សាលាដំបូងខេត្តកណ្តាល បង្គាប់ឱ្យឃុំខ្លួនអ្នកកាសែត២រូប
អ្នកសារព័ត៌មាន២រូប ត្រូវបានសាលាដំបូងខេត្តកណ្តាល ចេញដីកាបង្គាប់ឱ្យឃុំខ្លួន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ការគំរាមកំហែងហែកកេរ្តិ៍» ក្រោមបទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។
នេះបើយោងតាមដីកាចំនួន២ផ្សេងគ្នាបង្គាប់ឱ្យឃុំខ្លួន ដែលចុះហត្ថលេខាដោយលោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល។
ដីកាដដែលបានលើកឡើងថា លោក នឿប ប៊ុន អាយុ៣៣ឆ្នាំ ជាអ្នកសារព័ត៌មាន តួនាទីជានិពន្ធនាយក SSBTV News និងលោក សូរ សំបូរ ហៅ សុខ សាវុធ អាយុ៤០ឆ្នាំ ជាអ្នកសារព័ត៌មាន តួនាទីជាចាងហ្វាង SSB TV News ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ការគំរាមកំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅចំណុចភូមិជ្រៃធំ សង្កាត់សំពៅពួន ក្នុងសំពៅពួន ខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ / បទល្មើសដែលមានចែងឱ្យផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។
លោកចៅក្រមបានបង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ នឿប ប៊ុន ទៅពន្ធនាគារខេត្តកណ្តាល ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់៕