ពីក្មេងប្រុសចូលចិត្តលេងសំដែងធ្វើពិធីបុណ្យ ក្លាយជាសាសនទូតនៃក្តីស្រឡាញ់នៅកម្ពុជា
តើមានអ្វីខ្លះដែលជំរុញចិត្តកុមារាម្នាក់ ដែលធ្លាប់តែយកតុ និងចានមកលេងធ្វើត្រាប់តាមពិធីថ្វាយអភិបូជា ក្រោយមកបានក្លាយជាបូជាចារ្យរបស់ព្រះជាម្ចាស់?
នេះគឺជារឿងរ៉ាវជីវិត របស់លោកបូជាចារ្យ វ៉ុន ជុងហ្យុក (Won Jonghyeok) ជនជាតិកូរ៉េខាងត្បូង ដែលបានយកប្រទេសកម្ពុជាធ្វើជាផ្ទះទីពីររបស់ខ្លួន។
កើតក្នុងគ្រួសារកាតូលិកដ៏មានជំនឿមុតមាំនៅកូរ៉េខាងត្បូង កុមារា វ៉ុន តែងតែអមដំណើរជាមួយបងប្រុសរបស់ខ្លួន និងឪពុកម្តាយ គឺលោក Won Yonhi និងអ្នកស្រី Kim Hesou ទៅចូលរួមពិធីអភិបូជារៀងរាល់ថ្ងៃអាទិត្យក្នុងព្រះវិហារក្នុងភូមិរបស់គាត់។ ភាពស្រស់ស្អាត និងភាពអស្ចារ្យនៃពិធីបុណ្យនេះ បានដក់ជាប់ក្នុងបេះដូងក្មេងប្រុសរូបនេះ។
ក្នុងបទសំភាសន៍លោកបូជាចារ្យ វ៉ុន មានប្រសាសន៍ថា «នៅពេលដែលលោកបូជាចារ្យនៅព្រះសហគមន៍របស់ខ្ញុំថ្វាយអភិបូជា ខ្ញុំមើលទៅគាត់ពិតជាអស្ចារ្យមែនទែន។ ពេលត្រឡប់មកផ្ទះវិញ ខ្ញុំតែងតែយកតុ និងចានមកលេងធ្វើត្រាប់តាមលោកបូជាចារ្យដដែលៗ។»
ការលេងសើចកាលពីកុមារភាព បានប្រែក្លាយទៅជា "ការត្រាស់ហៅ" ដ៏ពិតប្រាកដមួយ នៅពេលវ័យកាន់តែចម្រើនឡើង រហូតដល់ពេលមួយ យុវ័នដែលជាកូនពៅក្នុងគ្រួសារត្រូវប្រឈមមុខនឹងការសម្រេចចិត្តដ៏ធំក្នុងជីវិត។ ភាពក្លាហានក៏បានកើតមានឡើង ដែលបណ្ដាលឲ្យលោកហ៊ាន ប្រាប់ឪពុកម្តាយពីបំណងប្រាថ្នាចង់ចូលរៀននៅទេវវិទ្យាល័យដើម្បីបួសជាបូជាចារ្យ។ ការណ៍នេះ មិនបានបង្អាក់ដំណើរលោកទេ តែប្រែជាអំណរសប្បាយសម្រាប់ក្រុមគ្រួសារសាមញ្ញមួយនេះទៅវិញ ហើយការគាំទ្រដ៏កក់ក្តៅក៏បានលេចរូបរាងឡើង។
«ឪពុកម្តាយខ្ញុំសប្បាយចិត្តខ្លាំងណាស់! ជាពិសេសលោកឪពុកខ្ញុំ ព្រោះកាលពីក្មេងគាត់ និងពូរបស់ខ្ញុំក៏ធ្លាប់រៀននៅទេវវិទ្យាល័យដែរ។» លោកបូជាចារ្យវ៉ុន បញ្ជាក់ថា លោកតារបស់គាត់ ក៏មានបំណងប្រាថ្នាចង់ឃើញកូនចៅម្នាក់បួសជាបូជាចារ្យ ឬបព្វជិតាដែរ។ ដូច្នេះ ការសម្រេចចិត្តចូលរៀននេះ ពួកគាត់គាំទ្រ និងសប្បាយរីករាយបំផុត។
ទោះជាយ៉ាងណា ផ្លូវជីវិតអ្នកបួសមិនមែនស្រួលទាំងស្រុងនោះទេ។ នៅឆ្នាំទី២នៃការសិក្សានៅទេវវិទ្យាល័យ ក្នុងវ័យ ២៦ឆ្នាំ ដំណឹងដ៏ក្រៀមក្រំមួយបានធ្វើឲ្យលោកឈឺចាប់ គឺការបាត់បង់លោកយាយជាទីស្រឡាញ់។ ប៉ុន្តែវាមិនបានបង្អាក់ស្មារតី និងចិត្តមុះមុតដែលចង់បម្រើព្រះជាម្ចាស់តាមផ្លូវអ្នកបួសរបស់លោកឡើយ។ លោកបានពោលថា «ក្រោយពេលលោកយាយស្លាប់ទៅ ពេលដែលខ្ញុំមានទុក្ខលំបាក ឬជួបបញ្ហា ខ្ញុំតែងតែអធិដ្ឋានទៅកាន់លោកយាយ។ ខ្ញុំជឿជាក់ថា លោកយាយនៅជិតព្រះជាម្ចាស់ ហើយកំពុងជួយទូលអង្វរសម្រាប់ការត្រាស់ហៅរបស់ខ្ញុំ។»
ការសំខាន់សម្រាប់លោក គឺលោកតែងរិះរករបៀបរស់នៅសមរម្យដើម្បីដើរតាមព្រះយេស៊ូ។ លោកប្រាប់ថា «ព្រះអង្គមានឋានៈខ្ពស់បំផុត ប៉ុន្តែទ្រង់យាងមកក្នុងលោកដោយទទួលយករូបកាយជាមនុស្សទន់ខ្សោយ និងលះបង់គ្រប់យ៉ាង។ ខ្ញុំចង់ដើរតាមគំរូនេះ ហើយនោះហើយជាមូលហេតុដែលខ្ញុំជ្រើសរើសជីវិតជា "បូជាចារ្យសាសនទូត"។»
និស្សិតទេវវិទ្យាល័យ វ័យក្មេង បានមកដល់ប្រទេសកម្ពុជាលើកដំបូងក្នុងឆ្នាំ២០០៩។ ក្នុងនាមជាអ្នកសិក្សាឈ្វេងយល់រយៈពេល៣ខែ ក្នុងភូមិភាគកំពង់ចាម លោកបានរៀនអំពីរបៀបរស់នៅ និងវប្បធម៌ខ្មែរ។ ក្រោយពីទទួលបានអគ្គសញ្ញាជាបូជាចារ្យ ក្នុងឆ្នាំ២០១៥ និងបានទៅបន្តការសិក្សាផ្នែកតុលាការព្រះសហគមន៍នៅប្រទេសអ៊ីតាលីរយៈពេល៥ឆ្នាំ លោកក៏បានស្នើសុំមកបំពេញបេសកកម្មនៅប្រទេសកម្ពុជា។
«ពេលខ្ញុំនិយាយជាមួយប្រធានក្រុម ខ្ញុំប្រាប់ថា ខ្ញុំបានរៀនចប់៥ឆ្នាំហើយ ដូចនេះខ្ញុំសូមជ្រើសរើសប្រទេសកម្ពុជា! សូមជូនខ្ញុំមកប្រទេសកម្ពុជាវិញចុះ។» លោកវ៉ុន បញ្ជាក់។
ក្នុងឆ្នាំ២០១៩ គឺជាការវិលត្រឡប់មកវិញដោយក្តីស្រឡាញ់ ហើយជាពេលវេលាតស៊ូរៀនភាសាខ្មែរ និងសិក្សាបន្ថែមអំពីជីវិតរបស់ប្រជាជនរបស់ព្រះជាម្ចាស់នៅលើដីកម្ពុជា ទាំងនៅរាជធានីភ្នំពេញ និងមណ្ឌលសកម្មភាពតាកែវ ហើយពេលនេះលោកកំពុងបំពេញតួនាទីជាបូជាចារ្យជំនួយនៅមណ្ឌលសកម្មភាពភ្នំពេញខាងជើង។ លោកបូជាចារ្យ វ៉ុន បានរកឃើញអត្ថន័យដ៏ជ្រាលជ្រៅបំផុតនៃជីវិតបូជាចារ្យរបស់លោក។
ការបម្រើរបស់លោកក្នុងប្រទេសកម្ពុជា គឺត្រូវរៀនសូត្រពីប្រជាជន ទោះលោកមកពីប្រទេសដែលអភិវឌ្ឍន៍និងជឿនលឿនក៏ដោយ។ លោកប្រាប់ថា «ខ្ញុំរស់នៅនិងរីកចម្រើនក្នុងប្រទេសកូរ៉េ ខ្ញុំមានវប្បធម៌ខុសគ្នានិងគំនិតខុសគ្នា ប៉ុន្តែដើម្បីជួបគ្រីស្តបរិស័ទនៅស្រុកយើង ខ្មែរយើង ខ្ញុំក៏លះបង់គំនិតក្នុងវប្បធម៌ ឪពុកម្តាយ ដើម្បីដើរតាមព្រះយេស៊ូ»។
ពេលប្រារព្ធពិធីអគ្គសញ្ញា និងថ្វាយអភិបូជាឱ្យគ្រីស្តបរស័ទ នោះហើយជាអំណសប្បាយខ្លាំងសម្រាប់រូបលោក។ លោកបន្ថែមទៀតថា «បើកូនៗ (គ្រីស្តបរិស័ទ) សប្បាយចិត្ត ខ្ញុំក៏សប្បាយចិត្តជាមួយពួកគាត់ដែរ។ បើពួកគាត់មានទុក្ខលំបាក ខ្ញុំក៏ឈឺចាប់និងព្រួយបារម្ភជាមួយពួកគាត់ដែរ។ សម្រាប់ខ្ញុំ... ខ្ញុំមិនត្រឹមតែជាបូជាចារ្យទេ ខ្ញុំគឺជា "ឪពុក" របស់ពួកគាត់។ សុភមង្គលរបស់ខ្ញុំ គឺឃើញគ្រីស្តបរិស័ទមានក្តីសុខ។»
លោកបូជាចារ្យ វ៉ុន ជុងហ្យុក ជាក្រុមគ្រួសារអ្នកបួស សាសនទូតមកពីប្រទេសកូរ៉េ បានបញ្ជាក់ថា សម្រាប់ជីវិតនៃការត្រាស់ហៅ លោកបូជាចារ្យអង្គនេះ ប្រាប់ថា ជីវិតគឺមិនងាយស្រួលទេ តែប្រសិនបើយើងស្វែងរកអំណរសប្បាយនៅក្នុងទុក្ខព្រួយរបស់យើងគឺយើងនឹងមានសុភមង្គល។ លោកបានជំរុញឲ្យយុវ័ន យុវតីទាំងឡាយដែលមានចិត្តចង់បួសជាបូជាចារ្យ បព្វជិត-ជិតា មានសេចក្តីក្លាហាន។
លោកបូជាចារ្យ វ៉ុន៖ «ចំពោះយុវជនយុវនារីដែលកំពុងគិតអំពីការត្រាស់ហៅក្នុងជីវិត ខ្ញុំសូមឱ្យកូនៗក្លាយជាមនុស្ស ដឹងគុណ—ដឹងគុណដល់ព្រះជាម្ចាស់ និងដឹងគុណដល់អ្នកជិតខាង។ នេះហើយគឺជាគុណធម៌ដ៏សំខាន់បំផុតក្នុងជីវិតរបស់យើងគ្រប់គ្នា។»
ដោយ វ៉ាន់ សម្បត្តិ
