FABC ចេញពីភាព​ចម្រុះ​បែប ទៅជា​ទិសដៅរួម

បន្ទាប់ពីកិច្ចប្រជុំពិចារណាត្រិះរិះតាមតំបន់កាលពីថ្ងៃទី ២៥ ខែកក្កដា នៅក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃ FABC លោកបូជាចារ្យក្លារិន ឌីវ៉ាដាស (Clarence Devadass) អគ្គលេខាធិការរង បានចែករំលែកនូវលទ្ធផលដ៏សំខាន់មួយថា ទោះបីជាទ្វីបអាស៊ីមានភាពចម្រុះយ៉ាងខ្លាំងខាងវប្បធម៌ និងភូមិសាស្ត្រយ៉ាងណាក៏ដោយ ព្រះសហគមន៍មូលដ្ឋានទាំងអស់មានទស្សនវិស័យស្របគ្នាយ៉ាងជ្រាលជ្រៅសម្រាប់អនាគត។

លោកបូជាចារ្យ ក្លារិន ឌីវ៉ាដាស បានរំលេចថា ការសន្ទនាតាមតុពិភាក្សាតាមតំបន់នៅអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងអាស៊ីកណ្តាល/បូព៌ា បានបង្ហាញពីបំណងប្រាថ្នាស្រដៀងគ្នាយ៉ាងខ្លាំងនៃព្រះសហគមន៍មូលដ្ឋាន ជាជាងភាពបែកបាក់។

ការផ្តោតលើចំណុចរួមគ្នា ជាជាងរនាំង​​ប្រឈមជាក់ស្តែងតាមមូលដ្ឋាន ការជួបជុំពិចារណាត្រិះរិះបានបង្ហាញពីការស្របគ្នាយ៉ាងច្បាស់ជុំវិញសសរស្ដម្ភចម្បងទាំងបីនៃលក្ខណៈស៊ីណូដាលគឺ៖ ការរួបរួម ការចូលរួម និងបេសកកម្ម។

ទស្សនវិស័យដ៏ស្របគ្នានេះបានស្តែងចេញដោយផ្ទាល់ពីវិធីសាស្ត្រដែលមានរចនាសម្ព័ន្ធរបស់មហាសន្និបាត ដោយបូកបញ្ជូលការពិចារណាខាងផ្លូវវិញ្ញាណផ្ទាល់ខ្លួន ជាមួយនឹងការពិភាក្សាក្រុមតាមតំបន់ ដើម្បីពិចារណាលើអាទិភាពជាក់ស្តែងសម្រាប់ទ្វីបអាស៊ី។

ការសន្ទនាតាមតុពិភាក្សាតាមតំបន់បានបកស្រាយថា ភាពចម្រុះនៅអាស៊ីមិនបានធ្វើឱ្យព្រះសហគមន៍កាតូលិកបែកបាក់នោះឡើយ។ ផ្ទុយទៅវិញ ការស្តាប់ដោយការអធិស្ឋានបានផ្លាស់ប្តូរទិដ្ឋភាពជាក់ស្តែងតាមមូលដ្ឋាន ឱ្យទៅជាកិច្ចសន្យារួមគ្នានៅទូទាំងទ្វីប ដើម្បីរស់នៅក្នុងជីវិតស៊ីណូដាល។

ភាពចម្រុះដែលកសាងការរួបរួម

ដោយឆ្លុះបញ្ចាំងលើការសន្ទនាតាមតុពិភាក្សានៅក្នុងមហាសន្និបាតពេញអង្គ FABC លោកបូជាចារ្យ ក្លារិន ឌីវ៉ាដាស បានរំលេចអំពីរបៀបដែលប្រតិភូទាំងឡាយបានចាត់ទុកភាពចម្រុះខាងវប្បធម៌ ភាសា និងសាសនាដ៏សម្បូរបែបរបស់អាស៊ីថាជាកម្លាំងចម្បង ជាជាងឧបសគ្គ។ ការពិភាក្សាបានបញ្ជាក់ឡើងវិញថា ការរួបរួមពិតប្រាកដមិនតម្រូវឱ្យមានឯកសណ្ឋានភាពតឹងរ៉ឹងនោះទេ ប៉ុន្តែបានប្រើប្រាស់ភាពចម្រុះដ៏ទូលំទូលាយរបស់អាស៊ីជាទីសម្រាប់រស់នៅក្នុងដំណឹងល្អ និងកសាងស្ពានមេត្រីភាពនៅទូទាំងសង្គម។ ការផ្សព្វផ្សាយជំនឿនៅទូទាំងទ្វីប រីកចម្រើនយ៉ាងមានប្រសិទ្ធភាពបំផុតតាមរយៈទំនាក់ទំនងពិតប្រាកដ ការស្តាប់ដោយយកចិត្តទុកដាក់ ការអមដំណើរ និងសាក្សីភាពផ្ទាល់ខ្លួនប្រចាំថ្ងៃ មហាសន្និបាតបានស្រមៃមើលព្រះសហគមន៍ដែលធ្វើការរួមគ្នាកាន់តែខ្លាំងឡើង ជាទីដែលថ្នាក់ដឹកនាំគ្រីស្តបរិស័ទជាគ្រហស្ថ ជាពិសេសស្ត្រី យុវជន និងគ្រួសារ ដើរតួនាទីកាន់តែពេញលេញក្នុងការពិចារណាត្រិះរិះរួមគ្នា និងជីវិតជាគង្វាលកិច្ច​។ ជារួម អប់រំកាតូលិក និងការសន្ទនាអន្តរសាសនាជាបន្តបន្ទាប់ នៅតែជាឧបករណ៍ដ៏ស្ថិតស្ថេរចម្បងពីររបស់ព្រះសហគមន៍ ក្នុងការលើកកម្ពស់សុខសន្តិភាពសង្គម ការអភិវឌ្ឍធនធានមនុស្ស និងបេសកកម្មរួមគ្នានៅទូទាំងទ្វីបអាស៊ី។

ភាពស្មោះត្រង់ចំពោះបញ្ហាប្រឈម

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំពិចារណាត្រិះរិះតាមតំបន់របស់ FABC ប្រតិភូទាំងឡាយបានបង្ហាញពីឆន្ទៈដ៏ស្មោះត្រង់ក្នុងការប្រឈមមុខនឹងទិដ្ឋភាពជាក់ស្តែងទាំងខាងក្នុង និងខាងក្រៅដែលព្រះសហគមន៍កាតូលិកនៅទូទាំងទ្វីបអាស៊ីកំពុងជួបប្រទះ។ ជាជាងគេចវេសពីប្រធានបទលំបាកៗ អ្នកចូលរួមបានរំលេចនូវសម្ពាធសង្គមធំៗ ដូចជាការបែកបាក់គ្នាក្នុងសង្គមកាន់តែខ្លាំង ការបែងចែកមនោគមវិជ្ជា ភាពក្រីក្រ ការគំរាមកំហែង​ដល់បរិស្ថាន កំណើនយ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងទុក្ខលំបាករបស់គ្រួសារជនភៀសខ្លួន/ពលករចំណាកស្រុក ព្រមទាំងឧបសគ្គខាងក្នុងដ៏ជ្រាលជ្រៅផងដែរ។ ឧបសគ្គខាងក្នុងចម្បងគេគឺ «អំណាចនៃការចាត់ចែង(Clericalism)»  ដែលប្រតិភូបានកំណត់ថាជាបញ្ហារារាំងដំបូងគេដល់ជីវិតស៊ីណូដាលពិតប្រាកដ។ លោកបូជាចារ្យឌីវ៉ាដាស បានកត់សម្គាល់ថា លក្ខណៈស៊ីណូដាលពិតប្រាកដតម្រូវឱ្យមានការប្រែចិត្តគំនិតខាងក្នុងយ៉ាងជ្រាលជ្រៅ ដោយចាកចេញពីចំណុចនេះ ឆ្ពោះទៅរកការទទួលខុសត្រូវរួមគ្នាដែលមានឫសគល់នៅក្នុងអគ្គសញ្ញា​ជ្រមុជទឹក។ ជារួម ការសន្ទនាបានគូសបញ្ជាក់ថា ដើម្បីឱ្យព្រះសហគមន៍នៅតែជាអ្នកកសាងស្ពានដ៏គួរឱ្យទុកចិត្តនៅអាស៊ី ព្រះសហគមន៍ត្រូវតែដោះស្រាយភាពទន់ខ្សោយខាងរចនាសម្ព័ន្ធរបស់ខ្លួន ព្រមទាំងចូលរួមអមដំណើរយ៉ាងសកម្មជាមួយសហគមន៍ងាយរងគ្រោះ ដែលកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរសង្គម និងបច្ចេកវិទ្យាយ៉ាងរហ័ស។

ទិសដៅរួមគ្នា

ប្រតិភូនានានៅក្នុងមហាសន្និបាត FABC បានស្របគ្នាយ៉ាងរលូនលើដំណោះស្រាយរួម ដោយសង្កត់ធ្ងន់ថា លក្ខណៈស៊ីណូដាលត្រូវតែជា «ជីវិតផ្លូវវិញ្ញាណ» ដែលត្រូវរស់នៅក្នុងជីវិតជាក់ស្តែងជាមុនសិន មុននឹងក្លាយជារចនាសម្ព័ន្ធរដ្ឋបាល។ ដោយសារតែការកែទម្រង់រចនាសម្ព័ន្ធមិនអាចស្ថិតស្ថេរបានដោយគ្មានការប្រែចិត្តគំនិតខាងផ្លូវវិញ្ញាណជាបន្តបន្ទាប់ អ្នកចូលរួមបានអំពាវនាវឱ្យមានការផ្លាស់ប្តូរបរិបទនៃគង្វាលកិច្ច​ថ្មី និងការបណ្តុះបណ្តាលថ្នាក់ដឹកនាំ ដើម្បីជ្រៀបបញ្ជ្រាបការអនុវត្តលក្ខណៈស៊ីណូដាលទៅក្នុងជីវិតប្រចាំថ្ងៃនៃអភិបាលកិច្ច និងជីវិត​ក្នុងភូមិភាគ។ ជារួម ទិសដៅរួមគ្នានេះមានគោលបំណងប្រគល់អំណាចដល់គ្រីស្តបរិស័ពេញលក្ខណៈ​​គ្រប់រូប ឲ្យ​ទទួល​ការ​បណ្តុះបណ្តាលកាន់តែល្អប្រសើរ និងការទទួលខុសត្រូវរួមគ្នា ដើម្បីឱ្យគ្រីស្តបរិស័ទទាំងអស់អាចរស់នៅក្នុងការត្រាស់ហៅខាងបេសកកម្មរបស់ខ្លួនបានយ៉ាងពេញលេញ។

ព្រះសហគមន៍មួយ ទស្សនវិស័យមួយ

សម្រាប់លោកបូជាចារ្យកា្លរិន ឌីវ៉ាដាស ការសន្ទនាតាមតំបន់បានបង្ហាញថា ទោះបីជាមានទិដ្ឋភាពជាក់ស្តែងខុសគ្នាយ៉ាងខ្លាំង ចាប់ពីកិច្ចការបម្រើជនភៀសខ្លួននៅអាស៊ីអាគ្នេយ៍ ជាតិនិយមជ្រុលខាងសាសនានៅអាស៊ីខាងត្បូង រហូតដល់សហគមន៍តូចៗដែលរស់នៅខ្វាត់ខ្វែងនៅអាស៊ីកណ្តាល និងបូព៌ាក៏ដោយ ក៏ព្រះសហគមន៍មូលដ្ឋានបានត្រឡប់មកកាន់ទស្សនវិស័យរួមគ្នាតែមួយនៃការដើរជាមួយគ្នាយ៉ាងជាប់លាប់។

នៅទូទាំងទ្វីប លក្ខណៈស៊ីណូដាលលែងត្រូវបានគេមើលឃើញថាត្រឹមតែជាប្រធានបទសម្រាប់ការពិចារណានោះទៀតហើយ ប៉ុន្តែជាវិធីសាស្ត្រដ៏សំខាន់នៃការធ្វើជា «ព្រះសហគមន៍» ដែលកសាងស្ពានមេត្រីភាពពិតប្រាកដនៅក្នុងសង្គមដែលមានភាពចម្រុះ ស្មុគស្មាញ និងប្រកបដោយក្តីសង្ឃឹម។ នៅពេលដែលមហាសន្និបាតពេញអង្គ FABC រៀបចំអនុសាសន៍ចុងក្រោយ និងបញ្ចប់សេចក្តីព្រាងសៀវភៅណែនាំ (Synodality Vademecum for Asia) ការសន្ទនាទាំងនេះបានបង្ហាញថា ភាពចម្រុះដ៏សម្បូរបែបរបស់អាស៊ី បម្រើជាគ្រឹះយ៉ាងរឹងមាំបំផុតសម្រាប់ការរួបរួមយ៉ាងជ្រាលជ្រៅ៕

Daily Program

Livesteam thumbnail