CJCC និងផ្សារទំនើបអ៊ីអនកម្ពុជា សហការគ្នាជួយពង្រឹងសមត្ថភាពដល់សហគ្រិនកម្ពុជា

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយផ្សារទំនើបអ៊ីអន ដើម្បីជាកិច្ចសហប្រតិបត្តិការក្នុងការជួយពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងលើកកម្ពស់សហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។
ពិធីចុះអនុស្សរណៈយោគយល់ជាលើកទី២នេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័តមានរបស់CJCC បានឱ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការនេះ ផ្សារទំនើបអ៊ីនអនកម្ពុជា បានផ្តល់ជាថវិកាដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) សម្រាប់រៀបចំ «កម្មវិធីពន្លឿនអាជីវកម្ម»។
ថវិកានេះនឹងត្រូវប្រើប្រាស់សម្រាប់ផ្តល់ជាអាហាររូបករណ៍ ក៏ដូចជារង្វាន់សម្រាប់ក្រុមហ៊ុនជាបេក្ខជនដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី និងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការផ្សេងទៀតនៃកម្មវិធី។
លោក ឃឹម លាង នាយកនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានថ្លែងក្នុងអំឡុងពេលនៃពិធីចុះអនុស្សរណៈយោគយល់នេះ ដោយអរគុណដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលបានបន្តគាំទ្រដល់ «កម្មវិធីពន្លឿនអាជីវកម្ម» និងសកម្មភាពផ្សេងៗរបស់មជ្ឈមណ្ឌល។
លោកបានថ្លែងថា ៖ «មានសហគ្រិន និងអ្នកជំនួញកម្ពុជាជាច្រើនមកហើយ ដែលទទួលបានសមិទ្ធផលល្អបន្ទាប់ពីបានចូលរួមក្នុង «កម្មវិធីពន្លឿនអាជីវកម្ម» (CJAP) នេះ ហើយមានអាជីវកម្មខ្មែរកាន់តែច្រើនឡើងបានចូលរួម ក៏ដូចជាទទួលស្គាល់ពីគំនិតអាជីវកម្មពីការបណ្តុះបណ្តាលនេះ»។
ជាមួយគ្នានេះ លោក អ៊ីនដូ ហ៊្វូមីហ៊ីកូ នាយកគ្រប់គ្រងនៃផ្សាទំនើបអ៊ីអនកម្ពុជា បានលើកឡើងដែរថា ដោយសារចំណេះដឹង និងសមត្ថភាពនៅមានកម្រិត ហើយភាពជាដៃគូជាមួយក្រុមហ៊ុន និងសហគ្រិន ដែលមានគំនិតថ្មីៗច្រើន និងស្ថិតក្នុងឯកទេសផ្សេងៗគ្នានោះ អាចជាកូនសោរក្នុងការបង្កើតគុណតម្លៃបន្ថែមទៀតនាពេលអនាគត។
លោកជឿជាក់ថា កិច្ចសហប្រតិបត្តិការជាមួយ CJCC ដែលបានបង្ហាញកំណត់ត្រាឱ្យឃើញស្រាប់ទៅលើការគាំទ្រដល់វិស័យសហគ្រិនភាព នឹងជួយផ្តល់ឱកាសដល់ក្នុងការបង្កើតភាពជាដៃគូដែលលោកត្រូវការ។
លោកបញ្ជាក់ថា ៖ «កិច្ចប្រតិបត្តិការក្នុងការផ្តួចផ្តើមកម្មវិធីពន្លឿនអាជីវកម្ម (CJAP) នឹងផ្តល់ការសិក្សាដល់លោកអំពីបំណងប្រាថ្នារបស់សហគ្រិនកម្ពុជា និងជួយឱ្យពួកគេបានដឹងសេចក្តីប្រាថ្នារបស់ខ្លួន តាមរយៈការរួមចំណែកដោះស្រាយបញ្ហាសង្គមមួយនេះ។ បេសកកម្មរបស់ផ្សារទំនើបអ៊ីអនគឺបំពេញជីវិតប្រចាំថ្ងៃនៅកម្ពុជា ជាមួយនឹងលទ្ធភាពថ្មីៗ»។
លោក អ៊ីនដូ ហ៊្វូមីហ៊ីកូ មានទំនុកចិត្តថា តាមរយៈកម្មវិធីនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដើម្បើនាំយកនូវគុណតម្លៃថ្មីក្នុងការបង្កើនការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ដែរថា កម្មវិធីពន្លឿនអាជីវកម្ម (CJAP) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដើម្បីជួយសម្របសម្រួលដោះស្រាយឧបសគ្គផ្សេងៗដែលសហគ្រិនកម្ពុជារងការប្រឈម ដូចជា លទ្ធភាពទទួលបានផ្នែកហិរញ្ញវត្ថុ ជំនួយអាជីវកម្ម ធនធានមនុស្ស និងទីផ្សារមានកម្រិត។
កម្មវិធីនេះដើរតួនាទី ជាវេទិកាសម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយផ្តល់នូវការអភិវឌ្ឍន៍សមត្ថភាពអាជីវកម្ម និងបង្កើតកិច្ចសហការ និងឱកាសក្នុងការកៀរគរទុនជាមួយសមាគមធុរកិច្ចកម្ពុជា អ្នកវិនិយោគិនសំខាន់ៗ និងក្រុមហ៊ុនជប៉ុន។
កម្មវិធីនេះគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងពិគ្រោះយោបល់ដោយក្រុមហ៊ុន Deloitte Tohmatsu Financial Advisory LLC៕



Daily Program
