​វត្ថុបុរាណខ្មែរចំនួន១៤រូប ត្រូវបានសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញ៉ូវយកបញ្ជូនមកដល់កម្ពុជា

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន​ឱ្យដឹង​ថា ​​វត្ថុបុរាណ ខ្មែរចំនួន១៤រូប ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET) នៅសហរដ្ឋអាមេរិក មកដល់ សារមន្ទីរជាតិកម្ពុជា នារសៀ​​លថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការ ប្រគល់ជូនមកកម្ពុជាវិញ កាលពីខែធ្នូ ឆ្នាំ២០២៣។

ក្រសួងបានបញ្ជាក់ថា ៖ «ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំ រវាងក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុង ញូវយ៉ក(SONY) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក(HSI) និងតំណាងសារមន្ទីរ MET»។

វត្ថុបុរាណខ្មែរទាំងនេះមានដូចជា ទេពស្រី(នាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០គ.ស. ដែលជារូបចម្លាក់ដ៏ល្អឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ នៅឆ្នាំ២០២១ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរកឃើញប្រអប់ជើងនៃ បដិមានេះនៅរមណីយដ្ឋានប្រាសាទកោះកេរ និងដោយផ្អែកលើសក្ខីកម្មពីអតីតបុគ្គលដែលបានលួចបញ្ជាក់ថា បដិមា នេះត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។ ទីបំផុត រូបចម្លាក់នាងឧមាអាចផ្ដុំជាមួយគ្នាឡើងវិញជារូបបដិមាតមួយ ពេញលេញ និងល្អវិចិត្រ។

ចម្លាក់ដ៏កម្រ និងជាស្នាដៃឯកមួយទៀតគឺ បដិមាព្រះលោកសូរ ធ្វើពីសំលោហៈ ចុងសតវត្សរ៍ទី១០ ដើម១១គ.ស ដែលសារមន្ទីរ MET បានទិញបដិមានេះពីលោក Douglas Latchford នៅក្នុងឆ្នាំ១៩៩២។ វត្ថុបុរាណដ៏សំខាន់មួយទៀត នោះ គឺព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី១០គ.ស. ដែលកម្ពុជាតែងព្យាយាមស្វែងរក ដើម្បីយកមកផ្គុំឡើង វិញជាមួយនឹងដងខ្លួន បច្ចុប្បន្នកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។

ព្រះកេសនេះប្រហែលត្រូវបានគេលួចនៅក្នុង ទសវត្សរ៍១៩៩០ រីឯដងខ្លួនត្រូវបានគេរកឃើញនៅក្នុងស្ទឹងមួយក្នុងទសវត្សរ៍១៩៣០ ក្នុងខេត្តបាត់ដំបង។

លោកស្រី​បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ៖ «ការប្រគល់សម្បត្តិវប្បធម៌របស់ជាតិយើងត្រឡប់មកវិញពីសារមន្ទីរ MET គឺមានសារៈសំខាន់បំផុត មិនសម្រាប់តែប្រទេស កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែរ»។

លោកស្រីបន្តថា ៖ «យើងដឹងថា វត្ថុបុរាណខ្មែរជាច្រើនទៀតស្ថិតនៅសារមន្ទីរ MET ដែលយើងសង្ឃឹមថា វត្ថុដ៏មានតម្លៃទាំងនោះនឹងវិលត្រឡប់មកកម្ពុជាវិញ។ យើងមានសេចក្តីសោមនស្សរីករាយ, ដែលអ្នកកាន់កាប់សមុច្ច័យឯកជននានា និងសារមន្ទីរមួយចំនួនបានទាក់ទងមកយើងក្នុងពេលថ្មីៗនេះ ហើយយើង រំពឹងថា មរតកវប្បធម៌សំខាន់ៗដទៃជាច្រើនទៀត នឹងប្រគល់ត្រឡប់មកមាតុភូមិវិញនាពេលអនាគត»។

​ការបញ្ជូនត្រឡប់មកវិញជាបន្តបន្ទាប់នូវសម្បត្តិវប្បធម៌ជាតិដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់នេះ គឺសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំយកមកវិញនូវព្រលឹងដូនតារបស់ខ្លួន ដែលបានឃ្លាតចាកឆ្ងាយពីទឹកដីកំណើតៈអំឡុងសង្គ្រាមស៊ីវិលនិងអសន្តិសុខច្រើនទសវត្សរ៍កន្លងមកនេះ។

លោកស្រី​បានបញ្ជាក់ថា ៖ «ការបញ្ជូនត្រឡប់មកវិញនៃព្រលឹងដូនតានេះ បានរួមចំណែកយ៉ាងសំខា​ន់ដល់ការផ្សះផ្សានិងការព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិល ជាច្រើនទសវត្សរ៍ និងរងគ្រោះដ៏ឈឺចាប់ពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។ លទ្ធផលប្រកបដោយ ផ្លែផ្កានេះ ក៏បានបង្ហាញនូវទំនាក់ទំនងកាន់តែរឹងមាំឡើងជាមួយសហរដ្ឋអាមេរិក»៕

Daily Program

Livesteam thumbnail