”ជាដៃគូ មិនមែនជាគូប្រជែង” លោកស៊ី ជីនពីង ទទួលលោកដូណាល់ ត្រាំ ដោយ កិត្តិយស នៅប្រទេសចិន

ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានទទួលលោកដូណាល់ ត្រាំ ដោយអធិកអធម កាលពី ថ្ងៃទី១៤ ខែឧសភា នៅទីក្រុងប៉េកាំង មុនពេលជំនួបសន្ទនាគ្នាដោយលើកយកចំណុច សំខាន់ៗ​ នៃប្រធានបទដែលមានគំនិតខុសគ្នាច្រើន មកពិភាក្សា។

លោកស៊ី ជីនពីង បានរៀបរាប់ប្រាប់លោកដូណាល់ ត្រាំថា ៖​”កិច្ចសហប្រតិបត្តិការ​ផ្តល់​ផល​ប្រយោជន៍​ដល់ភាគីទាំងពីរ នៅខណៈដែលការប្រឈមមុខ នឹងបំផ្លាញភាគីទាំងពីរ។ យើង​ត្រូវ​តែ​ជាដៃគូ មិនមែនជាគូសត្រូវ។ យើងត្រូវតែជួយគ្នាទៅវិញ​ទៅមក ដើម្បីទទួលជោគជ័យ និង​រីកចម្រើនជាមួយគ្នា និងដែលគូសដានផ្លូវថ្មីផងដែរ នោះគឺជាផ្លូវនៃការត្រូវរ៉ូវគ្នារវាង​មហា​អំណាច​ធំៗ នៅក្នុងយុគសម័យថ្មីនេះ។”

លោកដូណាល់ ត្រាំ បាននិយាយថា ៖ “នេះគឺជាកិត្តិយសដែលនៅក្បែលោកស៊ី។ នេះ​គឺ​ជា​កិត្តិយស ដែលក្លាយជាមិត្តលោក ហើយទំនាក់ទំនងរវាងចិន និងអាម៉េរិក នឹងកាន់តែ​ប្រសើរ​ឡើង​មិនធ្លាប់មាន។” លោកត្រាំ បានរៀបរាប់បន្ថែមថា ៖ “យើងនឹងមាននូវអនាគត​មួយដ៏​អស្ចារ្យ​ជាមួយគ្នា។”

យោងតាមទូរទស្សន៍រដ្ឋចិន លោកស៊ី ជីនពីង បានថ្លែងថា ៖ ”បញ្ហាសំណុំរឿងតៃវ៉ាន់ គឺ​មាន​សារ​សំខាន់បំផុត​នៅក្នុងទំនាក់ទំនងចិន និងអាម៉េរិក។ ប្រសិន​បើបញ្ហានេះត្រូវ​បាន​ដោះស្រាយ​​ល្អ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ចិន និងសហរដ្ឋអាម៉េរិក នឹងអាចធ្វើឲ្យ​មាន​ស្ថិរភាព​ជាសកល។ ប្រសិនបើវាមិនត្រូវបានដោះស្រាយល្អទេ។ ប្រទេសទាំងពីរនឹង​ប៉ះទង្គិច​គ្នា ឬអាចប្រឡូកក្នុងជម្លោះផង។” នេះគឺជាពាក្យដែលលោកស៊ីប្រើក្នុងភាសាចិនកុកងឺ ដែល​មិន​​ដែល​មាន​ន័យចាំបាច់ថា ជាជម្លោះខាងយោធាសង្រ្គាមនោះទេ។

អនាគតនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងសេដ្ឋកិច្ចធំៗពីរនៅលើពិភពលោក ត្រូវបានគេរំពឹងថា នឹង​ក្លាយជាប្រធានបទមួយនៃកិច្ចប្រជុំកំពូល។

លោក​ដូណាល់ ត្រាំ បានបញ្ជាក់ នៅពេលចេញដំណើរពីសហរដ្ឋអាមេរិកថា ៖ “នេះ​នឹង​ជា​ការ​អស្ចារ្យ​ណាស់”។ លោកធ្លាប់បានអះអាងកណ្តាលខែមេសាថា លោកស៊ី ជីងពីង ដែលមិនសូវ​ចូលចិត្ត​បង្ហាញអារម្មណ៍ផ្ទាល់ខ្លួនជាសាធារណៈ នឹងឱបគាត់យ៉ាងខ្លាំងនៅទីក្រុងប៉េកាំង។”

នៅលើកំពូលបញ្ជីនៃបំណងរបស់ទីក្រុងវ៉ាស៊ីនតុនគឺ មានកិច្ចព្រមព្រៀងក្នុងវិស័យកសិកម្ម ហើ​យ​ប្រហែលមានការបញ្ជាក់អំពីការបញ្ជាទិញយន្តហោះច្រើនពីក្រុមហ៊ុនប៊ូអ៊ីង។ លោកត្រាំ ក៏​បាននាំអមដំណើរជាមួយនូវអគ្គនាយកប្រតិបត្តិក្រុមហ៊ុនផលិតយន្តហោះ លោកខេលី អ័រប៊ឺក ហើយក៏មានលោកអេឡុន ម៉ាស ប្រធានក្រុមហ៊ុនតេស្លា ប្រធានក្រុមហ៊ុនអេផល និង​ប្រធាន​ក្រុមហ៊ុនយក្ស​នៃ​ការ​ផលិតបន្ទះឈីបអេនវ៉ាយឌៀ (Nvidia)ផងដែរ។

នៅលើផ្លូវនៃការធ្វើដំណើរលោកដូណាល់ ត្រាំ បាននិយាយនៅលើបណ្តាញសង្គមថា លោក​នឹង​បញ្ចុះបញ្ចូលលោកស៊ី ឲ្យបើកប្រទេសរបស់លោកសម្រាប់សហគ្រាសអាម៉េរិក។ ជាមួយ​និង​​ប្រាក់ចំណេញពាណិជ្ជកម្មរបស់ចិន ការអនុវត្តមិនស្មើភាព ឬ​ការ​រំលោភលើកម្មសិទ្ធិបញ្ញា ដែល​ត្រូវបានចោទប្រកាន់ទៅលើចិន និងឧបសគ្គក្នុងការចូលដល់ទីផ្សារចិន ទាំងនេះគឺជាការ​តវ៉ាធំ​​មួយ​របស់សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀត ចំពោះទីក្រុងប៉េកាំង។

ប្រធានបទផ្សេងៗទៀតនៃការប៉ះទង្គិច មិនមែនថាគ្មានទេ ដូចជា ការផ្គត់ផ្គង់រ៉ែកម្រ និង​បន្ទះ​ឈីប សំណុំរឿងតៃវ៉ាន់ បន្ថែមជាមួយរឿងបញ្ហាសង្រ្គាមនៅអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ។ 

យោងតាមរដ្ឋាភិបាលអាម៉េរិកបានឲ្យដឹងថា លោកដូណាល់ ត្រាំ មានបំណងដាក់​សម្ពាធ​ឲ្យ​ចិន ដែលជាដៃគូយុទ្ធសាស្ត្រ និងដៃគូសេដ្ឋកិច្ចសំខាន់របស់អ៊ីរ៉ង់ ហើយប្រទេសចិន​ក៏ជាអ្នក​នាំចូល​​ប្រេងរបស់អ៊ីរ៉ង់ចម្បង ដើម្បីឲ្យចិនប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីស្វែងរកដំណោះស្រាយ​ឲ្យ​ចាកចេញពីវិបត្តិនៅតំបន់ឈូងសមុទ្រ។  

 

Daily Program

Livesteam thumbnail