FABC សង្ឃឹមថា សម្តេចប៉ាបឡេអូទី១៤នឹងត្រួសត្រាយមាគ៌ាដឹកនាំមួយដ៏ភ្លឺស្វាងបន្ថែម

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលមានចេញផ្សាយមួយថ្ងៃក្រោយពេលដែលសម្តេចប៉ាបឡេអូទី១៤ បានត្រូវរៀបចំប្រកាសជាប្រមុខដឹកនាំព្រះសហគមន៍កាតូលិក ឬជាប្រមុខដឹកនាំសន្តអាសនៈ លោកកាឌីណាល់ ហ្វីលីប ណេរី ហ្វេរ៉ាវ (Filipe Neri Ferrão) ប្រធានអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី បានលើកឡើងថា សម្តេចប៉ាបឡេអូទី១៤ នឹងត្រួសត្រាយផ្លូវព្រះសហគមន៍ទៅរកការដឹកនាំដ៏ពិតប្រាកដមួយ។

លោកកាឌីណាល់ បានលើកឡើងថា សម្តេចប៉ាបឡេអូ ជាមេដឹកនាំដែល តែងតែស្តាប់ ឈ្វេងយល់ និង ទទួលយកមតិនានា ដូច្នេះហើយលោកមិនសង្ស័យឡើយចំពោះតួនាទីនិងភារកិច្ចដែលទ្រង់នឹងយាងមកដឹកនាំព្រះសហគមន៍ឆ្ពោះទៅរកអ្វីដែលជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ សេរីភាពខាងសាសនា តស៊ូដើម្បីអ្នកក្រីក្រ និងអ្នកដែលរងភាពអយុត្តិធម៌ អ្នករងគ្រោះដោយសង្រ្គាម។

លោកកាឌីណាល់ក៏បង្ហាញនូវសេចក្តីសង្ឃឹមផងដែរថា សម្តេចប៉ាបឡេអូ ទ្រង់នឹងលើកកំពស់នូវការផ្សះផ្សារ​ ហើយនឹងបន្តយកចិត្តទុកដាក់លើបញ្ហានានារួមទាំងបញ្ហាបរិស្ថាន ជនចំណាកស្រុក និង បញ្ហានានាដែលអាចនឹងប្រឈមមុខពាក់ព័ន្ធនឹងការរីកចម្រើនៃបញ្ញាសិប្បនិម្មិត។

លោកកាឌីណាល់ក៏បានបង្ហាញនូវសេចក្តីសង្ឃឹមផងដែរថា សម្តេចប៉ាបឡេអូ នឹងចិញ្ចឹមបីបាច់និងគង្វាលព្រះសហគមន៍ឆ្ពោះទៅរកការលើកកំពស់ការចូលរួម ហើយផ្តោតលើបេសកម្មប្រកាសដំណឹងល្អ ហើយក៏នឹងបន្តនូវកេរ្តិ៍ដំណែលទស្សនៈវិស័យដ៏សំបូរបែបរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ៕

Daily Program

Livesteam thumbnail