ADB អនុម័តប្រាក់កម្ចី ៥០ លានដុល្លារ គាំទ្រកំណែទម្រង់គោលនយោបាយ ដើម្បីជំរុញពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានអនុម័តប្រាក់កម្ចីផ្ដោតលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជាក្នុងការធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់ អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។
លោកស្រី Jyotsana_Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា កម្មវិធីនេះគាំទ្រដល់ការបន្តការប្ដេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ី ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន នាំមកនូវការវិនិយោគជាមួយឱកាសការងារ កាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោកស្រីថា ៖ «កម្មវិធីនេះផ្តោតលើ សហគ្រាសធុនមីក្រូ តូច និង មធ្យម ឬ MSMEs ដោយសារសហគ្រាសទាំងនេះជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយកំណើនរបស់វាមាន សារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស»។
ជាមួយប្រាក់បន្ថែមពិសេស ដើម្បីលើកទឹកចិត្តដល់សហគ្រាសគោលដៅមួយចំនួន យើងមានគោលបំណងជំរុញសហគ្រាសទាំងនោះ ក្នុងការធ្វើពិពិធកម្ម ប្រើប្រាស់ជម្រើសឌីជីថល និងបង្កើនផលិតភាព។
«កម្មវិធីនេះក៏សម្រួលដល់ការធ្វើ ពាណិជ្ជកម្មឆ្លងព្រំដែនឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពជាងមុន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវ ក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រួលនីតិវិធី និងកាត់បន្ថយរបាំងពាណិជ្ជកម្ម ដើម្បីបង្កលក្ខណៈឱ្យប្រទេសកម្ពុជា ជ្រៀតចូលក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។» នេះបើតាមលោកស្រី Jyotsana_Varma។
កម្មវិធីរបស់ ADB ខាងលើគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ បញ្ហាប្រឈមទាំងនេះ និង លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ វានឹងជួយសម្រួល បទប្បញ្ញត្តិធុរកិច្ច និងលើកកម្ពស់សេវាសាធារណៈ ឱ្យកាន់តែប្រសើរសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា។
នៅត្រឹមឆ្នាំ ២០២៧ កម្មវិធីនេះនឹងជួយសម្រួលសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រមាណ ៥០000 ឱ្យបានចុះបញ្ជីជាផ្លូវការក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្មអនឡាញ ហើយទទួលបានអាជ្ញាប័ណ្ណអាជីវកម្ម វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតចាំបាច់តាមប្រព័ន្ធឌីជីថល។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ប្រទេស ដែល ក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕