉ានុច បច្ចុប្បន្នកំពុងបម្រើការជាសាកលវិទ្យាធិការរងនៃជីវិតខាងវិញ្ញាណ និងសាសនានៅមហាវិទ្យាល័យសន្តី​តេរេសា ក្នុងរដ្ឋគេរ៉េឡា។ ជា​គ្រូបង្រៀន​ជាង ៣៦ ឆ្នាំ លោកស្រីបានណែនាំយុវតី​ជាច្រើនជំនាន់ទាំងផ្នែកខាងវិញ្ញាណ និងបញ្ញា។ ជាពិសេស លោកស្រីគឺជាស្ត្រីគ្រហស្ថជនជាតិឥណ្ឌាតែមួយគត់ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសន្និបាត​លោកអភិបាល​អាស៊ី​ (Asian Synod of Bishops) ឆ្នាំ ១៩៩៨ ហើយលោកស្រីបន្តបម្រើជាអន្តរជាតិក្នុងនាមជាអ្នកជំនាញលើការងាររបស់ស្ត្រី និងភាពជាអ្នកដឹកនាំនៅក្នុងព្រះសហគមន៍​។

ទេពកោសល្យរបស់ស្ត្រី

បណ្ឌិត ម៉ានុចបានរៀបចំវគ្គរបស់លោកស្រីជុំវិញឯកសារដ៏សំខាន់របស់សម្តេចប៉ាបយ៉ូហានប៉ូលទី​២ គឺ Mulieris Dignitatem ដែលបានណែនាំពាក្យ «ទេពកោសល្យរបស់ស្ត្រី» ដើម្បីពណ៌នាពីសេចក្តីថ្លៃថ្នូរ ការងារ និងអំណោយពិសេសរបស់ស្ត្រី។ លោកស្រីបានចែករំលែកថា ឯកសារនេះ​បានផ្លាស់ប្តូរការយល់ដឹងរបស់លោកស្រីអំពីខ្លួនឯង និងការងាររបស់លោកស្រីក្នុងនាមជាស្ត្រី ជាអ្វីដែល​លោកស្រីសង្ឃឹមថាស្ត្រីទាំងអស់នៅក្នុងព្រះសហគមន៍​អាចទទួលបានបទពិសោធន៍ដូចគ្នានេះ។

តាមឫសគល់នេះ​ទេវវិទ្យា គឺ​ជា​​បង្ហាញពី​ការមើលថែរក្សា​។ បណ្ឌិត ម៉ានុចបានចែករំលែករឿងផ្ទាល់ខ្លួន ទស្សនពីព្រះគម្ពីរ និងឧទាហរណ៍ពីជីវិតប្រចាំថ្ងៃ ដើម្បីបង្ហាញពីរបៀបដែលអំណោយរបស់ស្ត្រីកសាងគ្រួសារ សហគមន៍ និងព្រះសហគមន៍​។ លោកស្រីបានរំលឹកដល់គណៈប្រតិភូថា ស្ត្រីមិនត្រូវបានបង្កើតឡើងសម្រាប់​ឈរនៅ​ខាងក្រោយ​​នោះទេ ប៉ុន្តែជា «ការបង្ហាញ​ដោយកិត្តិយស​​ចំពោះ​ស្នាព្រះហស្តរបស់​ព្រះជាម្ចាស់ មានសេចក្តីថ្លៃថ្នូរស្មើគ្នា អំណោយទានខុស​គ្នា និងត្រូវបានប្រគល់ឱ្យចិញ្ចឹមបីបាច់ជីវិត»។

លោកស្រីបានសង្កត់ធ្ងន់ថា ព្រះយេស៊ូផ្ទាល់បានយល់ពីចិត្តរបស់ស្ត្រីក្នុងរបៀបដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើពីមុនមក ហើយថាស្ត្រីបានឈរយ៉ាងស្មោះត្រង់នៅក្បែរឈើឆ្កាង ខណៈពេលដែលអ្នកផ្សេងទៀតបានរត់គេចខ្លួន។ ភាពក្លាហាន វិចារណញាណ និងសេចក្តីស្រឡាញ់របស់ពួកគេបានបង្ហាញឱ្យឃើញពីទិដ្ឋភាពរបស់ព្រះជាម្ចាស់ដែលពិភពលោកត្រូវការជាចាំបាច់នៅថ្ងៃនេះ។

សសរស្តម្ភទាំងបួននៃទេពកោសល្យរបស់ស្ត្រី

បណ្ឌិតប៊ីនណា ម៉ានុច បានផ្តោតលើសសរស្តម្ភសំខាន់ៗទាំងបួននៃទេពកោសល្យរបស់ស្ត្រីដែលត្រូវបានកំណត់ដោយសន្តយ៉ូហានប៉ូលទី​២​​រួមមាន​ ការទទួលយក ប្រតិកម្មរហ័ស សេចក្តីសប្បុរស និងភាពជាមាតា។ លោកស្រីបាននិយាយថា ទាំងនេះមិនមែនជាទម្រង់គំរូ ឬកាតព្វកិច្ចនោះទេ ប៉ុន្តែជាអំណោយខាងវិញ្ញាណ និងសីលធម៌ដែលបានផ្តល់ឱ្យដោយព្រះជាម្ចាស់សម្រាប់ការរីកចម្រើនរបស់មនុស្សជាតិ។

១. ការទទួលយក — ការអនុញ្ញាតឱ្យជីវិតរបស់ព្រះជាម្ចាស់ចូលមក

ការទទួលយកមិនមែនជាអកម្មនោះទេ ប៉ុន្តែជាការបើកចំហយ៉ាងសកម្ម និងឆ្លាតវៃចំពោះព្រះជាម្ចាស់ ចំពោះអ្នកដទៃ និងចំពោះការពិត។ ពាក្យ «សូមឱ្យបានសម្រេចតាមពាក្យលោកចុះ» នេះ​ជា​ពាក្យសម្តីរបស់ព្រះនាងម៉ារី នៅពេល​ទេវទូត​ជូនដំណឹង បម្រើជាគំរូដ៏ល្អឥតខ្ចោះដោយ​ឆ្លើយ​ថា «ចាស» ជាសេចក្តីក្លាហានមិនច្បាស់លាស់ ប៉ុន្តែមានឫសគល់នៃការទុកចិត្ត។ នៅក្នុងវប្បធម៌ដែលឱ្យតម្លៃលើការគ្រប់គ្រង និងការត្រួតត្រា ការទទួលយកធ្វើជាសាក្សីដល់សេចក្តីស្រឡាញ់ដែលគោរពសេរីភាព។ ជាទូទៅ​នេះ មានន័យថា ការស្តាប់ដោយយកចិត្តទុកដាក់ ការបង្កើតទីកន្លែងដែលអ្នកដទៃមានអារម្មណ៍ថាត្រូវបានស្វាគមន៍ និងការអនុញ្ញាតឱ្យព្រះជាម្ចាស់ធ្វើការដោយមិនបង្ខំលទ្ធផល។ បណ្ឌិត ម៉ានុចបាននិយាយថា៖ «ស្ត្រីមានសមត្ថភាពជីវសាស្រ្តក្នុងការទទួលជីវិត ប៉ុន្តែខាងវិញ្ញាណ ពួកគេត្រូវបានប្រទានពរឱ្យទទួលយកមនុស្ស ស្វាគមន៍ ថែរក្សា និងផ្តល់ទីកន្លែង»។

២. ប្រតិកម្មរហ័ស — ការមើលឃើញដោយបេះដូង

ប្រតិកម្មរហ័ស គឺជាការយល់ដឹងដោយវិចារណញាណអំពីអ្វីដែលមិនបាននិយាយ តម្រូវការ របួស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ ស្ត្រីតែងតែសម្គាល់ឃើញនូវអ្វីដែលអ្នកដទៃមើលរំលង៖ ការផ្លាស់ប្តូរអារម្មណ៍ ការឈឺចាប់ស្ងាត់ស្ងៀម ការភ័យខ្លាចលាក់កំបាំង។ នេះឆ្លុះបញ្ចាំងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងកណ្ឌគម្ពីរ​ដំណើរឆ្ពោះទៅកាន់សេរីភាព​ «យើងបានឃើញទុក្ខលំបាករបស់ប្រជាជនយើងហើយ យើងបានឮសម្រែករបស់ពួកគេហើយ»។ ប្រតិកម្មរហ័សអនុញ្ញាតឱ្យស្ត្រីធ្វើឱ្យប្រព័ន្ធកាន់តែមានមនុស្សធម៌ ផ្តល់អាទិភាពដល់ទំនាក់ទំនង និងធានាថាមិនមាននរណាម្នាក់ក្លាយជាមនុស្សដែលគេមើលរំលងឡើយ ដោយនាំមកនូវការព្យាបាល និងសេចក្តីមេត្តាដល់សហគមន៍ និងការងារបម្រើ។

៣. សេចក្តីសប្បុរស — ចាក់បង្ហូរ​ក្តីស្រឡាញ់ដោយឥតគិតថ្លៃ

សេចក្តីសប្បុរសស្ថិតនៅចំកណ្តាលនៃទេពកោសល្យរបស់ស្ត្រី។ ស្ត្រីជាធម្មតាដាក់អាទិភាព​មនុស្សមុនអ្វីៗទាំងអស់​ និងធ្វើដោយ​​មិនគិតពីអត្ថប្រយោជន៍ផ្ទាល់ខ្លួន។ តាមរយៈការបម្រើដ៏ស្ងៀមស្ងាត់ មិនថានៅក្នុងផ្ទះ សាលារៀន ព្រះសហគមន៍កាតូលិក ស្ត្រីលះបង់ខ្លួន​ឯងភ្ជាប់​​ក្តីស្រឡាញ់របស់ព្រះគ្រីស្ត។ បណ្ឌិត ម៉ានុចបានចែករំលែករឿងរ៉ាវរបស់ម្តាយ គ្រូបង្រៀន និងដូនជី ដែលការលះបង់ដ៏លាក់កំបាំងរបស់ពួកគេទ្រទ្រង់គ្រួសារ និងសហគមន៍។ លោកស្រីបាននិយាយថា សេចក្តីស្រឡាញ់ដ៏សប្បុរសនេះ «កសាងមិនត្រឹមតែផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងព្រះសហគមន៍​ខ្លួនឯងទៀតផង»។

៤. ភាពជាមាតា — ការចិញ្ចឹមបីបាច់ជីវិតទាំងរូបកាយ និងខាងវិញ្ញាណ

ភាពជាមាតាមានលើសពីភាពជាម្តាយខាងជីវសាស្រ្ត។ វារួមបញ្ចូលទាំងភាពជាម្តាយខាងវិញ្ញាណ សមត្ថភាពក្នុងការចិញ្ចឹមបីបាច់ជំនឿ ការព្យាបាល កំណើន និងការជាកម្មសិទ្ធិ។ ស្ត្រីបង្កើត «ផ្ទះ» គ្រប់ទីកន្លែងដែលពួកគេនៅ៖ នៅក្នុងថ្នាក់រៀន សហគមន៍ ការងារបម្រើ និងកន្លែងធ្វើការ។ ភាពជាមាតាត្រូវបានសម្គាល់ដោយការការពារ ការអមដំណើរ ការអត់ធ្មត់ និងសមត្ថភាពក្នុងការបង្កើតអ្នកដទៃដោយថ្នមៗ ប៉ុន្តែមានភាព​យ៉ាងម៉ឺងម៉ាត់។ លោកស្រីបាននិយាយថា៖ «មនុស្សគ្រប់រូប គឺជាកូនរបស់នរណាម្នាក់ និងជាទីស្រឡាញ់របស់ព្រះជាម្ចាស់។ ទេពកោសល្យរបស់ស្ត្រីស្គាល់រឿងនេះដោយសភាវគតិ»។

បណ្ឌិតប៊ីនណា ម៉ានុច បានសន្និដ្ឋានដោយរំលឹកអ្នកចូលរួមថា ទេពកោសល្យរបស់ស្ត្រីគឺជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់ការងាររបស់ព្រះសហគមន៍​នៅអាស៊ី។ នៅពេលដែលស្ត្រីរស់នៅជាមួយ​អំណោយទាំងនេះដោយសេរី ស្មោះត្រង់ និងរីករាយ ពួកគេក្លាយជារូបតំណាងនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងជាភ្នាក់ងារព្យាបាល និងផ្តល់​ក្តីសង្ឃឹម។ លោកស្រីបានអញ្ជើញបុរសឱ្យគោរព ការពារ និងសហការជាមួយនឹងអំណោយទានទាំងនេះ ដើម្បីឱ្យព្រះសហគមន៍​នៅអាស៊ីអាចឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតពេញលេញនៃការរចនារបស់ព្រះជាម្ចាស់។

វគ្គនេះបានបញ្ចប់ដោយការអធិស្ឋានទូលអង្វរព្រះ​នាងម៉ារី ជាមាតានៃអាស៊ី ដោយសុំព្រះគុណដើម្បីរស់នៅដោយទេពកោសល្យរបស់ស្ត្រីក្នុងជីវិតប្រចាំថ្ងៃ និងការបម្រើ៕

 

Daily Program

Livesteam thumbnail